(ភ្នំពេញ)៖ គណបក្សឯកភាពជាតិខ្មែរ ដែលមានលោក អ៊ុន ជីម ជាប្រធាន បានចេញសេចក្តីអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យអញ្ជើញទៅចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា។

សេចក្តីអំពាវនាវនេះ បានចេញឡើងក្រោយពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានអំពាវនាវដល់បណ្តាគណបក្សនយោបាយ ឲ្យបំផុសចលនាដល់ប្រជាជនឱ្យទៅចុះឈ្មោះបោះឆ្នោត។

តាមសេចក្តីអំពាវនាវ ដែលបណ្តាញ Fresh News ទទួលបាន គឺបញ្ជាក់យ៉ាងដូច្នេះថា «គណបក្សឯកភាពជាតិខ្មែរ សូមធ្វើការអំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរទូទាំងប្រទេស ដែលមានអាយុពី១៨ឆ្នាំឡើង សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅតាមឃុំសង្កាត់របស់ខ្លួនរៀងៗខ្លួន ចាប់ពីថ្ងៃទី២០ ខែតុលាឆ្នាំ២០២២ រហូតដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២»

គណបក្សឯកភាពជាតិខ្មែរ បានឲ្យដឹងទៀតថា «ការចុះឈ្មោះបោះឆ្នោត គឺជាការទទួលបាននូវសិទ្ធិបោះឆ្នោតដើម្បីជ្រើសរើសមេដឹកនាំរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញក្នុងជំពូក៣ ត្រង់មាត្រាទី៣៤(ថ្មី)។ ការមិនទៅចុះឈ្មោះបោះឆ្នោត គឺជាការបោះបង់សិទ្ធិ និងបោះបង់កាតព្វកិច្ចរបស់ខ្លួនដោយស្វ័យប្រវត្តិ ក្នុងការជ្រើសរើសមេដឹកនាំរបស់ខ្លួន។ អាស្រ័យហេតុនេះក្នុងនាមជាពលរដ្ឋល្អ យើងត្រូវតែបំពេញនូវកាតព្វកិច្ចរបស់ខ្លួន ដើម្បីមានសិទ្ធិក្នុងការជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត»

បើតាមគណបក្សឯកភាពជាតិខ្មែរ, អ្នកដែលត្រូវចុះឈ្មោះគឺ៖ អ្នកមានអាយុ១៨ ឆ្នាំឡើងទៅ, អ្នកមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុន, អ្នកផ្លាស់ប្តូរទីលំនៅ, អ្នកកែតម្រូវឈ្មោះ និងកែតម្រូវថ្ងៃខែឆ្នាំកំណើត។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ មន្រ្តីអត្រានុកូលដ្ឋាននៅតាមមូលដ្ឋាននានា ឱ្យជួយសម្រួលឯកសារសម្រាប់ការបោះឆ្នោត ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរៀងៗខ្លួន ឱ្យទាន់ពេលវេលា ខណៈពេលវេលានៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ជិតចូលមកដល់។

ក្នុងឱកាសដែលសម្តេច អញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោបានជំរុញឱ្យមន្ត្រីអត្រានុកូលដ្ឋាន ជួយធ្វើការពន្លឿនការបញ្ជាក់អត្តសញ្ញាណបណ្ណ ដើម្បីឱ្យពលរដ្ឋបានចុះឈ្មោះបោះឆ្នោត ឬផ្ទេរពីកន្លែងមួយទៅកន្លែងមួយ ដើម្បីឱ្យពលរដ្ឋបានចុះឈ្មោះបោះឆ្នោតទាន់ពេលវេលា។

ក្រៅពីអំពាវនាវចំពោះមន្ត្រីអត្រានុកូលដ្ឋាន សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់គណបក្សនយោបាយទាំងអស់ដែលចូលរួបោះឆ្នោត អំពាវនាវដល់អ្នកគាំទ្រ និងប្រជាពលរដ្ឋខ្លួនបន្ថែមទៀត ឱ្យចូលរួមបោះឆ្នោតជ្រើសរើសគណបក្សនយោបាយ ដែលខ្លួនពេញចិត្ត ក្នុងការបោះឆ្នោតខាងមុខនេះ។

សូមបញ្ជាក់ផងដែរថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសអំពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ សម្រាប់ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ឆ្នាំ២០២៣ រយៈពេល៥០ថ្ងៃ ដែលចាប់ផ្តើមនៅថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ នៅតាមបណ្តាឃុំ-សង្កាត់ ទូទាំងប្រទេស។ ដោយឡែក ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នឹងធ្វើឡើងនៅអាទិត្យ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕