(ហាណូយ)៖ បញ្ហានៃសត្វត្រីជាច្រើនក្បាល ងាប់តាមបណ្តោយឆ្នេរខេត្តភាគកណ្តាលប្រទេស វៀតណាម នៅរយៈពេលជាងមួយខែមកនេះ មិនទាន់ត្រូវបានដោះស្រាយប្រកបដោយប្រសិទ្ធភាព ផង ឥឡូវអាជ្ញាធរកំពុងជួបប្រទះបញ្ហាមួយទៀត គឺប្រជាជនជាច្រើនបានធ្លាក់ខ្លួនឈឺដោយសារតែ បរិភោគត្រីពុលងាប់ទាំងនោះ។ នេះបើតាមការចេញផ្សាយ ពីសារព័ត៌មានវៀតណាម nytimes នៅថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០១៦។
ប្រជាជនវៀតណាមមួយរូបបានផ្តល់បទសម្ភាសន៍នៅភូមិ Nhan Trach ជាប់ឆ្នេរសមុទ្រភាគកណ្តាល ប្រទេសវៀតណាមលោក Phan Thi Phi វ័យ ៦៥ឆ្នាំឲ្យដឹងថា «ពួកយើងឃ្លានណាស់ បានជាហូបត្រីងាប់ទាំងនោះ។ ប្រសិនបើយើងដឹងថានរណា ជាអ្នកដែលបញ្ចេញធាតុពុលចូលទៅក្នុង សមុទ្រនោះ យើងនឹងសម្លាប់ពួកគេចោលតែម្តង»។ ប្រជាជនក្នុងភូមិជាច្រើន បានធ្លាក់ខ្លួនឈឺ ទៅហើយ ដោយសារតែបានបរិភោគត្រីពុល ងាប់នៅតាមបណ្តោយឆ្នេរ ដូចលោក Phan ដែរ។
គួរបញ្ជាក់ថា អាជ្ញាធរវៀតណាមនៅតំបន់ខាងលើនេះ ក៏ធ្លាប់បានណែនាំប្រជាជនទាំងអស់ មិនឲ្យ បរិភោគត្រីងាប់ផងដែរ ប៉ុន្តែដោយសារភាពស្រេកឃ្លាន ប្រជាជនមួយចំនួនបានសម្រេចបរិភោគត្រី ដែលងាប់នោះ ទើបបណ្តាលឲ្យធ្លាក់ខ្លួនឈឺតែម្តង។ បច្ចុប្បន្នមូលហេតុ នៃការបំពុលសមុទ្រ មិនទាន់ ត្រូវបានរកឃើញនោះទេ ដោយគេអះអាងថាក្រុមបច្ចេកទេសកំពុងបំពេញការងារនេះ៕