(ភ្នំពេញ)៖ គណៈមេធាវីកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ បានរៀបចំពិធីប្រកាសចូលកាន់តំណែងរបស់លោក លី ច័ន្ទតុលា ជាប្រធានគណៈមេធាវី អាណត្តិទី១៤ នៅក្នុងទីស្នាក់ការគណៈមេធាវី ក្រោយលោកទើបត្រូវបានបោះឆ្នោតជ្រើសតាំងឲ្យកាន់តំណែងនេះសាជាថ្មី។

ពិធីនេះត្រូវបានធ្វើឡើងដោយមានការចូលរួមពីសមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី, អគ្គលេខាធិការ, អគ្គលេខាធិការរង, ប្រធាននាយកដ្ឋាន, នាយកមជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី, សហភាតា និងបុគ្គលិកទាំងអស់របស់គណៈមេធាវី ព្រមទាំងសិស្សមេធាវីជំនាន់ទី១៨ ជាច្រើនរូបផងដែរ។

លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា អាណត្តិទី១៣ បានបន្តជាប់ឆ្នោតជាប្រធានគណៈមេធាវីកម្ពុជា អាណត្តិទី១៤ ក្រោយការបោះឆ្នោតត្រូវបានធ្វើឡើង នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ចាប់ពីម៉ោងប្រមាណ ៩៖៣០ព្រឹក ដល់ម៉ោងប្រមាណ ១២៖៣០នាទីថ្ងៃត្រង់។ ក្រោយការបិទការរាប់សន្លឹកឆ្នោតទៅឃើញថា លោក លី ច័ន្ទតុលា ទទួលបានសំឡេងឆ្នោតសរុបដ៏ច្រើនលើសលប់រហូតដល់ទៅ ២០១៦ ឬស្មើនឹង ៩៨.៥៨% ។

លោក លី ច័ន្ទតុលា បានចាត់ទុកថា លទ្ធផលនៃការបោះឆ្នោតគាំទ្រលោកដ៏ច្រើននេះ បានបង្ហាញឱ្យឃើញថា សហភាតា បានផ្តល់នូវការជឿជាក់ និងទុកចិត្តលើការដឹកនាំគណៈមេធាវីក្នុងអាណត្តិទី១ របស់លោក។ ប្រធានគណៈមេធាវីមានអាណត្តិ ២ឆ្នាំ ហើយលោក លី ច័ន្ទតុលា បានក្លាយជាប្រធានគណៈមេធាវី នៅឆ្នាំ២០២១ ខណៈឆ្នាំ២០២២នេះ ជាឆ្នាំទី២ នៃអាណត្តិទី១ របស់លោក។

សម្រាប់អាណត្តិទី២ របស់លោក លី ច័ន្ទតុលា ដើម្បីបន្តនិរន្តរភាពនៃវឌ្ឍនភាពការងាររបស់គណៈមេធាវីឱ្យកាន់តែប្រសើរ និងបន្តលើកកម្ពស់ឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី លោកស្នើសូមកិច្ចសហការគាំទ្រដោយសកម្មពីសមាជិក សមាជិកាក្រុមប្រឹក្សាគណៈមេធាវីលើទិសដៅការងារអាទិភាពមួយចំនួន ១៣ចំណុច ដូចតទៅ៖

* ១៖ បន្តអនុវត្តតាមគោលនយោបាយដឹកនាំនិងបេសកកម្មរបស់គណៈមេធាវី ដែលបានដាក់ចេញ ដើម្បីសម្រេចបានចក្ខុវិស័យ «រួមគ្នាដើម្បីឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី»។

* ២៖ បន្តរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលក្នុងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងតុលាការ។

* ៣៖ បន្តពង្រឹងការអនុវត្តច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ក្រមសីលធម៌ បទបញ្ជាផ្ទៃក្នុង និងសេចក្តីសម្រេចនានារបស់គណៈមេធាវីឱ្យមានប្រសិទ្ធភាពខ្ពស់។

* ៤៖ បន្តពិនិត្យនិងពិភាក្សាលើច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ដើម្បីធ្វើវិសោធនកម្មឱ្យស្របតាមបច្ចុប្បន្នភាពនៃសង្គមនិងផលប្រយោជន៍នៃវិជ្ជាជីវៈមេធាវី។

* ៥៖ បន្តពិនិត្យនិងការពារមេធាវី នៅក្នុងការប្រកបវិជ្ជាជីវៈស្របតាមច្បាប់ជាធរមាន។

* ៦៖ បន្តពិនិត្យ តាមដាន និងមានវិធានការម៉ឺងម៉ាត់ចំពោះមេធាវីក្នុងការអនុវត្តវិជ្ជាជីវៈ ដែលមិនគោរពតាមច្បាប់និងវិធានរបស់គណៈមេធាវី និងសិក្សាឡើងវិញអំពីយន្តការដាក់ទណ្ឌកម្មវិន័យរបស់ក្រុមប្រឹក្សាគណៈមេធាវី។

* ៧៖ បន្តកិច្ចពិភាក្សានិងដោះស្រាយបញ្ហានៃការអនុវត្តសិទ្ធិរបស់មេធាវី នៅដំណាក់កាលនគរបាលយុត្តិធម៌។

* ៨៖ បន្តចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនដែលប្រកបវិជ្ជាជីវៈមេធាវីខុសច្បាប់។

* ៩៖ បន្តពិនិត្យ សម្រេច និងរៀបចំយន្តការ ដើម្បីអនុវត្តសេចក្តីសម្រេចស្តីពីគ្រឿងកិត្តិយសគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ផ្តល់ជូនមេធាវីដែលមានស្នាដៃលេចធ្លោ នៅក្នុងការជួយដល់គណៈមេធាវី វិជ្ជាជីវៈមេធាវី និងកិច្ចការយុត្តិធម៌សង្គម។

* ១០៖ បន្តពង្រឹងកិច្ចការពារក្តីជូនជនក្រីក្រ និងការងារប្រតិភូគណៈមេធាវីនៅទូទាំងប្រទេស និងអនុវត្តគោលនយោបាយលេខ០៩៨/សសគម/២១ ចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការពិគ្រោះយោបល់និងការពារក្តីជូនជនក្រីក្រដោយឥតគិតកម្រៃ។

* ១១៖ បន្តផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងនិងការទទួលស្គាល់តួនាទីរបស់មេធាវី ក្នុងសង្គម ទាំងលើឆាកជាតិនិងអន្តរជាតិ រួមទាំងការអនុវត្តគម្រោងមេធាវីចុះដល់មូលដ្ឋាន

* ១២៖ បន្តពង្រឹងគុណភាព សមត្ថភាព និងជំនាញដល់មេធាវី តាមរយៈការបណ្តុះបណ្តាលជាប្រចាំ សិក្ខាសាលា ទស្សនកិច្ចសិក្សា ទាំងក្នុងនិងក្រៅប្រទេស ដើម្បីឆ្លើយតបនឹងការវិវឌ្ឍសង្គម សេដ្ឋកិច្ច និងចរន្តនៃសាកលភាវូបនីយកម្ម។

* ១៣៖ បន្តពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជាតិ និងអន្តរជាតិ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងវិជ្ជាជីវៈមេធាវីឱ្យបានកាន់តែប្រសើរឡើង។
​​​​​
បើតាមលោក លី ច័ន្ទតុលា គណៈមេធាវីនៅមានកិច្ចការច្រើនដែលត្រូវធ្វើ ដើម្បីសម្រេចបាននូវចក្ចុវិស័យ «រួមគ្នាដើម្បីឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី»។ ពាក្យ «រួមគ្នាដើម្បីឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី» ត្រូវបានប្រើប្រាស់និងទទួលស្គាល់យ៉ាងទូលំទូលាយពីសំណាក់សហភាតា ពីសំណាក់ចៅក្រមនិងព្រះរាជអាជ្ញា ជាពិសេសសូម្បីតែ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានផ្តល់នូវគុណតម្លៃនៃពាក្យនេះដែរ៕