(ភ្នំពេញ)៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានស្នើសុំឲ្យប្រជាពលរដ្ឋ អញ្ជើញទៅទំនាក់ទំនងមន្ត្រីគ្រប់ការិយាល័យជំនាញទាំងអស់ នៅតាមការិយាល័យច្រកចេញចូលតែមួយទាំងខណ្ឌ និងនៅសាលារាជធានីភ្នំពេញ ដើម្បីទទួលបានសេវាដោយផ្ទាល់ សូមមេត្តា កុំពឹងពាក់ លើអ្នករត់ការជាដាច់ខាត។
លោកអភិបាលរងរាជធានី បានលើកឡើងថា ដើម្បីឲ្យការបំរើសេវាសាធារណៈដល់ប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព គឺរដ្ឋបាលខណ្ឌ និងអាជ្ញាធរមូលដ្ឋាន ត្រូវនៅកៀកកិតជាមួយគាត់ ដោយបន្តធ្វើឲ្យបានទូលំទូលាយ និងប្រសិទ្ធភាព ការងារធ្វើឲ្យបានស៊ីជម្រៅ ដែលពលរដ្ឋចង់បាន ដើម្បីបំរើនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ដើម្បីឲ្យប្រជាជនទទួលបានទំនុកចិត្ត និងការទទួលបាននូវសុខសុវត្ថិភាពក្នុងការរស់នៅ។
ការលើកស្នើរបស់លោក កើត ឆែ បែបនេះនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលមានបងប្អូនប្រជាពលរដ្ឋ បានលើកឡើងជាសំណើរ និងសំណូមពរពាក់ព័ន្ធការដ្ឋានសំណង់មួយកន្លែង បានរំខានដល់ការរស់នៅរបស់ពួកគាត់ និងស្នើសុំឲ្យស្ថាបនាផ្លូវលូ ផ្លូវ ភ្លើងបំភ្លឺសាធារណៈផងដែរ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការស្នើសុំធ្វើឲ្យភូមិសង្កាត់មានសុវត្ថិភាព ការផ្តល់សេវាសាធារណៈផ្សេងៗ និងបញ្ហាបរិស្ថាន មិនត្រូវបានប្រជាពលរដ្ឋលើកឡើង សុំអោយជួយអន្តរាគមន៍នោះទេ។ វេទិកានេះធ្វើឡើង ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក កើត ឆែ អភិបាលរងរាជធានី តំណាងលោក ឃួង ស្រេង អភិបាលរាជធានី។
ក្នុងវេទិកានេះ ប្រជាពលរដ្ឋបានលើកឡើងថា សំណង់អគារដ៏ធំមួយកន្លែង នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានរំខានដល់ការរស់នៅរបស់ពួកគាត់យ៉ាងខ្លាំង រកដេកពួនមិនបាន និងធ្វើឲ្យលំនៅដ្ឋានរបស់ពួកគាត់ ប្រេះជញ្ជាំង និងពិដានថែមទៀត។
ពួកគាត់បញ្ជាក់ថា ការដ្ឋាននេះបានចាប់ផ្តើមការងាររបស់ខ្លួន ពីម៉ោង ៧ព្រឹក រហូតម៉ោង ៥ភ្លឺ ហើយនៅពេលយប់ភាគច្រើន ក្រុមហ៊ុនសំណង់នេះបានបុកគ្រឹះរំខាន់មិនអាចឲ្យពួកគាត់ដេកពួនបានឡើយ។ បន្ថែមពីនេះប្រជាពលរដ្ឋក៏បានស្នើសុំឲ្យស្ថាបនាផ្លូវលូ ផ្លូវ ដាក់អំពូលភ្លើងបំភ្លឺសាធារណៈផងដែរ។
លោក កើត ឆែ បានលើកឡើងថា ចំពោះក្រុមហ៊ុនសំណង់ ដែលរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនេះ រដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានធ្វើការណែនាំរួចហើយឲ្យក្រុមហ៊ុនធ្វើការងារដែលបង្កសំឡេងរំខាននៅពេលថ្ងៃ និងធ្វើការងារដែលមិនរំខាននៅពេលយប់។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី រដ្ឋបានរាជធានីភ្នំពេញ ជំរុញឲ្យអាជ្ញាធរខណ្ឌចំការមន និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យលើការងារនេះបន្ថែមទៀត។ ចំពោះការប្រេះអាគារវិញលោក កើត ឆែ អោយប្រជាពលរដ្ឋ ដាក់ពាក្យបណ្តឹង មកសង្កាត់ ឬខណ្ឌ ដើម្បីមានឯកសារដោះស្រាយសំណងជាមួយក្រុមហ៊ុនសំណង់នេះ។
ពាក់ព័ន្ធការស្នើសុំអោយស្ថាបនាផ្លូវលូ ផ្លូវ ដាក់អំពូលភ្លើងបំភ្លឺសាធារណៈវិញលោក កើត ឆែ បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ ស្នើអោយអាជ្ញាធរខណ្ឌ និងមន្ទីរពាក់ព័ន្ធ ចុះសិក្សាផលប៉ះពាល់សិន បើមិនមានបញ្ហាទេ គឺយើងដោះស្រាយជូនពួកគាត់តែម្តង។
ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ម៉ប់ សារិន បានលើកឡើងទៀតថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ បានផ្តោតសំខាន់ពាក់ព័ន្ធនិងកង្វល់ផ្ទាល់ របស់ប្រជាពលរដ្ឋ ក្នុងនោះ រួមមានបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៏នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរបានដឹងលឺ និងរកយន្តការដោះស្រាយជូន។
វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានធ្វើឡើងក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរនិងសំណើររបស់ប្រជាពលរដ្ឋ។ ប៉ុន្តែក្នុងរយៈពេល២ឆ្នាំជាប់គ្នានេះ ត្រូវបានខកខានដោយការរាតត្បាតជំងឺកូវីដ។ ការរាតត្បាតជំងឺកូវីដនេះ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្លាំងណាស់ ដោយបានស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋរហូតដល់ដុសទី៤ និងទី៥ ដែលបានធ្វើអោយប្រទេសកម្ពុជា ក៏ដូចជារាជធានីភ្នំពេញបើកដំណើរការសេដ្ឋកិច្ចប្រទេសឡើងវិញ៕