(ព្រះវិហារ)៖ បុរសជនជាតិខ្មែរជាអ្នកបើកបររថយន្តម្នាក់ និងជនជាតិចិនប្រុសស្រីចំនួន១៦នាក់ទៀត ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន ខណៈដែលពួកគេបម្រុងធ្វើសកម្មភាពលួចឆ្លងដែនខុសច្បាប់ទៅប្រទេសឡាវ។
ប្រតិបត្តិការឃាត់ខ្លួនជនជាតិចិន ដែលលួចឆ្លងដែនខុសច្បាប់ទៅប្រទេសឡាវនេះ បានធ្វើឡើងនៅវេលាម៉ោង ៩៖៣០នាទីព្រលប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។
សមត្ថកិច្ចប្រចាំការនៅច្រកព្រំដែនកំពង់ស្រឡៅបានថ្លែងថា ដោយមានការសង្ស័យថាមានជនជាតិចិនលួចឆ្លងដែនខុសច្បាប់ កម្លាំងចម្រុះរួមមាន កម្លាំងផ្នែកសឹករងស្រុកឆែប និងកម្លាំងនគរបាលស្រុក បានធ្វើសកម្មភាពល្បាត ក្នុងភូមិសាស្រ្ត ភូមិកំពង់ស្រឡៅ និងបានឃាត់រថយន្តមួយគ្រឿងម៉ាកសាំងយ៉ុងពាក់ស្លាកលេខ សៀមរាប 2A-9240 បើកបរដោយឈ្មោះជា រតនា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ដោយក្នុងរថយន្តមានជនជាតិចិន១៦នាក់ (ស្រី១នាក់) ដែលបម្រុងធ្វើសម្មភាពលួចឆ្លងដែនទៅប្រទេសឡាវ ដែលមានឈ្មោះ បូរី ជាមេខ្លោងជួញដូរជនជាតិចិនខុសច្បាប់។
ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់រថយន្តសាំយ៉ុងខាងលើ១គ្រឿង ប៉ុន្តែមានរថយន្តចំនួន៤គ្រឿងផ្សេងទៀត បានមករារាំងក្នុងប្រតិបត្តិការនេះ រថយន្តទាំង៤គ្រឿងនោះរួមមាន៖
*ទី១៖ រថយន្តសាំយ៉ុង, ទី២៖ រថយន្តកាមរីហើម, ទី៣៖ រថយន្តសីណា, ទី៤៖ រថយន្តកាមរីបាឡែន។ ប៉ុន្តែសមត្ថកិច្ចបានឃាត់រថយន្តបាឡែនមួយគ្រឿង ពាក់ស្លាក់លេខភ្នំពេញ 2AB-7930 រថយន្តទាំង៤គ្រឿងខាងលើ កម្លាំងសមត្ថកិច្ចឃាត់បានមួយគ្រឿង ម៉ាកកាមរីបាឡែនដែលបើកបរដោយឈ្មោះ បូរី រស់នៅក្នុងភូមិកំពង់ស្រឡៅ រួមនឹងទូរស័ព្ទមួយគ្រឿង ក្រោយបង្កភាពឡូឡាក្នុងបន្ទាយស្របពេលកម្លាំងកំពុងតែធ្វើការ។
បច្ចុប្បន្នជនជាតិចិនទាំង១៦នាក់ និងជនជាតិខ្មែរពីនាក់ រួមនឹងវត្ថុតាងត្រូវបានសម្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមច្បាប់៕