(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ មន្រ្តីអត្រានុកូលដ្ឋាននៅតាមមូលដ្ឋាននានា ឱ្យជួយសម្រួលឯកសារសម្រាប់ការបោះឆ្នោត ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរៀងៗខ្លួន ឱ្យទាន់ពេលវេលា ខណៈពេលវេលានៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ជិតចូលមកដល់។

ការអំពាវនាវនេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «បញ្ហាអត្តសញ្ញាណបណ្ណ មិនមែនជាបញ្ហារបស់ គ.ជ.ប នោះទេ ប៉ុន្តែជាបញ្ហារបស់មន្ត្រីអត្រានុកូលដ្ឋាន ដែលខ្ញុំសូមយកឱកាសនេះអំពាវនាវឱ្យមន្ត្រីអត្រានុកូលដ្ឋានទាំងអស់ នៅគ្រប់ទីកន្លែងធ្វើការបញ្ជាក់(ឯកសារ)ណា ដែលអាចយកធ្វើជាការចុះឈ្មោះបោះឆ្នោតបាន គឺជួយសម្រួលសម្រាប់កិច្ចការទាំងនោះ គឺមានក្រៅពីអត្តសញ្ញាណបណ្ណ គឺអាចមានលិខិតបញ្ជាក់អត្តសញ្ញាណផ្សេងទៀតដែលគ.ជ.ប បានណែនាំហើយ»

សម្តេចបានជំរុញឱ្យមន្ត្រីអត្រាមុកូលដ្ឋាន ជួយធ្វើការពន្លឿនការបញ្ជាក់អត្តសញ្ញាណបណ្ណ ដើម្បីឱ្យពលរដ្ឋបានចុះឈ្មោះបោះឆ្នោត ឬផ្ទេរពីកន្លែងមួយទៅកន្លែងមួយ ដើម្បីឱ្យពលរដ្ឋបានចុះឈ្មោះបោះឆ្នោតទាន់ពេលវេលា។

ក្រៅពីអំពាវនាវចំពោះមន្ត្រីអត្រានុកូលដ្ឋាន សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់គណបក្សនយោបាយទាំងអស់ដែលចូលរួបោះឆ្នោត អំពាវនាវដល់អ្នកគាំទ្រ និងប្រជាពលរដ្ឋខ្លួនបន្ថែមទៀត ឱ្យចូលរួមបោះឆ្នោតជ្រើសរើសគណបក្សនយោបាយ ដែលខ្លួនពេញចិត្ត ក្នុងការបោះឆ្នោតខាងមុខនេះ។

សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសអំពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ សម្រាប់ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ឆ្នាំ២០២៣ រយៈពេល៥០ថ្ងៃ ដែលចាប់ផ្តើមនៅថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ នៅតាមបណ្តាឃុំ-សង្កាត់ ទូទាំងប្រទេស។

ដោយឡែក ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នឹងធ្វើឡើងនៅអាទិត្យ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕