(បន្ទាយមានជ័យ)៖ កាលពីល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងលោក អ៊ុំ​ រាត្រី​ អភិបាលខេត្ត បានអញ្ជើញ​កាត់ខ្សែបូ និងទស្សនាការតាំងបង្ហាញផលិតផល «ភូមិមួយផលិតផលមួយ»​ អបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ ឆ្នាំ២០២២​ នៅសួនមានជ័យ។

ការតាំងពិព័រណ៌នេះ ក៏ការមានការចូលរួមទស្សនាកម្សាន្តសប្បាយយ៉ាងច្រើនកុះករ ពីសំណាងពុកម៉ែបងប្អូនប្រជាពលរដ្ឋ យុវជន មកពីជនបទចុងកាត់មាត់ញច ដោយរក្សាបាននូវសន្តិសុខសុវត្ថិភាពយ៉ាងល្អប្រសើរ។

លោក អ៊ុំ រាត្រី បានសម្តែងការអបអរសាទរ និងថ្លែងការអរគុណអាជីវករ ម្ចាស់សិប្បកម្ម ផលិតកម្មដែលបាននាំយកផលិតផលរបស់ខ្លួនដាក់តាំងបង្ហាញ និងលក់ជូនប្រជាពលរដ្ឋក្នុងតម្លៃសមរម្យ។

សូមបញ្ជាក់ថា គណៈកម្មាធិការខេត្តរៀបចំបុណ្យជាតិ-អន្តរជាតិ ខេត្តបន្ទាយមានជ័យ បានសម្រេចលើកពេលរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រខែ និងអកអំបុក ទៅថ្ងៃទី៤-៥ ខែវិច្ឆិកា ឆ្នាំ២០២២វិញ ដោយសារតែស្ថានភាពទឹកជំនន់នៅបន្តជន់លិចនៅក្នុងភូមិសាស្ត្រខេត្ត ជាពិសេសទីតាំងប្រារព្ធពិធីនៅដងស្ទឹងសិរីសោភ័ណ ខាងក្រោយសាកលវិទ្យាល័យជាតិមានជ័យ។

តាមរយៈសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ធ្លាប់ទទួលបាន, រដ្ឋបាលខេត្តក៏បានអំពាវានាវដល់សប្បុរសជនជួយឧបត្ថម្ភគាំទ្រ​ជាអំណោយ ដូចជាថវិកា គ្រឿងឧបភោគ បរិភោគ ឬសម្ភារផ្សេងៗ ដើម្បីជួយទ្រទ្រង់កម្មវិធី ដែលនឹងប្រារព្ធនាពេលខាងមុខឱ្យបានល្អប្រសើរ។

រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានបញ្ជាក់ពីទីតាំង និងលេខទូរស័ព្ទសម្រាប់ទទួលអំណោយតាមរយៈលេខ៖ ០១២ ៦៣៦ ៩៣៦/ ០១២ ៩៦៩ ៦៧៧/ ០១២ ៦៧៣ ០៨៦/ ០៧៨ ២៦៦ ៨៧៧/ ០៧៨ ៨០៩ ៩៧៧៕