(កណ្តាល)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា អាចោរក្បត់ជាតិ សម រង្ស៉ី មានកំហុសនយោបាយធំ២ចំនួន គឺទី១៖ បាននាំមនុស្សរត់ទៅក្រៅស្រុក ដែលធ្វើឱ្យក្បាលម៉ាស៉ីននយោបាយពួកប្រឆាំងដាច់អស់ និងទី២៖ គឺការដកមនុស្សចេញពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
ការលើកបញ្ជាក់ពីកំហុសនយោបាយទាំង២ចំណុចរបស់ទណ្ឌិត សម រង្ស៉ី ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នៅក្នុងឱកាសដែលសម្តេចបានផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន បន្ទាប់ពីសម្តេចបានអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២នេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ឥឡូវខ្ញុំគិតថា អាចោរក្បត់ជាតិនេះ មានកំហុសធំ២ ខ្ញុំគួរតែនិយាយប្រាប់វា ដើម្បីចង្អុលឱ្យវាចេះរៀនសូត្រថ្ងៃក្រោយ កំហុសទី១៖ គឺកំហុសប្រមូលមនុស្សរត់ចេញក្រៅស្រុក បើសិនពេលហ្នឹងគេរំលាយគណបក្ស គេមិនទៅចាប់ចងឯណា ប៉ុន្តែវាប្រមូលមនុស្សរត់ទៅក្រៅស្រុកអស់ អញ្ចឹងក្បាលម៉ាស៉ីនវាដាច់អស់ អញ្ចឹងគួរអរគុណវាទៅដែលវាកសាងកំហុស មិនចូលរួមបោះឆ្នោតដូចខ្មែរក្រហម និងទី២៖ កំហុសទី២ គឺដកមនុស្សចេញពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានន័យថាខ្លួនឯងរត់ចោលជួរ បើសិនពេលហ្នឹងខ្លួនឯងនៅ វានឹងបម្រើឱ្យអ្នកឯងនៅពេលបោះឆ្នោត ប៉ុន្តែអ្នកឯងធ្វើនយោបាយល្លង់ពេក»។
ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានចំអកឱ្យទណ្ឌិត សម រង្ស៉ី ថាការប្រមូលក្បាលម៉ាស៉ីនគណបក្សរត់ចោលស្រុក ព្រោះខ្លាចសមត្ថកិច្ចអនុវត្តច្បាប់មកលើបក្សពួកខ្លួន គឺជាកំហុសយ៉ាងខាងយុទ្ធសាស្ត្រនយោបាយ អំពីការគ្រប់គ្រងកម្លាំងនយោបាយ បើទោះបីតុលាការកំពូលរំលាយគណបក្សរបស់ខ្លួនពាក់ព័ន្ធអំពើក្បត់ជាតិ។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំឮកថា យុទ្ធសាស្ត្រដេកផ្ទះឈ្នះឯង របស់ទណ្ឌិត សម រង្ស៉ី គឺជាយុទ្ធសាស្ត្រដេកងាប់តែម្តង។ ចំណុចនេះ គឺជាកំហុសទី១ របស់ ទណ្ឌិត សម រង្ស៉ី មេឧទ្ទាមក្រៅច្បាប់ ដែលមិនត្រឹមនាំមនុស្សរត់ចោលស្រុកនោះទេ ថែមទាំងអំពាវនាវដល់ប្រជាពលរដ្ឋមិនឱ្យចេញទៅបោះឆ្នោតថែមទៀត។
សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃថា ប្រសិនបើមិនមានការអំពាវនាវតាមរយៈយុទ្ធសាស្ត្រដេកផ្ទះឈ្នះឯង របស់ទណ្ឌិត សម រង្ស៉ី នោះទេ បើទោះបីមិនមានខ្មោចអតីតគណបក្សសង្គ្រោះជាតិ ក៏ថ្នាក់របស់ខ្លួនអាចមានសំលេងមួយចំនួនក្នុងរដ្ឋសភា តាមរយៈការចូលរួមជាមួយ គណបក្សនយោបាយផ្សេងៗទៀត ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោត។
សម្តេចតេជោ ហ៊ុន សែន ក៏បានចោទជាសំណួរទៅប្រជាពលរដ្ឋដែលធ្លាប់គាំទ្រអតីតគណបក្សប្រឆាំងដែលត្រូវបានតុលាការរំលាយចោល សូមមើលឃើញពីចរិកមេដឹកបក្សទន់ខ្សោយខ្វះយុទ្ធសាស្ត្របែបនេះថា តើអាចធ្វើជាមេដឹកនាំយុទ្ធសាស្ត្រនយោបាយ របស់គណបក្សប្រឆាំងរបស់ខ្លួនបានទេ?។
តាមរយៈការដកមនុស្សចេញពី គ.ជ.ប របស់ទណ្ឌិត សម រង្ស៉ី សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នេះគឺជាការធ្វើនយោបាយមួយដ៏ល្លង់ខ្លៅ របស់ទណ្ឌិត សម រង្ស៉ី និងគណបក្សប្រឆាំង ខណៈមន្ត្រី គ.ជ.ប ដែលបានរត់ចេញទាំងនោះមិនមែនត្រូវគេបានបណ្តេញចេញនោះទេ។ ដូច្នេះ ការចាកចេញពីរបស់មន្ត្រីដែលត្រូវបានជ្រើសរើសដោយគណបក្សប្រឆាំង គឺជាការខាតប្រយោជន៍ខ្លួនតែប៉ុណ្ណោះ។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា គណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោត មិនមែនជារបស់គណបក្សណាមួយនោះទេ ព្រោះប្រធាន គ.ជ.ប និងថ្នាក់ដឹកនាំរបស់ គ.ជ.ប ទាំងអស់មិនមែនជាសមាជិករបស់គណបក្សនយោបាយណាមួយនោះឡើយ។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមថា ការដើរខុសយុទ្ធសាស្ត្រនយោបាយចំនួន២ចំណុច របស់ទណ្ឌិត សម រង្ស៉ី ដែលធ្វើជាអ្នកយុទ្ធសាស្ត្រនយោបាយរបស់គណបក្សប្រឆាំង គឺកំហុសដ៏ធំរបស់ទណ្ឌិត សម រង្ស៉ី សម្រាប់កម្លាំងប្រឆាំងនៅកម្ពុជា។ បន្ថែមពីនេះ ការបង្កើតចលនាប្រឆាំងនៅក្រៅប្រទេសបានបង្កឱ្យវិប្បសារីយយ៉ាងធំដល់អ្នកគាំទ្ររបស់ខ្លួននៅក្នុងប្រទេស ដែលជឿតាមល្បិចកលនយោបាយរហូតធ្វើឱ្យអ្នកទាំងនោះត្រូវជាប់ពន្ធនាគារជាដើម។
សម្តេចតេជោ ហ៊ុន សែន ក៏ប្រាប់ទៅទណ្ឌិត សម រង្ស៉ី ថាមិនសាកសមធ្វើជាអ្នកដឹកនាំយុទ្ធសាស្ត្រនយោបាយសម្រាប់បក្សប្រឆាំងនោះទេ បើគ្រាន់តែចំណុចតូចប៉ុណ្ណឹងក៏មិនយល់ ដូច្នេះកំហុសខ្លួនឯងកុំមកបន្ទោសគេ ហើយបន្តល្ងង់បែបនេះតទៅទៀតទៅ៕