(ភ្នំពេញ)៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ បានធ្វើការបង្ហាញមុខក្រុមជនសង្ស័យចំនួន៨នាក់ ប្រដាប់ដោយកាំបិតប៉័ងតោ ដែលដេញកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យដាច់ស្លឹកត្រចៀកម្ខាង នៅចំណុចមុខអគារ អ៊ីដេនហ្គាន ផ្លូវលេខR៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ដោយបានទទួលពាក្យបណ្តឹងរបស់ឈ្មោះ ឡាយ ស្រីពៅ ភេទស្រី អាយុ៥២ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះឈ្មោះ អឿន សៀងហៃ ភេទប្រុស អាយុ១៩ឆ្នាំ ដែលបានប្ដឹងពីក្រុមជនសង្ស័យមួយក្រុម បានបង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកដាវកែច្នៃ កាំបិតប៉័ងតោ និងដំបងគ្រលាស់ ព្រួតគ្នាកាប់ និងវាយលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរចិន)។

លោកវរសេនីយ៍ឯក ប៊ុន សត្យា បានបន្តថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើនៅវេលាម៉ោង ១២៖៣០នាទីរំលងអាធ្រាត្រ ថ្ងៃខែឆ្នាំដដែល កម្លាំងសមត្ថកិច្ចរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អាន ស័រលិញ ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្សវិទ្យាល័យសន្ធរម៉ុក នៅចំណុចផ្ទះសំណាក់ឌីឌី ផ្លូវបេតុង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ហើយក៏បានបន្តទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ឌី បូរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរលក់ដូរ នៅចំណុចផ្លូវលេខ៥៩៨ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកបន្ថែមទៀតថា លុះនៅវេលាម៉ោង១៣៖១០នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានបន្តស្រាវជ្រាវរហូតធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ទៀតបានចំនួន៦នាក់ ដែលក្នុងនោះ រួមមាន៖

* ទី១៖ ឈ្មោះ អាន ស័រលីញ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្សវិទ្យាល័យ សន្ធរម៉ុក ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ
* ទី២៖ ឈ្មោះ ឌី បូរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ១១ ផ្លូវលេខ៣៤៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក
* ទី៣៖ ឈ្មោះ ឌីណា បញ្ញារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្សវិទ្យាល័យ ជា ស៊ីមសាមគ្គី ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ
* ទី៤៖ ឈ្មោះ លឹម ឈាងលី ភេទប្រុស អាយុ១៨ឆ្មាំ មុខរបរសិស្សវិទ្យាល័យ ជម្ពូរវ័ន្ធ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់កន្ទោក ខណ្ឌកំបូល
* ទី៥៖ ឈ្មោះ ហេង ជាដាវីត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ
* ទី៦៖ ឈ្មោះ ឌីណា ហ្គាណាន់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្សវិទ្យាល័យ ជា ស៊ីម សាមគ្គី ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ
* ទី៧៖ ឈ្មោះ ងឿ សេម ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ៧៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ
* ទី៨៖ ឈ្មោះ ហួត សំណាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្សវិទ្យាល័យ អូរបែកក្អម ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ២០០២ សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ។

វត្ថុតាងចាប់ដកហូតរួមមាន៖ ចាប់ដកហូត ដាវកែច្នៃចំនួន១ដើម, កាំបិតប៉័ងតោ ចំនួន២ដើម, ដំបងគ្រលាស់ ចំនួន១ដើម។ ចំណែកឯជនរងគ្រោះមានឈ្មោះ អឿន សៀងហៃ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរចិន (ពេទ្យលោកសង្ឃ)៕