(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ជោគជ័យរបស់ជនក្បត់ជាតិ សម រង្ស៉ី មានតែមួយគត់ គឺមិនបានបង់ឱ្យសម្តេចតេជោ ១អឺរ៉ូ ចំណែកសម្តេច អ្វីដែលចង់បាន គឺនៅក្នុងការបរិយាយរបស់សាលក្រម នៃសាលាដំបូងក្រុងប៉ារីស របស់បារាំង។
សម្តេចតេជោនាយករដ្ឋមន្ត្រី ថ្លែងបែបនេះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត ដោយប្តូរពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២វិញ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងសាលក្រម បញ្ជាក់គេចង់ឲ្យមានសមាមាត្រ ដែលយើងជានាយករដ្ឋមន្ត្រី គេជាប្រជាពលរដ្ឋធម្មតា។ អញ្ចឹងទេ គេប្រើពាក្យអនុគ្រោះលើកលែង។ អញ្ចឹងជោគជ័យអាក្បត់ជាតិនេះ តែមួយគត់ គឺជោគជ័យមិនបានបង់ឲ្យ ហ៊ុន សែន ១អឺរ៉ូ ប៉ុន្តែអ្វីដែល ហ៊ុន សែន ចង់បានមិនមែន ១អឺរ៉ូ នោះទេ គឺអ្វីដែលមានរៀបរាប់នៅក្នុងអង្គហេតុ ពាក់ព័ន្ធនឹងការស្លាប់របស់ ហុក ឡង់ឌី គ្មានពាក់ព័ន្ធនឹង ហ៊ុន សែន ទេ។ នេះជាចំណុចបញ្ជាក់យ៉ាងច្បាស់»។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានឲ្យដឹងថា ក្នុងសាលក្រមរៀបរាប់ថា ទី១៖ ការស្លាប់របស់លោក ហុក ឡង់ឌី មិនពាក់ព័ន្ធនឹងការស្លាប់របស់ សម្តេចតេជោ ហ៊ុន សែន, ទី២៖ សាលក្រមទទួលស្គាល់ថា សម រង្ស៉ី បរិហារកេរ្តិ៍ សម្តេចតេជោ ហ៊ុន សែន និងទី៣៖ ភស្តុតាងដែលដាក់ទៅរបស់ សម រង្ស៉ី មិនច្បាស់លាស់ ដែលសាលក្រមបានរៀបរាប់ដូចជាទះកំផ្លៀង សម រង្ស៉ី គ្មានយុទ្ធសាស្ត្រផ្លូវច្បាប់គ្រប់គ្រាន់។
សម្តេចតេជោ ហ៊ុន សែន បានអះអាងថា នៅក្នុងសាលក្រមបារាំងមាន២ចំណុច ដែលគួរឱ្យចាប់អារម្មណ៍ គឺម្ខាងជារឿងសមាមាត្ររវាងអ្នកមានអំណាច និងប្រជាពលរដ្ឋ និងម្ខាងទៀតទាក់ទងនឹងច្បាប់របស់អឺរ៉ុប។
សូមជម្រាបថា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ តុលាការប្រទេសបារាំងបានសម្រេចថា សម្តេចតេជោ ហ៊ុន សែន មិនស្ថិតនៅពីក្រោយការស្លាប់របស់ លោក ហុក ឡង់ឌី ដូចការចោទប្រកាន់របស់ សម រង្ស៉ី នោះទេ។
លោក គី តិច ប្រធានក្រុមមេធាវីសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ក្រុមមេធាវីសម្តេចតេជោ ហ៊ុន សែន បានចូលរួមជាមួយក្រុមមេធាវីជនជាតិបារាំងតំណាងរបស់ សម្តេចតេជោ ហ៊ុន សែន និងលោក ឌី វីជ្ជា ចូលរួមស្តាប់ប្រកាសសាលក្រមដោយតុលាការទីក្រុងប៉ារីស ប្រទេសបារាំង ពាក់ព័ន្ធនឹងបណ្តឹងរបស់ សម្តេចតេជោ ហ៊ុន សែន ប្តឹងសម រង្ស៉ី និងពាក់ព័ន្ធនឹងបណ្តឹងរបស់ លោក ឌី វិជ្ជា ប្តឹងលោក សម រង្ស៉ី ពីបទបរិហារកេរ្តិ៍។
លោក គី តិច បានបញ្ជាក់បន្ថែមថា «នៅក្នុងបន្ទប់សវនាការនៅព្រឹកមិញនេះ ចៅក្រមបានលើកសំអាងហេតុ និងការយល់ឃើញលើចំណុចមួយ ដែលបញ្ជាក់ថា ការចោទប្រកាន់របស់ សម រង្ស៉ី ទៅលើសម្តេចតេជោ ពាក់ព័ន្ធនឹងការធ្លាក់ឧទ្ធម្ភាចក្រ ដែលមានឯកឧត្តម ហុក ឡង់ឌី ជាជនរងគ្រោះ គឺពុំមានភស្តុតាង ឬការបញ្ជាក់ណាមួយឱ្យបានច្បាស់លាស់ ហើយក៏ពុំអាចចាត់ទុកថា សម្តេចតេជោ ពាក់ព័ន្ធនឹងការកើតហេតុ ឬនៅពីក្រោយនៃការកើតហេតុនេះដែរ»។
លោកមេធាវីបានបន្តថា «សំអាងហេតុរបស់ចៅក្រម ក៏បានលើកទៀតថា សម រង្ស៉ី បានដាក់ឯកសារ ជាសារព័ត៌មានជាឯកសារផ្សេងៗ មានភាពមិនច្បាស់លាស់ ស្រពិចស្រពិលស្មុគស្មាញ ដែលតុលាការពុំអាចទទួលយកមកធ្វើជាសំអាងហេតុឱ្យបានត្រឹមត្រូវ ច្បាស់លាស់នោះទេ។ តុលាការក៏បានលើកសម្អាង ហេតុមួយទៀត បញ្ជាក់ច្បាស់ថា សម រង្ស៉ី ពិតជាបាននិយាយបរិហារកេរ្តិ៍ចំពោះសម្តេចតេជោ ដែលពុំអាចប្រកែកបាន»។
លោកបន្តថា ចំណុចនៃការយល់ឃើញមួយទៀត ដែលចៅក្រមបានលើកឡើង គឺអំពីភាពសមភាពរវាងដើមបណ្តឹង និងជនជាប់ចោទ សម រង្ស៉ី ក្នុងនោះតុលាការយល់ឃើញថា ដើមបណ្តឹងមានអំណាច និងឥទ្ធិពលនៅក្នុងប្រទេស ក្នុងតួនាទីជាថ្នាក់ដឹកនាំរបស់ប្រទេស ឯសមរង្ស៉ី គឺជាបុគ្គលម្នាក់ដែលជាគូបដិបក្ខដែលមានភាពទន់ខ្សោយ ក្នុងអំណាច ហេតុដូច្នេះហើយ ការលើកឡើងរបស់ សម រង្ស៉ី គឺជាការលើកឡើង ដោយមានការធ្វេសប្រហែស ទាំងនេះជាហេតុដែលចៅក្រមបានទាញយកហេតុផលនេះ ដើម្បីអនុគ្រោះទោស ទៅដល់ជនជាប់ចោទ សម រង្ស៉ី។
លោក គី តិច បានបញ្ជាក់បន្ថែមថា បំណងរបស់ដើមបណ្តឹងគឺសម្តេចតេជោ ប្តឹងមកតុលាការទីក្រុងប៉ារីស ចំពោះអំពើដែលជនជាប់ចោទបានធ្វើឡើង គឺដើមបណ្តឹងចង់បាននូវភាពស្អាតស្អំ ចង់បាននូវការពិតដែលតុលាការ នឹងរកឱ្យឃើញ ដើម្បីយុត្តិធម៌របស់ដើមបណ្តឹងដែលបានប្តឹង។ ក្នុងនេះតុលាការបានបញ្ជាក់រួចហើយថា ពាក់ព័ន្ធនឹងគ្រោះធ្លាក់ឧទ្ធម្ភាចក្រ គឺពុំពាក់ព័ន្ធនឹងការនៅពីក្រោយដោយដើមបណ្តឹង សម្តេចតេជោ នោះឡើយ។
លោកបានបន្តថា ការចោទប្រកាន់ដោយគ្មានភស្តុតាងរបស់ជនជាប់ចោទ គឺជាការបរិហារកេរ្តិ៍ចំពោះដើមបណ្តឹង ដែល ចំណុចនេះ តុលាការបានបញ្ជាក់ថា ជាការបរិហារកេរ្តិ៍ដែលមានលក្ខណៈធ្ងន់ធ្ងរ មិនអាចប្រកែកបាន ហេតុដូច្នេះ អ្វីដែលដើមបណ្តឹងប្តឹងសុំ ត្រូវបានតុលាការសម្រេចតាមបណ្តឹង សុំរបស់ដើមបណ្តឹង ហើយនៅចំណុចចុងក្រោយ គឺដែលការសម្រេចឱ្យជនជាប់ចោទរួចផុតពីបទទោស គឺដោយសារភាពអនុគ្រោះរវាងដើមបណ្តឹង និងជនជាប់ចោទ ដែលពាក់ព័ន្ធនឹងសមភាព នៃអំណាចរបស់ដើមបណ្តឹង និងជនជាប់ចោទ។
សូមបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន និង លោក ឌី វិជ្ជា តាមរយៈមេធាវីរាជរដ្ឋាភិបាលកម្ពុជា និងមេធាវីបារាំង បានដាក់ពាក្យបណ្តឹងជាផ្លូវការ២ដាច់ដោយឡែកពីគ្នា ដើម្បីប្តឹងបុគ្គល សម រង្ស៉ី ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈចំពោះបុគ្គល» ទៅកាន់តុលាការទីក្រុងប៉ារីស ប្រទេសបារាំង ។
ការសម្រេចដាក់ពាក្យប្តឹងនេះ បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី បានបង្ហោះបំផ្លើសការពិតដោយចោទប្រកាន់ថា សម្តេចតេជោ ហ៊ុន សែន ជាអ្នកនៅពីក្រោយការស្លាប់របស់ លោក ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិកម្ពុជា។
ពាក់ព័ន្ធនឹងករណីនេះ សម រង្សី ត្រូវបានតុលាការទីក្រុងប៉ារីស ប្រទេសបារាំង បានលើកសម្អាងហេតុដោយបញ្ជាក់ច្បាស់ថា សម រង្ស៉ី ពិតជាបាននិយាយបរិហារកេរ្តិ៍ចំពោះសម្តេចតេជោ ដែលពុំអាចប្រកែកបាន៕