(ភ្នំពេញ)៖ ខ្មាន់កាំភ្លើងមួយក្រុមជិះរថយន្ដពីរគ្រឿង ដកកាំភ្លើងបាញ់រះជាង១០គ្រាប់ ទៅលើអគារ SKY LINE បណ្ដាលឲ្យធ្លុះធ្លាយជាច្រើនកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង២៖៤០នាទីយប់ ឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ នៅតាមបណ្ដោយផ្លូវ១៣៤ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

មុនកើតហេតុ គេឃើញជនសង្ស័យមួយក្រុមជិះរថយន្តទំនើប ចំនួនពីរគ្រឿង ម៉ាក Ford ពណ៌ស និងម៉ាក ALPHARD ពណ៌ខ្មៅ មិនចាំស្លាកលេខ ដោយបើកបរធ្វើដំណើរតាមបណ្ដោយផ្លូវ១៣៤ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានឈប់រថយន្ត ហើយជនសង្ស័យដែលជិះក្នុងរថយន្ត Ford បានដកកាំភ្លើងបាញ់រះជាង១០គ្រាប់ សំដៅទៅលើអគារTHE SKY LINE TOWER បណ្ដាលឲ្យធ្លុះធ្លាយជញ្ជាំងកញ្ចក់ជាច្រើនកន្លែង តែសំណាងល្អមិនបណ្ដាលឲ្យសន្តិសុខពីរនាក់យាមខាងមុខនោះរងរបួសឡើយ។

ប្រភពដដែលបានបន្តទៀតថា ក្រោយពីជនសង្ស័យបានធ្វើសកម្មភាពបាញ់រះជាច្រើនគ្រាប់រួចមក ក៏បានបាចខិតប័ណ្ណជាច្រើនសន្លឹកនៅនឹងកន្លែងកើតហេតុ រួចក៏នាំគ្នាបើករថយន្តខ្លួនបាត់ស្រមោល។ បច្ចុប្បន្នសមត្ថកិច្ចបានពិនិត្យជាក់ស្ដែង នៅទីតាំងកន្លែងកើតហេតុ រួចបានប្រមូលវត្ថុតាងមួយចំនួនទុកប្រគល់ជូន សមត្ថកិច្ចជំនាញដើម្បីធ្វើការសាវជ្រាវបន្ត ស្វែងរកមុខសង្ស័យមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕