(ភ្នំពេញ)៖ លោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា (Jose Ramos-Horta) ប្រធានាធិបតីទីម័រឡេស្ត (ទីម័រខាងកើត) នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ បានដឹកនាំគណៈប្រតិភូចូលគាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះបរមរាជវាំង។
លោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា វ័យ ៧២ឆ្នាំ បានដឹកនាំគណៈប្រតិភូអញ្ជើញដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។ ដំណើរទស្សនកិច្ចធ្វើឡើងតបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ។
លោក ចូហ្សេ រ៉ាមូស អរតា ធ្លាប់បានអញ្ជើញមកប្រទេសកម្ពុជា កាលពីឆ្នាំ២០០៣ ក្នុងតំណែងជារដ្ឋមន្ត្រីការបរទេស និងអញ្ជើញលើកទី២ នៅឆ្នាំ២០១១ ក្នុងតំណែងជាប្រធានាធិបតី។
យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនេះ លោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា ក៏មានកម្មវិធីជំនួបដោយឡែកពីគ្នាជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោកប្រធានាធិបតីទីម័រខាងកើត នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខា លើឯកសារទ្វេភាគីដ៏មានសារសំខាន់ចំនួនពីរ រួមមាន៖ កិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍ និងអនុស្សរណៈនៃការយោគយល់ ស្តីពីពាណិជ្ជកម្មស្រូវរវាងប្រទេសទាំងពីរ។
លោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងកន្រ្តកផ្កានៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
ក្នុងអំឡុងពេលស្នាក់នៅភ្នំពេញ កាលពីល្ងាចថ្ងៃទី១៩ ខែតុលា លោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា ក៏បានទទួលការចូលជួបសម្តែងការគួរសមរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកផងដែរ។
លោកប្រធានាធិបតី ក៏មានកម្មវិធីផ្សេងទៀត ដូចជា អញ្ជើញធ្វើបាឋកថាសាធារណៈនៅសាកលវិទ្យាល័យល្បីៗ នៅរាជធានីភ្នំពេញ, ផ្តល់បទសម្ភាសន៍ដល់ស្ថាប័នព័ត៌មានក្នុងប្រទេស ក៏ដូចជា ថ្លែងសុន្ទរកថានៅក្នុងវេទិកាកម្ពុជា-ទីម័រខាងកើតលើកទី១ ស្តីពីទេសចរណ៍ និងធុរកិច្ច ដើម្បីការអភិវឌ្ឍ និងសន្តិភាពប្រកបដោយចីរភាពផងដែរ។
ក្រសួងការបរទេស បានរំពឹងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា មកកាន់កម្ពុជា ជាការបន្តពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ៕