(កណ្តាល)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ បានថ្លែងអំណរគុណ ដល់ធនាគារជាតិនៃកម្ពុជា គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងអស់ ដែលបានគាំទ្រនូវការអំពាវនាវរបស់សម្តេច ដែលសុំឲ្យជួយអនុគ្រោះដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់។
សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា គ្រឹះស្ថានធនាគារ និងមីក្រូហិញ្ញវត្ថុ បានសម្រេចផ្តល់ការអនុគ្រោះ តាមរយៈការពន្យារសង បន្ថយអត្រាការប្រាក់ រៀបចំឥណទានឡើងវិញ និងមិនការរឹបអូសទ្រព្យសម្បត្តិ ពីប្រជាពលរដ្ឋដែលទទួលផលប៉ះពាល់ ដោយទឹកជំនន់ឡើយ។
ការថ្លែងរបស់សម្តេចតេជោ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ក្រោយអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ឥឡូវនេះជាការល្អដែលខ្ញុំអំពាវនាវថ្ងៃមុន មីក្រូហិរញ្ញវត្ថុទាំងអស់ បានគាំទ្រចំពោះការអំពាវនាវរបស់ខ្ញុំ ពន្យារការសង បន្ថយអត្រាការប្រាក់ ឬរក្សាស្ថេរភាពអត្រាការប្រាក់ និងរៀបចំឥណទានឡើងវិញ ហើយនឹងគ្មានការរឹបអូសទ្រព្យសម្បត្តិ ចំពោះអ្នកដែលទទួលផលប៉ះពាល់។ ចំណុចនេះ ខ្ញុំសុំអរគុណចំពោះធនាគារជាតិនៃកម្ពុជា ក៏ដូចជាបណ្តាមីក្រូហិរញ្ញវត្ថុទាំងអស់ ដែលបានយកយល់ក្នុងសភាពការណ៍ដ៏លំបាកនេះ ហើយខ្ញុំក៏អរគុណដល់អាជ្ញាធរទាំងអស់គ្រប់ទីកន្លែង ដែលបានមើលថែទាំប្រជាពលរដ្ឋ ក្នុងកាលៈទេសៈដ៏លំបាក»។
សូមជម្រាបថា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសេចក្តីថ្លែងការណ៍រួម ដោបញ្ជាក់ថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលជាសមាជិករបស់ខ្លួន នឹងផ្តល់ការយោគយល់ និងអនុគ្រោះចំពោះអតិថិជន ដែលរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់ធ្ងន់ធ្ងរ តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឡើងកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។
ក្នុងស្មារតីនេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលជាសមាជិករបស់សមាគមទាំងពីរ នឹងផ្តល់កិច្ចសហការល្អក្នុងក្របខណ្ឌកិច្ចការពារអតិថិជន និងបន្តការអនុគ្រោះតាមរយៈការរៀបចំឥណទានឡើងវិញ តាមលក្ខខណ្ឌដែលបានកំណត់ដោយធនាគារជាតិនៃកម្ពុជា។
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាសមាជិកសមាគមទាំងពីរ នឹងពិនិត្យលទ្ធភាពផងដែរ ក្នុងការបន្ធូរបន្ថយអត្រាការប្រាក់ និងកម្រៃផ្សេងៗ ពាក់ព័ន្ធនឹងឥណទាន និង/ឬ លើកលែងការផាកពិន័យ និងចៀសវាងការរឹបអូសទ្រព្យធានា របស់អតិថិជនប្រកបដោយការយោគយល់ និងអធ្យាស្រ័យខ្ពស់ ស្របតាមស្ថានភាពជាក់ស្តែងរបស់អតិថិជន៕