(កំពង់ចាម)៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញចុះចែកពូជស្រូវ ជូនប្រជាកសិករដែលមានចំនួន៤៩៧គ្រួសារ ស្មើនឹងពូជស្រូវ៣៣តោន ស្ថិតក្នុងឃុំចំនួន៤ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ពិធីចែកពូជស្រូវនោះ ក៏មានការចូលរួមពី លោក ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។
សូមជម្រាបថា កាលពីម្សិលមិញលោក ឌិត ទីណា បានចុះបំពេញបេសកកម្មនាថ្ងៃទី១ សម្រេចបានពីរគោលដៅ៖ ពេលព្រឹកនៅខេត្តក្រចេះ លោកបានអមដំណើរទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចូលរួមក្នុងពិធីចែកស្រូវពូជចំនួន ២០៥,៣៥តោន ដល់ប្រជាកសិករចំនួន ២៧០២គ្រួសារ មកពីក្រុងក្រចេះ ស្រុកព្រែកប្រសព្វ ស្រុកឆ្លូង ស្រុកចិត្របុរី និងស្រុកសំបូរ ខេត្តក្រចេះ។
ចំណែកពេលរសៀល លោកបានធ្វើដំណើរទៅដល់ខេត្តត្បូងឃ្មុំ និងបានចែកជូនស្រូវពូជចំនួន ៣០ ២៥០គីឡូក្រាម ដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះខូចខាតដំណាំស្រូវដោយទឹកជំនន់ចំនួន ៣៥១គ្រួសារ ដែលត្រូវដាំស្តារឡើងវិញលើផ្ទៃដី ៣៧៨ហិកតា។
បន្ថែមពីលើការចែកស្រូវពូជ លោកបានចុះពិនិត្យផ្ទៃដីដែលបានស្ដារដោយផ្ទាល់ ហើយសង្កេតឃើញថា នៅតំបន់ខ្លះ បងប្អូនកសិករមិនទាន់ស្ដារស្រូវវិញ បានដោយសារផ្ទៃស្រែនៅមានកំប្លោកច្រើនពេក និងបានផ្ដាំផ្ញើដល់បងប្អូនកសិករ អំពីការប្រើប្រាស់ជីលើដីស្រែដែលកំពុងស្ដារ ធ្វើយ៉ាងណាជៀសវាងការប្រើប្រាស់ជីលើសតម្រូវការ ដែលបណ្ដាលឱ្យខាតបង់ថវិកា និងប៉ះពាល់សុខភាពលូតលាស់របស់ដំណាំស្រូវ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា បន្ទាប់ពីចប់ការចែកជូនពូជស្រូវដល់កសិករនៅខេត្តកំពង់ចាម លោកនឹងបន្តទៅខេត្តសៀមរាប និងខេត្តដទៃទៀត៕