(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនឡាវម្នាក់ និងរឹបអូសគ្រឿងញៀនជិត៧គីឡូក្រាម។

ការចុះបង្ក្រាបនេះ អនុវត្តតាមបញ្ជានាយឧត្ដមសេនិយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

ការចុះប្រតិបត្ដិការនេះ ធ្វើឡើងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៣៖៣០នាទី កម្លាំងជំនាញ (ក៤) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ និងមានការចូលរួមស្នងការដ្ឋានពីនគរបាលរាជធានភ្នំពេញ ព្រមទាំងមានការដឹកនាំសម្រលសម្រួលដោយលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ បង្រ្កាប នៅចំណុច មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតក្នុងង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជាលទ្ធផល៖ ឃាត់ជនសង្ស័យម្នាក់ ឈ្មោះ ម័រ ជ័រ (MOUA CHOUA) ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិឡាវ។ វត្ថុតាងចាប់យកបាន មេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ៦គីឡ៩៣០ក្រាម។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី៕