(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស, ជាបេសកជនពិសេសរបស់កម្ពុជាប្រចាំនៅអង្គការសហប្រតិបត្តិការឥស្លាម (OIC) អញ្ជេីញចូលរួមជាវាគ្មិនវេទិកាធុរកិច្ចមុស្លិមសកលលោកឆ្នាំ២០២២ ដែលកិច្ចប្រជុំធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ conference។

វេទិកាធុរកិច្ចមុស្លិមសកលលោក (GMBF) រៀបចំដោយ KSI strategic institute for Asia Pacific និងមានការសហការរៀបចំដោយ Economic club, Global one និង Islamic chamber of commerce, industry and agriculture ដែលវេទិកាអន្តរជាតិនេះ មានរយៈពេលមួយថ្ងៃ ពោលគឺថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

វេទិកាធុរកិច្ចមុស្លិមសកលមានគោលបំណងកសាងភាពជោគជ័យរបស់ប្រទេសមុស្លិមពិភពលោក និងផ្តោតលើការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ ការសន្ទនា និងអាជីវកម្ម កិច្ចសហប្រតិបត្តិការ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញវិញកាន់តែប្រសើរឡើង សម្រាប់វិបុលភាពរួមគ្នា និងការអភិវឌ្ឍប្រកបដោយចីរភាព ក្រោយពីសកលលោកបានរងប៉ះពាល់ដល់សេដ្ឋកិច្ច ដោយសារការរាតត្បាតជំងឺកូវីដ-១៩។

ថ្លែងក្នុងវេទិកាខាងលេី​ លោក​បណ្ឌិត​ អូស្មាន ហាស្សាន់ បានលេីកឡេីងថា គិតជាទំហំពាណិជ្ជកម្មអន្តរជាតិ កម្ពុជាបាននាំចេញដែលមានតម្លៃប្រមាណ ១២.៦ ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ២០១៨ និង១៩.៣ ប៊ីលាននៅឆ្នាំ២០២១ ក្នុងចំណោមនោះ មានតែ១០ភាគរយប៉ុណ្ណោះ ជាទំហំពាណិជ្ជកម្មរបស់កម្ពុជា ជាមួយបណ្ដាប្រទេសឥស្លាម។ ខណៈពេលដែលទំហំពាណិជ្ជកម្មនាំចូលរបស់កម្ពុជា មានតម្លៃប្រមាណ ១៧.៣ ប៊ីលាន ក្នុងឆ្នាំ២០១៨ និង ២៨.៧ ប៊ីលាន ក្នុងឆ្នាំ២០២១។

លោកបណ្ឌិត បានបន្ថែមថា ប្រទេសកម្ពុជាជាប្រទេសមិនមែនកាន់សាសនាឥស្លាម ដែលមានទំនាក់ទំនងល្អ ជាមួយបណ្ដាប្រទេសដែលជាសមាជិករបស់អង្គការសហប្រតិបត្តិការឥស្លាម (OIC) ហើយកម្ពុជាមានបំណងបង្កើនទំហំពាណិជ្ជកម្មរហូតដល់ ២៥% នៃពាណិជ្ជកម្មសរុបរបស់កម្ពុជា។

កម្ពុជាពេលបច្ចុប្បន្ន ក៏មានការបង្កើនផលិតផលិតផលហាឡាលផងដែរ ដែលស្ថាប័នហាឡាលនេះ ស្ថិតនៅក្រោមយុត្តាធិការរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាតាំងពីឆ្នាំ ២០០៨ មកម្ល៉េះ។ ស្ថាប័នហាឡាលកម្ពុជាដឹកនាំត្រួតពិនិត្យ និងវាយតម្លៃដោយ ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាត្រូវបានបណ្តុះបណ្តាល និងទទួលស្គាល់ដោយ JAKIM Malaysia។

បច្ចុប្បន្ននេះ ស្ថាប័នហាឡាលកម្ពុជា បានចេញវិញ្ញាបនប័ត្រដល់ក្រុមហ៊ុនចំនួន ២២៧ភោជនីយដ្ឋានចំនួន ២៧កន្លែងឧស្សាហកម្មចំនួន៩៤ និងផលិតផល​ចំនួន ៨៥២ប្រភេទហើយ​បញ្ជី​កំពុង​មានការកើន​ឡើង។ ទាំងនេះគឺជាផលិតផលដែលកម្ពុជានឹងនាំចេញទៅដល់ ទីផ្សារបណ្ដាប្រទេសឥស្លាម និងមិនមែនឥស្លាមនៅលើពិភពលោក។

លោកបណ្ឌិត ក៏បានលើកឡើងថា រឿងដែលសហគមន៍ឥស្លាមកម្ពុជាត្រូវធ្វើបន្ទាប់ គឺហិរញ្ញប្បទានបែបឥស្លាម។ ប្រសិនបើយើងមានស្ថាប័នហិរញ្ញប្បទានបែបឥស្លាម វានឹងបំពេញខ្សែសង្វាក់នៃការបង្កើនផលិតផលហាឡាលកម្ពុជា។

លោកបានសង្កាត់ធ្ងន់ថា ហិរញ្ញប្បទានបែបឥស្លាម មានតម្រូវការខ្ពស់ដែល​នឹង​ក្លាយ​ជា​កការវិនិយោគពាណិជ្ជកម្មប្រកប​ដោយ​ប្រសិទ្ធភាព​ សម្រាប់​ប្រទេស​ជាតិ និង​សម្រាប់​សហគមន៍​ឥស្លាម​ទាំងមូល។ យើងស្វាគមន៍ភាគីណាមួយដែលមានបំណងចង់វិនិយោគលើការផ្តល់ហិរញ្ញប្បទានបែបឥស្លាមដល់កម្ពុជា ហើយការគាំទ្រពីរដ្ឋាភិបាលអាចទទួលបាននៅពេលណាក៏បាន។

សូមជម្រាបថា យោងតាមរបាយការណ៍របស់សេដ្ឋកិច្ចឥស្លាមសកលលោកឆ្នាំ២០២០ បានឲ្យដឹងថា ប្រជាជនមូស្លីមជាង ១,៩ ប៊ីលាននាក់ បានចំណាយជាង២.០២ ទ្រីលានដុល្លារអាមេរិកលើវិស័យសេដ្ឋកិច្ចចំនួនប្រាំមួយ ដែលនាំមុខដោយអាហារហាឡាល ម៉ូដទាន់សម័យ ប្រព័ន្ធផ្សព្វផ្សាយ និងការធ្វើដំណើរ។ទ្រព្យសកម្មហិរញ្ញវត្ថុឥស្លាម មានប្រមាណ ២.៨៨ ទ្រីលានដុល្លារក្នុងឆ្នាំ២០១៩ ហើយត្រូវបានគេរំពឹងថា ប្រជាជនមូស្លីមនឹងចំណាយប្រាក់ប្រមាណ ២.៤ ទ្រីលានដុល្លារនៅឆ្នាំ២០២៤ខាងមុខ៕