(ស្វាយរៀង)៖ ក្រសួងផែនការរៀចំវគ្គបណ្តុះបណ្តាលស្តីពី «វិធីសាស្រ្តវិភាគ និងចងក្រងសូចនាករ ស្ថិតិអប់រំ ដោយប្រើប្រាស់កម្មវិធី SPSS និងទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកិច្ច» រយៈពេល៤ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ជូនសិក្ខាកាមក្នុងខេត្តស្វាយរៀង ក្រោមវត្តមានពីលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ តំណាងទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ។

វគ្គបណ្តុះបណ្តាលស្តីពី «វិធីសាស្រ្តវិភាគ និងចងក្រងសូចនាករ ស្ថិតិអប់រំ ដោយប្រើប្រាស់កម្មវិធី SPSS និងទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកិច្ច» រយៈពេល៤ថ្ងៃនេះ ក៏មានការចូលរួមពី លោក ថោង សាមាន ប្រធានមន្ទីរផែនការខេត្តស្វាយរៀង, លោក លន់ គឹមលាង អគ្គនាយករងវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ, លោក សំ សារឿន អគ្គនាយករងវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ, លោក គឹម ណេត ប្រធាននាយកដ្ឋានស្ថិតិសង្គមកិច្ច នៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ, លោក ឡិញ ហ៊ាង អនុប្រធាននាយកដ្ឋានស្ថិតិសង្គមកិច្ច នៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ, កញ្ញា ច័ន្ទ លក្ខិណា អនុប្រធានការិយាល័យស្ថិតិអប់រំ យុវជន និងកីឡា នៃនាយកដ្ឋានស្ថិតិសង្គមកិច្ច វិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ។

ឱកាសនោះ លោក លេង ផាលី តំណាងទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ខមន្ត្រីក្រសួងផែនការ បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលដែលមានចរិកលក្ខណៈផ្សាភ្ជាប់ការងារជាក់ស្តែងបែបនេះ នឹងអាចជួយបង្កើននូវការយល់ដឹង និងជួយពង្រឹងសមត្ថភាពបន្ថែមទៀតដល់មន្រ្តីមន្ទីរផែនការខេត្តស្វាយរៀង និងមន្រ្តីរបស់ មន្ទីរជំនាញពាក់ព័ន្ធនៅក្នុងខេត្ត ស្តីពីប្រព័ន្ធចងក្រង ការវិភាគស្ថិតិអប់រំ ការប្រើប្រាស់ទិន្នន័យអង្កេតជាតិ ដែលមន្រ្តីភាគច្រើននៅកម្រិតថ្នាក់ក្រោមជាតិ មានបទពិសោធន៍តិចតួចនៅឡើយចំពោះការយល់ដឹងស៊ីជម្រៅនៅក្នុងផ្នែកនេះ។

លោករដ្ឋលេខាធិការរូបនេះ ក៏បានស្នើដល់សិក្ខាកាមដែលចូលរួមវគ្គបណ្តុះបណ្តាលទាំងអស់ មេត្តាយកចិត្តទុកដាក់ឱ្យបានដល់កម្រិតខ្ពស់ ត្រងត្រាប់ស្តាប់ និងចូលរួមរៀនសូត្រឲ្យបានគ្រប់ៗគ្នា និងឲ្យបានជាប់លាប់ ទៀងទាត់ទៅតាមកម្មវិធី ដែលបានរៀបចំ និងសូមសួរដេញដោលឲ្យបានសកម្ម តាមបទពិសោធន៍ការងារជាក់ស្តែងដែលបានជួបប្រទះជាមួយគ្រូឧទ្ទេសនាម។

លោកបញ្ជាក់បន្ថែមថា «ខ្ញុំសង្ឃឹម និងជឿជាក់ថា វគ្គបណ្ដុះបណ្ដាលដ៏មានអត្ថន័យនេះ នឹងទទួលបានលទ្ធផលល្អប្រសើរ សម្រាប់មន្ត្រីដែលបានទទួលការបង្ហាត់បង្រៀនផ្ទាល់ ពីសំណាក់គ្រូឧទ្ទេសនាមដែលមានបទពិសោធន៍មកពីនាយកដ្ឋានស្ថិតិសង្គមកិច្ច នៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ។ លើសពីនេះទៅទៀត ខ្ញុំក៏សង្ឃឹមយ៉ាងមុតមាំថា ក្រោយពីការចូលរួមវគ្គបណ្តុះបណ្តាលនេះទៅមន្រ្តីទាំងអស់នឹងទទួលបានចំណេះដឹងថ្មីថែមទៀត និងចេះប្រែក្លាយចំណេះដឹងដែលទទួលបាន ឱ្យទៅជាការអនុវត្តជាក់ស្តែង ក្នុងការងារជំនាញដែលខ្លួនកំពុងទទួលខុសត្រូវ ជាពិសេសខិតខំប្រឹងប្រែងពង្រឹង និងអភិវឌ្ឍស្ថិតិអប់រំនៅថ្នាក់ក្រោមជាតិ ឱ្យកាន់តែមានសក្តានុពល សម្រាប់បម្រើជូនដល់អ្នកប្រើប្រាស់គ្រប់ប្រភេទ ជាពិសេសអ្នកប្រើប្រាស់ទិន្នន័យស្ថិតិនៅក្នុងខេត្តស្វាយរៀង»

គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលស្តីពី «វិធីសាស្រ្តវិភាគ និងចងក្រងសូចនាករស្ថិតិអប់រំ ដោយប្រើប្រាស់កម្មវិធី SPSS និងទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកិច្ច» មានគោលបំណងសំខាន់គឺ ដើម្បីពង្រឹងសមត្ថភាពមន្រ្តីពាក់ព័ន្ធការងារវិភាគ និងចងក្រងស្ថិតិអប់រំ តាមរយៈការផ្តល់នូវចំណេះដឹងនៃការប្រើប្រាស់ កម្មវិធី SPSS និងទិន្នន័យអង្កេតថ្នាក់ជាតិជាពិសេសអង្កេតសេដ្ឋកិច្ច សង្គមកិច្ច។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ដោយមានគ្រូឧទ្ទេសនាមសំខាន់ៗ និងមានបទពិសោធន៍ ចំនួន២រូប របស់នាយកដ្ឋានស្ថិតិសង្គមកិច្ច នៃវិទ្យាស្ថានជាតិស្ថិតិក្រសួងផែនការ។

ខ្លឹមសារ នៃវគ្គបណ្ដុះបណ្ដាលនេះគឺផ្តោតចម្បងទៅលើការវិភាគស្ថិតិ និងសូចនាករអប់រំ ដោយបានបែងចែកទៅតាមផ្នែកសំខាន់ៗមួយចំនួនដូចជា៖
១៖ មូលដ្ឋានគ្រឹះនៃការគណនាសូចនាករអក្ខរកម្ម ដែលមានដូចជា អត្រាអក្ខកម្មប្រជាជនអាយុ៦ឆ្នាំឡើង អត្រាអក្ខកម្មប្រជាជនពេញវ័យ(១៥ឆ្នាំឡើង) អត្រាអក្ខកម្មបែងចែកតាមតំបន់ និងតាមក្រុមអាយុ សូចនាករការសិក្សានៅសាលារៀនដែលមានដូចជា សាលារដ្ឋ និងសាលាឯកជនអត្រារៀនបន្ថែមជាលក្ខណៈឯកជន (រៀនក្រៅម៉ោង)
២៖ វិធីសាស្រ្តវិភាគសូចនាករការសិក្សានៅសាលារៀន សូចនាករការទទួលបានការសិក្សាអប់រំ សូចនាករការចំណាយលើការសិក្សាអប់រំ
និង៣៖ ការប្រើប្រាស់កម្មវិធី SPSS សម្រាប់វិភាគទិន្នន័យ អង្កេតសេដ្ឋកិច្ច សង្គមកិច្ច ស៊ីជម្រៅទៅលើម៉ូឌុល ការសិក្សាអប់រំ៕