(ម៉ានីល)៖ មន្ត្រីជំនាញការទូតរបស់ប្រទេសហ្វីលីពីនមួយចំនួន បានអំពាវនាវឲ្យរដ្ឋាភិបាលថ្មីដែល ដឹកនាំដោយប្រធានាធិបតីលោក រ៉ូឌ្រីហ្គោ ឌូធើត (Rodrigo Duterte) ប្រញាប់រៀបចំកិច្ចចរចាទ្វេភាគី ជាមួយរដ្ឋាភិបាលចិន ទៅលើបញ្ហាសមុទ្រចិនខាងត្បូងភ្លាមទៅ ដោយមិនចាំបាច់ត្រូវការវត្តមាន អាមេរិក មកធ្វើជាអាជ្ញាកណ្តាល បែងចែកផលប្រយោជន៍អ្វីនោះឡើយ។ នេះបើតាមការចេញ ផ្សាយមុននេះបន្តិច ដោយទីភ្នាក់ព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០១៦។
ចំពោះការអំពាវនាវខាងលើនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសចិន ចេញសេចក្តីថ្លែងការណ៍ ជាផ្លូវការមួយ កាលពីថ្ងៃពុធ ដោយណែនាំឲ្យប្រទេសហ្វីលីពីនងាកមករកតុពិភាក្សាគ្នា ដោយសន្តិវិធី ដើម្បីធានាឲ្យបាននូវសុខសន្តិភាព និង ផលប្រយោជន៍រួមរវាងប្រទេសទាំងពីរនៅតំបន់សមុទ្រចិន ខាងត្បូង។
លោក Lauro Baja អតីតអនុរដ្ឋមន្ត្រីការបរទេសហ្វីលីពីន ដែលបច្ចុប្បន្នជាអគ្គរដ្ឋទូតប្រចាំអង្គការ សហប្រជាជាតិបានថ្លែងថា «អ្នកមិនអាចដោះស្រាយបញ្ហា ដោយមិនមានការពិភាក្សាគ្នានោះទេ។ អ្វីៗគ្រប់យ៉ាង អាចដោះស្រាយតាមរយៈកិច្ចចរចាគ្នា ហើយយើងគួរតែរិះរកវិធីរួមគ្នាថាតើ ត្រូវចែករំលែកផលប្រយោជន៍ពីដើមឈើ ដែលមានស្រាប់ដូចម្តេច»។
គួរបញ្ជាក់ថាមន្ត្រីទូតរបស់ហ្វីលីពីន បានស្នើឲ្យរដ្ឋាភិបាល គួរគិតតែរឿងពិភាក្សាជាមួយចិនបាន ហើយដោយមិនចាំបាច់អាមេរិកលូកដៃនោះទេ ព្រោះអាមេរិកគ្មានទឹកដី ហើយនឹងផលប្រយោជន៍អ្វី ដែលត្រូវមកទាមទារឲ្យមានការបែកចែក ឬចូលរួមក្នុងជម្លោះនេះឡើយ។ ដូច្នេះសរុបសេចក្តីមក មានតែចិន និងហ្វីលីពីនប៉ុណ្ណោះ ដែលជាតួអង្គត្រូវចូលរួមដោះស្រាយបញ្ហា៕