(ព្រះសីហនុ)៖ នាព្រឹកថ្ងៃពុធទី១៩ ខែតុលា ឆ្នាំ២០២២ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យមើលអាងប្រព្រឹត្តកម្មទឹកកខ្វក់ទី១ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

លោក គួច ចំរើន បានជម្រាបជូនពីសមត្ថភាព នៃអាងប្រព្រឹត្តកម្មទី១ មានសមត្ថភាពផលិតទឹកកខ្វក់បានក្នុងមួយថ្ងៃចំនួន៥២០០ម៉ែត្រគូប ហើយក៏ជាបច្ចេកវិទ្យាចុងក្រោយរបស់ប្រទេសអីស្រាអែល។ ទឹកកខ្វក់ដែលប្រមូលមកពីតាមគេហដ្ឋានប្រជាពលរដ្ឋ ផ្ទះសំណាក់ សណ្ឋាគារមួយផ្នែកដែល នៅជុំវិញអាងប្រព្រឹត្តិកម្មទី១ ដើម្បីធ្វើការបំលែងទៅជាទឹកមួយដែលមានគុណភាពមិនបំពុលបរិស្ថានហូរចូលទៅសមុទ្រ ទឹកដែលបានចម្រោះរួចយើងអាចយកទៅចិញ្ចឹមត្រីក្រឹមបានថែមទៀតផង។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួនបីនៅក្នុងក្រុងព្រះសីហនុ។

បច្ចុប្បន្នអាងប្រព្រឹត្តិកម្មចំនួនពីរ បានដាក់ឱ្យដំណើរការក្នុងនោះ អាងទី១ មានសមត្ថភាពផលិតទឹកកខ្វក់ក្នុងមួយថ្ងៃបានចំនួន ៥២០០ម៉ែត្រគូប អាងទី២ ផលិតទឹកកខ្វក់បាន ៧២០០ម៉ែត្រគូប និងអាងទី៣ កំពុងដំណើការសាងសង់ វាមានសមត្ថភាពផលិតទឹកកខ្វក់បានចំនួន ២០.០០០ ម៉ែត្រគូប៕