(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា នៅរយៈពេល៥ ខែដើមឆ្នាំ២០១៦នេះ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធ បង់ចូលថវិកាជាតិ បានចំនួន ២,៨៣៣,០៥៩.៤៣លានរៀល បើគិតជាដុល្លារប្រមាណ ៧០៨.២៦ លានដុល្លារ។
ការបញ្ជាក់ពីការប្រមូលចំណូលពន្ធនេះ ត្រូវបានប្រកាសឡើងក្នុង កិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែឧសភា ឆ្នាំ២០១៦ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ នៅអគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាពលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ និងមានការចូលរួមពី លោក លោកស្រីអគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ លោកប្រធាន-អនុប្រធាននាយកដ្ឋាន លោកប្រធាន-អនុប្រធានសាខាពន្ធដារខេត្ត-ខណ្ឌទាំងអស់ក្រោម ចំណុះអគ្គនាយកដ្ឋានពន្ធដារ។
លោក គង់ វិបុល បានសំដែងអំណរសាទរ ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការពន្ធដារ គ្រប់ជាន់ថ្នាក់អំពីលទ្ធផលការងារ ប្រមូលចំណូលពន្ធដារ ដែលសម្រេចបានប្រចាំខែឧសភា ឆ្នាំ២០១៦ ព្រមទាំងជំរុញការលើកទឹកចិត្ត ថ្នាក់ដឹកនាំគ្រប់អង្គភាពពន្ធដារ និងមន្រ្តីពន្ធដារទូទាំងប្រទេស ដែលបានខិតខំជំនះ រាល់ការលំបាក និងបញ្ហាប្រឈមនានា ក្នុងការខិតខំអនុវត្តភារកិច្ចប្រមូល ចំណូលពន្ធគ្រប់ប្រភេទ ដែលសម្រេចបានតាមគោលដៅ កំណត់ក្នុងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ បង្កើនការផ្តល់សេវា ដល់អ្នកជាប់ពន្ធឲ្យបានប្រសើរ ផ្តល់ភាពងាយស្រួល ដល់អ្នកជាប់ពន្ធទទួលសេវាងាយស្រួល ឆាប់រហ័សនៅគ្រប់ទីកន្លែង និងអនុវត្តវិធានការនានា សំដៅធ្វើឲ្យបានសម្រេចគោលដៅ ចំណូលឆ្នាំ២០១៦។
អគ្គនាយដ្ឋានពន្ធដារបញ្ជាក់ថា «ក្នុងខែឧសភា ឆ្នាំ២០១៦ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ បានចំនួន ៤៨៥,៩៧៤.២៨ លានរៀល បើគិតជាដុល្លារ ប្រមាណ ១២១.៤៩លានដុល្លារ។ សម្រាប់រយៈពេល ០៥ខែ ឆ្នាំ២០១៦ ចំណូលពន្ធ-អាករសរុបដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន មានចំនួន ២,៨៣៣,០៥៩.៤៣ លានរៀល បើគិតជាដុល្លារប្រមាណ ៧០៨.២៦ លានដុល្លារ ស្មើនឹង ៤៩.៨២ %នៃគោលដៅកំណត់ក្នុងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦។ ប្រសិនបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៥ ឃើញថា ការប្រមូលចំណូលពន្ធ-អាករ គ្រប់ប្រភេទ សម្រាប់រយៈពេល០៥ខែ ឆ្នាំ២០១៦ មានការកើនឡើងចំនួន ៣៩២ ៣០៨.១៣ លានរៀល (ប្រមាណជា ៩៨.០៨លានដុល្លារ) ឬស្មើនឹងអត្រាកំណើន ២១.៦៨ %»។
អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងទៀថា ក្នុងរយៈពេលដូចគ្នានេះដែរ ឃើញថា ក៏មានការកើនឡើងផងដែរ នូវចំណូលពន្ធ-អាករតាមប្រភេទពន្ធ សំខាន់ៗមួយចំនួនដូចជា ពន្ធលើប្រាក់ចំណេញ ២១.៦% ពន្ធលើប្រាក់បៀវត្ស កើនឡើងប្រមាណ ៣២.១% អាករលើតម្លៃបន្ថែមកើនឡើងប្រមាណ ១០.៩% និងអាករពិសេសកើនឡើងប្រមាណ ២០.២%។ ម្យ៉ាងទៀត ចំណូលពន្ធតាមសកម្មភាពអាជីវកម្ម ក៏មានការកើនឡើងស្ទើរតែទាំងអស់ដែរ។
លោក គង់ វិបុល បានវាយតម្លៃខ្ពស់ ដល់គ្រប់អង្គភាពពន្ធដារ ដែលបានប្រឹងប្រែងខិតខំប្រមូលចំណូល មានការកើនឡើងគួរជាទីពេញចិត្ត និងណែនាំបន្ថែម ប្រធានអង្គភាពពន្ធដារ គ្រប់លំដាប់ថ្នាក់ និងមន្រ្តីពន្ធដារទាំងអស់ឲ្យខិតខំពង្រឹង ការអនុវត្តច្បាប់ គោរពវិន័យការងារ និងក្រមសីលធម៌វិជ្ជាជីវៈមន្រ្តីពន្ធដារ ឲ្យបានល្អប្រសើរ តាមរយៈការផ្តល់សេវាអ្នកជាប់ពន្ធ ប្រកបដោយប្រសិទ្ធភាព និងភាពទន់ភ្លន់ តែម៉ឺងម៉ាត់ ដោយគោរពច្បាប់ និងបទប្បញ្ញត្តិជាគោល ធ្វើយ៉ាងណាឲ្យអ្នកជាប់ពន្ធរីករាយ ក្នុងកិច្ចសហការបង់ពន្ធជូនរដ្ឋ និងកិច្ចពង្រឹងរដ្ឋបាលសារពើពន្ធ ដើម្បីការប្រមូលពន្ធឲ្យកាន់តែ ទទួលបានប្រសិទ្ធភាពខ្ពស់ថែមទៀត ដើម្បីឈានទៅសម្រេចបាន តាមផែនការក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦៕