(បន្ទាយមានជ័យ)៖ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីជំនន់ទឺកភ្លៀងបានស្រក, លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានចាត់តាំងលោក អ៊ិន ចន្ថា រដ្ឋលេខាធិការ និងជាប្រធានក្រុមលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ជួប រតនា អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងមន្ត្រីជំនាញ ចុះត្រួតពិន្យ និងវាយតម្លៃផលប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធ ជនបទនៅខេត្តបន្ទាយមានជ័យ។

លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានប្រាប់ថា ទឹកជំនន់ទឹកភ្លៀងបានស្រកប្រមាណ៨០% ប៉ុន្តែការស្រកនេះបណ្តាលឲ្យផ្លូវជនបទនៅខេត្តបន្ទាយមានជ័យ ត្រូវបានជន់លិចចំនួន៦០ខ្សែ ប្រវែង ៦២១,៩៣៦ម៉ែត្រ, ដាច់តួផ្លូវប្រវែង ៣៨,៧៨៥ម៉ែត្រ, ហូរច្រោះជើងទេប្រវែង១៤៣,២០០ម៉ែត្រ និងលូមូល៤កន្លែង។

លោកបន្តថា ផ្លូវទាំង៦០ខ្សែនេះ ស្ថិតក្នុងភូមិសាស្ត្រស្រុកអូរជ្រៅចំនួន៩ខ្សែ, ស្រុកព្រះនេត្រព្រះចំនួន១៨ខ្សែ, ស្រុកមង្គលបូរីចំនួន១១ខ្សែ, ស្រុកភ្នំស្រុកចំនួន៣ខ្សែ, ស្រុកស្វាយចេកចំនួន៣ខ្សែ, ស្រុកថ្មពួកចំនួន៦ខ្សែ, ស្រុកម៉ាឡៃចំនួន៣ខ្សែ, ក្រុងប៉ោយប៉ែតចំនួន១ខ្សែ, ក្រុងសិរីសោភ័ណចំនួន៦ខ្សែ, លិចអណ្តូងស្នប់ចំនួន១៥៦, លិចបង្គន់អនាម័យគ្រួសារចំនួន១៤,៧១៣បង្គន់ និងលិចបង្គន់អនាម័យសាធារណៈចំនួន១០៨បន្ទប់។

លោក អ៊ិន ចន្ថា បានឲ្យដឹងថា ខេត្តបន្ទាយមានជ័យ បានរងគ្រោះទឹកជំនន់រយៈពេលបីឆ្នាំជាប់គ្នា ដែលបណ្តាលឲ្យរងការខូចខាតហេដ្ឋារចនាសម្ព័ន្ធជនបទ ហើយក្រុមការងារក្រសួង និងលេខាធិការដ្ឋានគ្រោះមហន្តរាយ បានចុះពិនិត្យមើលស្ថានភាពជាក់ស្តែង និងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងជំនាញ ដើម្បីជួសជុលកសាងទ្បើងវិញឲ្យពលរដ្ឋធ្វើដំណើរ និងសម្រួលដល់កសិករដឹកកសិផលផ្សេងៗផងដែរ៕