(ព្រះសីហនុ)៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ មន្ទីរធនធានទឹក និងឧតុនិយម ខេត្ដព្រះសីហនុ បានបន្ដជួសជុលថែទាំប្រព័ន្ធធារាសាស្ដ្រទំនប់ការពារទឹកប្រៃព្រៃនប់ សម្រាប់ជួយការពារទឹកប្រៃមិនឱ្យចូលស្រូវស្រែ និងជាប្រព័ន្ធគមនាគមដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ភូមិ ឃុំទៅកាន់ថ្នល់ជាតិលេខ៣ និងលេខ៤។

ក្នុងបទសម្ភាសជាមួយ Fresh News លោក ហេង សោភ័ណរិទ្ធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ដព្រះសីហនុ បានប្រាប់ថា ទំនប់ការពារទឹកព្រៃ (ប៉ូលឌែរ) មិនត្រឹមតែជាទំនប់ប្រព័ន្ធធារាសាស្ត្រសម្រាប់ការពារទឹកប្រៃមិនឱ្យចូលស្រែស្រូវប៉ុណ្ណោះទេ វាថែមទាំងជាផ្លូវប្រព័ន្ធគមនាគមដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងភូមិ មូលដ្ឋាននៃស្រុកព្រៃនប់ទាំងមូល ធ្វើដំណើរដឹកកសិផលទៅកាន់ទីផ្សារ និងការធ្វើដំណើរទៅកាន់ផ្លូវជាតិ បំពេញកិច្ចការងារប្រកបរបររកស៉ីផ្សេងៗ។

ការរៀបចំថែរទាំប្រព័ន្ធធារាសាស្ដ្រទំនប់ការពារទឹកប្រៃព្រៃនប់នេះ គឺត្រូវបានធ្វើឡើងជាប្រចាំវាត្រូវបានដាក់ឈ្មោះជាប៉ូលឌែរ១ ដល់ប៉ូលឌែរ៥ ដែលមានប្រវែង ៩០គីឡូម៉ែត្រ និងស្ដារប្រឡាយជាង ១០០គីឡូម៉ែត្រព្រមទាំងទ្វារស្នាក់បិទបើកទឹក ៣៦កន្លែង៕