(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សារវាងនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានទទួលជួបលោក លី ស៊ាងមីង ទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាលប្រចាំស្ថានទូតចិននៅកម្ពុជា នៅល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានប្តេជ្ញាបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រទេសទាំងពីរ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស វីរិទ្ធ បានជម្រាបជូនភ្ញៀវពីសភាពការណ៍គ្រឿងញៀនក្នុងតំបន់ និងប្រទេសកម្ពុជា ថាឈ្មួញមានកលល្បិចកាន់តែខ្ពស់ជាងមុន ពិសេសសកម្មភាពជនល្មើសប៉ុនប៉ងយកទឹកដីកម្ពុជា ជាកន្លែងផលិតកែច្នៃគ្រឿងញៀន ហើយត្រូវបានសមត្ថកិច្ចកម្ពុជា បង្រ្កាបបានទាន់ពេលវេលាដូចជានៅខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀងជាដើម។
នាយឧត្តមសេនីយ៍ មាស វីរិទ្ធ ក៏បានថ្លែងអំណរគុណដល់ភាគីមិត្តដែកថែបចិន ដែលបានជួយដល់កម្ពុជាក្នុងការងារបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសគ្រឿងញៀន។
ជាការឆ្លើយតបលោក លី ស៊ាងមីង បានថ្លែងអំណរគុណដល់កម្ពុជា ដែលបានផ្តល់កិច្ចសហការយ៉ាងល្អ ហើយភាគីមិត្តចិ នឹងបន្តជួយពង្រឹងពង្រីកនូវកិច្ចសហការវិស័យផ្សេងៗរបស់ចិន សំដៅជួយកម្ពុជាពង្រឹងបាននូវប្រសិទ្ធភាព ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្តជួយបណ្តុះបណ្តាលធនធានមនុស្ស ផ្លាស់ប្តូរព័ត៌មាន និងគាំទ្រសម្ភារ បរិក្ខាបម្រើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបានថ្លែងអំណរគុណដល់កិច្ចសហការរកម្ពុជា-ចិន បង្រ្កាបបានទាន់ពេលនូវឧក្រិដ្ឋជនជាជនជាតិចិន ដែលប៉ុនប៉ងយកទឹកដីប្រទេសកម្ពុជាធ្វើជាកន្លែងផលិតកែច្នៃគ្រឿងញៀនខុសច្បាប់។
ជាការឆ្លើយតបចំពោះភាគីមិត្តចិន ដែលបានស្នើសុំឱ្យមានកិច្ចសហប្រតិបត្តិការធ្វើការរួមគ្នារយៈពេលខ្លី រវាងមន្រ្តីអនុការរួមគ្នាក្នុងរយ:ពេលខ្លីនៅប្រទេសកម្ពុជានោះ គឺនាយឧត្តមសេនីយ៍ មាស វីរិទ្ធ បានឯកភាព និងបានស្នើសុំបន្តធ្វើការរួមគ្នាឱ្យបានរយៈពេលវែងបន្ថែមទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពបង្ការ បង្រ្កាបគ្រឿងញៀន។
តាមរយៈការស្នើសុំរបស់ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ភាគីមិត្តចិនបានសម្រេចគាំទ្រដល់កម្ពុជាផ្តល់នូវឧបករណ៍ សម្ភារ បរិក្ខា ដែលទំហំទឹកប្រាក់ ១លានយ័នផងដេរ៕