(ភ្នំពេញ)៖ ដើម្បីលើកកម្ពស់សោភ័ណភាព ការទាក់ទាញ និងបរិស្ថានកាន់ល្អប្រសើរ សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិនោះ គណៈកម្មាការផ្សារច្បារអំពៅ បានបន្តយុទ្ធនាការចុះរៀបចំសណ្តាប់ធ្នាប់ ព្រមទាំងការជួសជុលប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធ មានប្រព័ន្ធលូ និងប្រព័ន្ធផ្លូវនៅក្នុងផ្សារ និងនៅក្រៅផ្សារជាប្រចាំផងដែរ។ លោក គង់ ធែល ប្រធានគណៈកម្មាការផ្សារច្បារអំពៅ បានថ្លែងឲ្យដឹងថា យុទ្ធនាការចុះធ្វើការងារបានធ្វើឡើងក្រោមការណែនាំជាប្រចាំរបស់ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស លើការចូលរួមរៀបចំណ្តាប់ធ្នាប់នៅតាមទីផ្សារដើម្បីទាក់ទាញ និងលើកកម្ពស់ការចាប់អារម្មណ៍ពីមហាជនទូទៅ។
លោក គង់ ធែល បានបង្ហាញរបាយការណ៍ដោយសង្ខេបថា ក្រុមការងាររបស់លោកតែងតែយកចិត្តដាក់ ធ្វើជាប្រចាំលើការរៀបចំទីផ្សារកាន់តែមានរបៀបរៀបរយ និងសណ្តាប់ធ្នាប់ល្អប្រសើរ ដើម្បីចូលរួមកាត់បន្ថយការរិះគន់ទាំងឡាយរបស់ប្រជាពលរដ្ឋ ព្រមទាំងការចូលរួមចំណែកជាបន្តបន្ទាប់លើការបរិច្ចាគដល់អាជ្ញាធរសម្រាប់ការងារសង្គមទូទៅផងដែរ។ សម្រាប់ការងារនាពេលកន្លងមក ត្រូវបានលោក គង់ ធែល ថ្លែងថា គណ:កម្មការគ្រប់គ្រងផ្សារច្បារអំពៅ បានចូលរួមឧបត្ថម្ភទឹកប្រាក់ចំនួន២១០ដុល្លារ តាមរយៈរដ្ឋបាលខណ្ឌទៅជួយធ្វើរបងសាលានៅសង្កាត់ព្រែកថ្មី។ គណ:កម្មការគ្រប់គ្រងផ្សារច្បារអំពៅ បានធ្វើការចុះស្ដារអណ្ដូងលូចំនួន៦ តាមបណ្ដោយ ផ្លូវលេខ៦២០, ៣៦៣, ៣៦៩ ទទួលបានកាកសំណល់៣៥បាវ ចំណាយទឹកប្រាក់អស់១៦០,០០០រៀល។ គណ:កម្មការគ្រប់គ្រងផ្សារច្បារអំពៅ បានឲ្យកម្លាំងជួសជុលទ្វារផ្សារចាស់ទ្រុឌទ្រោម ផ្នែកខាងជើង ចំណាយទឹកប្រាក់អស់១២០ដុល្លារ។ គណ:កម្មការគ្រប់គ្រងផ្សារច្បារអំពៅ បានចាត់តាំងកម្លាំងផ្លាស់ប្ដូរលូបាក់បែប ចំនួន៥កង ក្នុងផ្សារ ចំណាយទឹកប្រាក់អស់ចំនួន៨៥៣០០០រៀល។ គណ:កម្មការគ្រប់គ្រងផ្សារច្បារអំពៅ បានចុះស្ដារអណ្ដូងលូអ៊ុយ (U) បានកាកសំណល់ចំនួន២៥៤បាវ ចំណាយទឹកប្រាក់ ទៅឲ្យកម្មករអស់ចំនួន៦២៧,០០០រៀល។ គណ:កម្មការគ្រប់គ្រងផ្សារច្បារអំពៅ បានជួយឧបត្ថម្ភទឹកប្រាក់ចំនួន១,០០០,០០០រៀល ជូនដល់សាលាបឋមសិក្សាក្ដីតាកុយ សម្រាប់រៀបការ៉ូឡា ក្នុងបរិវេណសាលាផងដែរ។ គណ:កម្មការគ្រប់គ្រងផ្សារច្បារអំពៅ បានសហការជាមួយអាជីវករផ្សារច្បារអំពៅ បានចាក់បេតុងលើផ្លូវជុំវិញផ្សារតាមបណ្ដោយផ្លូវលេខ៦២០, ផ្លូវលេខ៦២២, ផ្លូវលេខ៣៦៣, ផ្លូវលេខ៣៦៧, ផ្លូវលេខ៣៦៩ ដែលមានប្រវែង៤៧៥ម៉ែត្រ ចំណាយទឹកប្រាក់អស់ចំនួន៤២១០ដុល្លារ។ គណ:កម្មការគ្រប់គ្រងផ្សារច្បារអំពៅ បានបំពាក់ឧបករណ៍កាមេរ៉ាសុវត្ដិភាព (SAFETY CAMERA) ចំនួន៨គ្រឿង នៅតាមបណ្ដោយផ្លូវ ៣៦៣, ៦២២, ៣៦៩, ៦២០ ដើម្បីរក្សានឹងការពារសន្ដិសុខ និងងាយស្រួលក្នុងការស្រាវជ្រាវ សើបអង្កេតមុខសញ្ញាផ្សេងៗ ពេលមានសភាពការកើតឡើងជាយថាហេតុ ជូនដល់អាជីវកលក់ដូរក្នុងផ្សារ និងជុំវិញបរិវេណផ្សារច្បារអំពៅ ខណ្ឌច្បារអំពៅ ដែលចំណាយទឹកប្រាក់អស់ចំនួន៩៨៧ដុល្លារ។ ប្រធានផ្សាររូបនេះ បានបញ្ជាក់ថា «សរុបលើការចំណាយក្នុងរយៈពេលបីខែរួមមាន ខែមិនា ខែមេសា និងខែឧសភា ឆ្នាំ២០១៦នេះ អស់ទឹកប្រាក់ចំនួន២,៦៤០,០០០រៀល និងប្រាក់ដុល្លារសហរដ្ឋអាមេរិកចំនួន៥៥២៧ដុល្លារ»៕