(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១០ ខែមិថុនានេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានលើកឡើងថា «ការសម្តែងមតិតាមញតិរបស់សមាជិក សភាសហគមអ៊ឺរ៉ុប ដែលហៅថា Resolution គឺមិនមែនជាច្បាប់ចាប់បង្ខំឲ្យរដ្ឋាភិបាល នៃប្រជាជាតិជាសមាជិកអនុវត្តន៍ប្រឆាំងនោះឡើយ»។
លោក ផៃ ស៊ីផាន បានបញ្ជាក់ថា ការលើកឡើងរបស់លោក សម រង្ស៊ី ពាក់ព័ន្ធនឹងញតិសភាអឺរ៉ុបនោះ ជាការភូតភរបោកប្រាស់ពលរដ្ឋកម្ពុជា ដើម្បីយកប្រៀបនយោយតែប៉ុណ្ណោះ។
លោកបានរៀបរាប់នៅលើបណ្តាញ Facebook យ៉ាងដូច្នេះថា៖ «សូមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ចំពោះកម្ពុជា ហើយការសម្តែងមតិនេះ គ្រាន់តែជាទឡ្ហីករ ដែលថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិ (CNRP) យកមកភូតភរ បោកប្រាស់ពលរដ្ឋកម្ពុជា ដើម្បីយកប្រៀបនយោបាយតែប៉ុណ្ណោះ។ ហើយការបោកប្រាស់របស់គណបក្សប្រឆាំង តាមរយៈ Resolution ឬការសម្តែងមតិរបស់អ្នកនយោបាយបរទេស ក៏គ្មានអ្វីដែលធ្វើឲ្យមានការផ្តាច់ចំណងមេត្រីភាពរវាងរដ្ឋ និងរដ្ឋ នោះក៏ទេដែរ។
ប្រជាជាតិនៅក្នុងសហគមអ៊ឺរ៉ុប ពិតជាដៃគូពិភាក្សា និងដៃគូអភិវឌ្ឍន៍ ដែលជាមូលដ្ឋានគ្រិះនៃទំនាក់ទំនងល្អ។ ផលប្រយោជន៍របស់រដ្ឋនីមួយៗគឺមានសណ្តាប់ ធ្នាប់ខុសៗគ្នាពីអ្នកនយោបាយ ស្តែងការយល់ឃើញនៅក្នុងស្ថានភាពនយោបាយ និងផលប្រយោជន៍របស់គេផ្ទាល់។ ជាបន្ថែមទៀតចំពោះកម្ពុជា ទទួលបាននូវបទពិសោធន៍ជាច្រើនអំពីអនុភាពនៃ ញ្ញត្តិរបស់អ្នកនយោបាយ បរទេសទាំងនេះ។
ចាប់តាំងពីពេលបោះឆ្នោតអាណត្តិទី២ មកម៉្លេះ រហូតមកដល់ពេលនេះ។ ឯកឧត្តម សម រង្ស៊ី ជាប្រធានគណបក្សប្រឆាំង មិនត្រឹមតែបោកប្រជាពលរដ្ឋខ្មែរ នោះទេ ក៏ប៉ុន្តែអ្នកនយោបាយបរទេសមួយចំនួន ក៏ធ្លាក់ទៅក្នុងអន្ទាក់ដ៏អាក្រក់នោះដែរ ដែលបានយកជំហរចេញជា ញ្ញត្តិ ឬ Resolution ដើម្បីទាញ អារម្មណ៍រដ្ឋាភិបាលរបស់គេ ធ្វើការដាក់សម្ពាធមកលើ កម្ពុជាដោយពុំមានជោគជ័យក្នុងរយៈកន្លងមក ដោយការពិត ឋិតនៅជាការពិតដដែល រហូតដល់ឯកឧត្តម សម រង្ស៊ី បានយកសកម្មភាពដើរបោកប្រាស់បរទេសឲ្យប្រឆាំង នឹងការរស់រានមានជីវិត និងផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ ដើម្បីមហិច្ឆតា នយោបាយរបស់ខ្លួនតែប៉ុណ្ណោះ។
ជួនកាលលោកបានរំលោភលើការយល់ដឹង និងញុះញង់ប្រជាពលរដ្ឋ រហូតដល់បានថ្លែងតាមរយៈ VOA ថា USA នឹងបាញ់មីស៊ីលមកលើ ផ្ទះសម្តេចតេជោ ដែលជាទីស្រឡាញ់បំផុតរបស់ប្រជាជនកម្ពុជា។ ស្មារតីសម្តែងមតិរបស់សមាជិកសភាអ៉ឺរ៉ុបមួយក្រុមនេះ គ្រាន់តែជាសំណូមពរឲ្យរដ្ឋាភិបាលប្រទេស ជាសមាជិករបស់គេ គាំទ្រនូការយល់ឃើញរបស់ក្រុមគេប៉ុណ្ណោះ។ ក៏ប៉ុន្តែអ្វីដែលធ្វើឲ្យសាធារណមតិ មានការភ្ញាក់ផ្អើលនោះ ក្រៅពីការយកចិត្តទុកដាក់ លើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា គឺសមាជិកសភាអ៉ឺរ៉ុបនោះបង្គាប់ឲ្យកម្ពុជា ជាប្រទេសអធិបតេយ្យមួយបោះបង់ភាពជានីតិរដ្ឋ បោះបង់តុលាការឲ្យទៅគោរព បុគ្គល ជាទីសក្ការៈ ដែលមិនឋិតនៅក្នុងរង្វង់ច្បាប់។ នេះជាភាពអាម៉ាស់មួយ !..»៕