(ភ្នំពេញ)៖ រថយន្ដគ្រួសារមួយគ្រឿងបើកបរបញ្ច្រាសលើផ្លូវល្បឿនលឿន នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ ក្នុងទិសដៅពីភ្នំពេញទៅព្រះសីហនុ ត្រង់គីឡូមែត្រលេខ៩ (K09) ត្រូវកម្លាំងនគរបាលចរាចរណ៍ ដែលល្បាតត្រួតពិនិត្យប្រចាំការឃាត់នៅស្ថានីយច្រកចេញចូលភ្នំពេញ ដើម្បីធ្វើកិច្ចសន្យាអប់រំ និងណែនាំអំពីការប្រើប្រាស់ផ្លូវ។

លោកវរសេនីយ៍ឯក វ៉ាន់ ហាវ៉ារី អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ផ្លូវគោក និងសណ្ដាប់ធ្នាប់សាធារណៈ ដែលដឹកនាំកម្លាំងប្រចាំការត្រួតពិនិត្យលើផ្លូវល្បឿនលឿន បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ផ្នែកមជ្ឈមណ្ឌលកាមេរ៉ាសុវត្ថិភាពផ្លូវល្បឿនលឿន បានល្បាតឃើញមានរថយន្តគ្រួសារមួយគ្រឿង បើកបរបញ្ច្រាសទិសចរាចរណ៍ លើគន្លងវ៉ាជែង ហើយខាងក្រុមការងារផ្លូវល្បឿនលឿន ក៏បានជូនដំណឹងមកនគរបាលចរាចរណ៍ និងរដ្ឋបាលផ្លូវបានធ្វើការស្ទាក់ចាប់។

លោកបានបន្ដទៀតថា ក្រោយឃាត់សួរនាំ ម្ចាស់រថយន្ដបានបញ្ជាក់ថា មូលហេតុដែលនាំឲ្យគាត់បើកបរបញ្ច្រាសដោយសារមិនទាន់ស្គាល់អំពីការប្រើប្រាស់លើផ្លូវល្បឿនលឿន និងច្រឡំទិសដៅនៃការធ្វើដំណើរ។ ម្ចាស់រថយន្ត ក៏បានទទួលការព្រមាន និងអប់រំ ហើយបានយល់ពីផលវិបាក និងគ្រោះថ្នាក់ នៃការបើកបរបញ្ច្រាសទិសនៅលើផ្លូវល្បឿនលឿន។

បើតាមលោកវរសេនីយ៍ឯក វ៉ាន់ ហាវ៉ារី ដោយអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ នគរបាលចរាចរណ៍ប្រចាំការលើផ្លូវល្បឿនលឿន នឹងឃាត់រាល់យានយន្ដទាំងឡាយណាដែលបើកបរបញ្ច្រាស ដើម្បីធ្វើការអប់រំណែនាំ ហើយនឹងឈានដល់ការប្រើប្រាស់វិធានការពិន័យផងដែរ។ ប៉ុន្ដែដំណាក់កាលដំបូងនេះ សមត្ថកិច្ចគ្រាន់តែអប់រំណែនាំ និងពន្យល់អំពីការប្រើប្រាស់ផ្លូវប៉ុណ្ណោះ ដោយសារផ្លូវល្បឿនលឿននេះថ្មីសម្រាប់ប្រជាពលរដ្ឋកម្ពុជា៕