(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានបន្តចុះសួរសុខទុក្ខនាំយកស្រូវពូជ ចំនួន៧៩,៧៥០គីឡូក្រាម ជាជំនួយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅចែកផ្ដល់ជូនប្រជាកសិករអាទិភាព មានដីស្រែអាចស្ដារឡើងវិញបានចំនួន១,០៤៨គ្រួសារ ក្នុងចំណោមគ្រួសារដែលមានដំណាំស្រូវរងការខូចខាតធ្ងន់ធ្ងរដោយទឹកជំនន់ទឹកភ្លៀង ក្នុងឃុំរកាពប្រាំ ឃុំបឹងប្រួល និងឃុំពាមជីលាំង ក្នុងស្រុកត្បូងឃ្មុំ។

ក្នុងពិធីចុះជួបសំណេះសំណាល និងប្រគល់ពូជស្រូវនេះ ធ្វើឡើង២កន្លែង ទី១៖ នៅបរិវេណវត្តពាមមង្គល ស្ថិតនៅឃុំពាមជីលាំង និងទី២៖ នៅវត្តប្រផាត់ ស្ថិតនៅឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត ស្នងការនគរបាលរងខេត្ត កងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត ប្រធានអនុ-ប្រធានមន្ទីរជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ប្រជាកសិករ និងអ្នកពាក់ព័ន្ធជាច្រើនរូប។

ថ្លែងទៅកាន់ប្រជាសិករនាឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ស្រូវពូជទាំងនេះ ត្រូវបានរាជរដ្ឋាភិបាល ផ្ដល់ជូនប្រជាកសិករអាទិភាពមានដីស្រែអាចស្ដារឡើងវិញបាន ក្រោយរងផលប៉ះពាល់ខូចខាតដោយទឹកជំនន់ទឹកទន្លេមេគង្គ និងជំនន់ទឹកភ្លៀង នាពេលកន្លងមក ហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដាំផ្ញើនូវការសួរសុខទុក្ខ និងសម្ដែងការព្រួយបារម្ភដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ទាំងអស់ផងដែរ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានសំណូមពរ និងណែនាំដល់ប្រជាកសិករទាំងអស់ សូមយកពូជស្រូវទាំងនេះទៅបង្កបង្កើនផល បើសិនមានចម្ងល់បន្ថែមជាមួយបញ្ហាពូជស្រូវទាំងនេះ ប្រជាកសិករអាចសួរបានតាមរយៈមន្រ្តីជំនាញ នៃមន្ទីរកសិកម្មខេត្ត ដែលតែងតែនៅក្បែរបងប្អូន ក្នុងការស្ដារស្រែស្រូវឡើងវិញ ដើម្បីជួយដល់ជីវភាពរស់នៅ។

លោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោត អ្នកមិនទាន់បានចុះឈ្មោះបោះឆ្នោត និងអ្នកចង់ប្ដូរទីកន្លែងបោះឆ្នោត សូមអញ្ជើញទៅជួបគណៈកម្មការរៀបចំការចុះឈ្មោះបោះឆ្នោតនៅតាមបណ្ដាឃុំសង្កាត់ចាប់ពីថ្ងៃទី២០ ខែតុលា ខាងមុខនេះ ដើម្បីមានឱកាសបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ ជាពិសេសបោះឆ្នោតជូនសម្តេចតេជោ ជានាយករដ្ឋមន្ត្រីគ្រប់ៗអាណត្តិ ដើម្បីជាម្លប់ដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន រក្សាសន្តិភាព ជាបន្តទៀត៕