(ភ្នំពេញ)៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានប្រាប់ Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី១០ ខេមិថុនា ឆ្នាំ២០១៦ថា ស្ថាប័ន គ.ជ.ប ក៏ដូចជាថ្នាក់ដឹកនាំ គ.ជ.ប ចង់បញ្ចប់រឿងជាមួយ លោក រស់ សារ៉ុម ប្រធានសមាគមជ័យលាភីបញ្ញាជន ដោយមិនប្តឹងផ្តល់ទៅមុខទៀតទេ បន្ទាប់លោករស់ សារ៉ុម ធ្វើលិខិតសុំទោស និងរៀបចំសន្និសីទកាសែតសុំទោសជាសាធារណៈ នូវអ្វីដែលខ្លួនបានចោទប្រកាន់លើថ្នាក់ដឹកនាំ គ.ជ.ប កន្លងមក។
កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ លោក រស់ សារ៉ុម បានសរសេរលិខិតមួយផ្ញើទៅកាន់ អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីប្តឹងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ គ.ជ.ប ៤រូបរួមមាន លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប លោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប លោក ហង់ ពុទ្ធ សមាជិក គ.ជ.ប និងជាអ្នកនាំពាក្យ និងលោក ម៉ោង សុភារិទ្ធ អគ្គលេខាធិការរង គ.ជ.ប អំពីការឃុបឃិតគ្នាប្រព្រឹត្តិអំពើពុករលួយក្នុងការតែងតាំង និងការធ្វើសមាហរណកម្ម មន្រ្តីរាជការក្នុងស្ថាប័នគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត ប្រព្រឹត្តក្នុងខែមករា ឆ្នាំ២០១៦។
ប៉ុន្តែបណ្តឹងនេះ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ ត្រូវបានច្រានចោលទាំងស្រុងដោយ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដោយសំអាងថា គ្មានមូលដ្ឋាន និងភស្តុតាំងច្បាស់លាស់។
លោក ហង់ ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានសង្កេតឃើញថា ឥរិយាបទរបស់ លោក រស់ សារ៉ុម មានភាពទន់ភ្លន់ឡើងវិញ ហើយចេះទទួលស្គាល់កំហុស។ លោកថា ថ្នាក់ដឹកនាំ គ.ជ.ប នឹងមិនប្រកាសទោសពៃអ្វីទេ បើសិនជា លោក រស់ សារ៉ុម បង្ហាញដល់សាធារណជន កុំឱ្យមានការភ័ន្តច្រឡំលើ គ.ជ.ប និងថ្នាក់ដឹកនាំ គ.ជ.ប តទៅទៀត។
លោកថា «ទី១ គ.ជ.ប បានឃើញអំពីឥរិយាបទទន់ភ្លន់របស់គាត់ ទី២ គាត់ក៏បានបង្ហាញការសុំទោស គ្រាន់តែថា បើសិនជា គាត់អាចធ្វើដល់សន្និសីទកាសែត សុំទោសជាសាធារណៈ ដើម្បីលុបលាងនូវអ្វីដែលជាការភ័ន្តច្រឡំ របស់សាធារណជន មកលើស្ថាប័ន គ.ជ.ប មកលើបុគ្គលភាពដែលគាត់បានរំលេចឡើងចំនួន៤នាក់នោះ ព្រោះរឿងនេះប៉ះពាល់ដល់កិត្តិយសរបស់ស្ថាប័នផង និងប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរបស់បុគ្គលផង»។
លោកបន្ថែមថា «បើសិនជាគាត់ធ្វើសន្និសីទកាសែត ហើយគាត់និយាយឡើងវិញឱ្យបានច្បាស់ ដើម្បីស្តារមកវិញនូវកិត្តិយស របស់ស្ថាប័ន គ.ជ.ប និងកិត្តិយសរបស់បុគ្គល ដែលគាត់បានបញ្ចេញនូវចំណុចលេចធ្លោ ខ្ញុំគិតថារឿងហ្នឹង នឹងបញ្ចប់ហើយ»។
សូមបញ្ជាក់ថា ចំពោះរឿងនេះ លោក រស់ សារ៉ុម គ្រោងធ្វើសន្និសីទសារព័ត៌មានសុំទោសសមាជិក គ.ជ.ប ជាសាធារណៈ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ ខាងមុខនេះ ដើម្បីលុបលាងនូវកំហុស ដែលលោក បានចោទប្រកាន់ពួកគាត់ថាប្រព្រឹត្តអំពើពុករលួយ៕