(ភ្នំពេញ)៖ លោក មាន សទិ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា នីតិវិធីនៃការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ មានភាពងាយស្រួល និងច្បាស់លាស់ ហើយ គ.ជ.ប អាចបង្កើតបញ្ជីបោះឆ្នោតដំបូងព្រមគ្នាសម្រាប់ឃុំ សង្កាត់ទូទាំងប្រទេស ហើយការបិទផ្សាយត្រូវធ្វើនៅថ្ងៃតែមួយ គឺថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ រួមទាំងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោតផងដែរ។

តាមរយៈសេចក្តីប្រកាសព័ត៌មានស្តីពី កិច្ចប្រជុំផ្សព្វផ្សាយអំពីការបើកដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ លោក មាន សទិ បានថ្លែងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ មានរយៈពេល ៥០ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។ ការចុះឈ្មោះបោះឆ្នោត ត្រូវធ្វើការជារៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ពេលព្រឹកចាប់ពីម៉ោង ៧:០០នាទី ដល់ម៉ោង ១១:៣០នាទីថ្ងៃត្រង់ និងពេលរសៀលចាប់ពីម៉ោង ២:០០នាទី ដល់ម៉ោង ៥:៣០នាទីល្ងាច នៅតាមសាលាឃុំ សង្កាត់ និងទីតាំងមួយចំនួនក្នុងឃុំ សង្កាត់។

លោកបានបន្តថា ក្នុងរយៈពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនេះ ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបិទការិយាល័យចុះឈ្មោះរៀងរាល់ ១៥ថ្ងៃម្តង ដើម្បីប្រជុំជាមួយក្រុមចុះឈ្មោះបោះឆ្នោត ពិភាក្សាលើការងារដែលបានអនុវត្តកន្លងមក និងរៀបចំការងារដែលត្រូវធ្វើបន្តទៅទៀត។

តាមប្រតិទិន ការបិទការិយាល័យនេះ ត្រូវធ្វើនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ និងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២។ ប្រជាពលរដ្ឋអាចអញ្ជើញទៅពិនិត្យមើលឈ្មោះនៅតាមឃុំ សង្កាត់ ឬតាមគេហទំព័ររបស់ គ.ជ.ប voterlist.nec.gov.kh ឬតាមរយៈ App-NEC KH ក្នុងទូរស័ព្ទដៃ។

ពាក់ព័ន្ធនឹងនីតិវិធីសម្រាប់ចុះឈ្មោះ លោក មាន សទិ បានបន្ថែមថា ប្រជាពលរដ្ឋខ្មែររស់នៅក្នុងឃុំ សង្កាត់ ដែលមានអាយុយ៉ាងតិច ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ (ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣) គឺអ្នកកើតមុន ឬត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥ ហើយដែលមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃឃុំ សង្កាត់ ដែលខ្លួនកំពុងរស់នៅ អាចសុំចុះឈ្មោះបោះឆ្នោតបាន។

លោកបានបញ្ជាក់ជូនអំពីឯកសារដែលត្រូវយកទៅចុះឈ្មោះបោះឆ្នោត គឺប្រជាពលរដ្ឋខ្មែរត្រូវទៅជួបដោយផ្ទាល់ជាមួយក្រុមចុះឈ្មោះបោះឆ្នោត ដោយយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅបង្ហាញដល់ប្រធានក្រុមចុះឈ្មោះបោះឆ្នោត។ ប្រសិនបើអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរស្ថិតនៅក្នុងឃុំ សង្កាត់ ដែលប្រជាពលរដ្ឋកំពុងរស់នៅ នោះក្រុមចុះឈ្មោះបោះឆ្នោតនឹងរៀបចំចុះឈ្មោះជូនតាមនីតិវិធីរបស់ គ.ជ.ប។

ប្រសិនបើអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ខុសពីឃុំ សង្កាត់ ដែលប្រជាពលរដ្ឋសុំចុះឈ្មោះ នោះប្រជាពលរដ្ឋត្រូវយកបន្ថែមនូវសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅក្នុងឃុំ សងា្កត់ ដែលស្នើសុំចុះឈ្មោះ។

សមាជិក គ.ជ.ប ក៏បានជម្រាបជូនអំពីនីតិវិធីនៃការធ្វើលិខិតបញ្ជាក់ទីលំនៅ និងនីតិវិធីនៃការធ្វើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត។

ពាក់ព័ន្ធនឹងការបញ្ជូនទិន្នន័យ លោក មាន សទិ បានបញ្ជាក់ថា អំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ក្រុមចុះឈ្មោះបោះឆ្នោតត្រូវបញ្ជូនទិន្នន័យតាមប្រព័ន្ធកុំព្យូទ័រមកនាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោតជារៀងរាល់ថ្ងៃ ដើម្បីឱ្យនាយកដ្ឋានត្រួតពិនិត្យការងារជាប្រចាំ។

លោកបានបន្តថា នីតិវិធីនៃការចុះឈ្មោះ មានភាពងាយស្រួល និងច្បាស់លាស់ ហើយ គ.ជ.ប អាចបង្កើតបញ្ជីបោះឆ្នោតដំបូងព្រមគ្នាសម្រាប់ឃុំ សង្កាត់ទូទាំងប្រទេស ហើយការបិទផ្សាយត្រូវធ្វើនៅថ្ងៃតែមួយ គឺថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ រួមទាំងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោតផងដែរ។

ចំពោះប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្រៅប្រទេស អាចចុះឈ្មោះបោះឆ្នោតបាន គឺគាត់ត្រូវតែវិលមកប្រទេសកម្ពុជា ដើម្បីចុះឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់ ដែលគាត់រស់នៅ ស្របតាមឯកសារដែលគាត់មាន។

គ.ជ.ប ជួយសម្រួល ដើម្បីឱ្យពួកគាត់បានចុះឈ្មោះមុនគេឆាប់បានវិលត្រឡប់ទៅបំពេញការងារវិញ។ គ.ជ.ប នឹងធ្វើការអំពាវនាវផងដែរ ដើម្បីឱ្យគាត់បានទទួលព័ត៌មានអំពីការចុះឈ្មោះបោះឆ្នោតនេះ។

ឆ្លើយទៅនឹងសំណួរចុងក្រោយ គ.ជ.ប ជម្រាបជូនថា ចំពោះអ្នកគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រើសម្រាប់ចុះឈ្មោះបោះឆ្នោត សូមទៅស្នើសុំធ្វើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត នៅសាលាឃុំ សង្កាត់ ដែលពួកគាត់កំពុងរស់នៅ និងត្រូវបោះឆ្នោត៕