(ភ្នំពេញ)៖ លោកស្រី ដាំ ដារីនី រដ្ឋលេខាធិការ ទទួលបន្ទុកការងារយេនឌ័រ ក្រសួងការពារជាតិ រំពឹងថាបញ្ជាការដ្ឋានកងទ័ពជើងអាកាស នឹងជួយហ្វឹកហាត់ស្ត្រីជាយោធិន ដែលមានបំណងចង់ក្លាយជាអ្នកបើកយន្តហោះ (Pilot) ឱ្យមានជំនាញច្បាស់លាស់ដូចជាបុរស ខណៈនៅកម្ពុជា ពុំទាន់មានស្ត្រីក្លាយជាអ្នកបើកយន្តហោះនៅឡើយ។

ក្នុងឱកាសសំណេះសំណាលជាមួយយោធិននារី នៅបញ្ជាការដ្ឋានកងទ័ពជើងអាកាស នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ លោកស្រី ដាំ ដារីនី បានថ្លែងយ៉ាងដូច្នេះថា៖ «យើងត្រូវតែជំរុញបន្ថែមអំពីជំនាញបច្ចេកទេសដល់បងប្អូនយោធិននារី នៅក្នុងបញ្ជាការដ្ឋានកងទ័ពជើងអាកាស ធ្វើយ៉ាងណាឱ្យមានតួនាទីស្រី នៅក្នុងជំនាញបច្ចេលទេសឱ្យកាន់តែច្រើន (ជំនាញបើកយន្តហោះ) ឥឡូវនៅទីនេះអាកាសយានិក សុទ្ធតែជាបុរស អ៊ីចឹងហើយយើងត្រូវបន្តជំរុញលើកិច្ចការងារនេះ»

លោកស្រី ដាំ ដារីនី បានបន្តថា ស្ត្រីក្នុងវិស័យការពារជាតិ បានទទួលនូវការលើកតម្កើងជាខ្លាំងពីសំណាក់ថ្នាក់ដឹកនាំ ហើយទទួលបានតួនាទី និងមុខតំណែងស្ទើរតែគ្រប់អង្គភាពស្ថាប័នផផងដែរ។

លោកស្រី បានបន្តថា ដោយឡែកនៅក្នុងបញ្ជាការដ្ឋានកងទ័ពជើងអាកាស ក៏មានស្ត្រីជាច្រើនរូប បានទទួលនូវតួនាទី និងមុខតំណែងផ្សេងៗ ប៉ុន្តែយ៉ាងណាស្ត្រីក្នុងអង្គភាពនេះ នៅពុំទាន់មានអ្នកក្លាយជាអ្នកបើកយន្តហោះ ឬពុំទាន់មានចំណេះជំនាញបច្ចេកទេសមួយចំនួន នៅលើការងារបើកយន្តហោះនៅឡើយ។

លោកស្រី ដាំ ដារីនី បានផ្តាំផ្ញើដល់យោធិននារីក្នុងបញ្ជាការដ្ឋានកងទ័ពជើងអាកាស ត្រូវបន្តរក្សាប្រពៃណីថ្លៃថ្នូររបស់ស្រ្តីខ្មែរ ស្មោះត្រង់ការពារជាតិមាតុភូមិ ពង្រឹងសមត្ថភាព ទាំងចំណេះដឹង និងជំនាញក្នុងការបំពេញភារកិច្ច និងគោរពឱ្យបានម៉ត់ចត់វិន័យ និងបទបញ្ជារបស់កងទ័ព។

ដោយឡែក បច្ចុប្បន្ននេះ កម្ពុជា ក៏មានអ្នកបើកបរយន្តហោះជាស្ត្រីផងដែរ ដែលពួកគាត់បានបញ្ចប់ការសិក្សានៅបរទេស ប៉ុន្តែ មិនស្ថិតនៅក្នុងក្របខ័ណ្ឌជាយោធានោះទេ។

បើតាមលោកស្រីឧត្តមសេនីយ៍ត្រី រឿង សុផាន្នី នាយសេនាធិការរងកងទ័ពជើងអាកាស បានឱ្យដឹងថា ស្ត្រីកម្ពុជា ក៏ដូចជាយោធិននារី នៃកងយោធពលខេមរភូមិន្ទទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងបុព្វហេតុជាតិ និងកសាងជាតិ ពិសេសចូលរួមថែរក្សាការពារនូវសុខសន្តិភាព ស្ថិរភាពឱ្យបានគង់វង្ស។ សម្រាប់កងទ័ពជើងអាកាស មានយោធិនជានារីចំនួន១៧៨នាក់ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការតស៊ូលះបង់ ពេលវេលាប្រឹងប្រែងពង្រឹងអនុវត្តផែនការការងារយេនឌ័រក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន៕