(ភ្នំពេញ)៖ លោក សេង សុមុនី រដ្ឋលេខាធិការ តំណាងលោក ឈិត សុខុម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានថ្លែងជំរុញដល់សិស្សទាំងឡាយត្រូវចេះគោរពគ្រូរបស់ខ្លួន ឲ្យបានខ្ជាប់ខ្ជួនជានិច្ច។ លោកលើកឡើងថា នៅសម័យបុរាណ ឲ្យតែសិស្សជួបគ្រូទីណាក៏ដោយ ក៏សិស្សថ្វាយបង្គំដែរ ប៉ុន្តែបច្ចុប្បន្នមិនមានការទាមទារយ៉ាងដូច្នោះទេ ពោលគឺឲ្យតែបង្ហាញការគោរពគ្រូទៅគ្រប់គ្រាន់ហើយ។
លោករដ្ឋលេខាធិការ ថ្លែងបែបនេះក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតពុទ្ធិកបឋមសិក្សា សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ ដែលត្រូវបានរៀបចំឡើងដោយអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៃក្រសួងធម្មការ និងសាសនា រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ។
មន្ត្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «គ្រូគឺយើងធ្វើជាគំរូ។ តាមភាសាខ្មែរយើង គ្រូកូនសិស្សទាំងអស់ត្រូវថ្វាយបង្គំ។ ពីបុរាណមក សូម្បីតែសឹកហើយ កូនសិស្សជួបក៏នៅតែថ្វាយបង្គំគ្រូ។ ប៉ុន្តែ បច្ចុប្បន្នយើងដូរឥរិយាបទហើយ មិនអាចទៅថ្វាយបង្គំលើភក់ លើដីអីទេ គ្រាន់តែធ្វើយ៉ាងណាឲ្យតែសម្តែងការគោរព»។
យោងតាមវចនានុក្រម សម្តេចព្រះសង្ឃរាជ ជួន ណាត «គ្រូ» មានន័យថា អ្នកដែលមានចិត្តធ្ងន់ អ្នកដែលគួរគោរព គឺអ្នកដែលបង្ហាត់បង្រៀនចំណេះវិជ្ជាសិល្បសាស្ត្រផ្សេងៗដល់សិស្ស។ ទន្ទឹមនឹងផ្តាំសិស្សឲ្យគោរពគ្រូ លោក សេង សុមុនី ក៏ផ្តាំគ្រូធ្វើធ្វើជាគំរូល្អដល់សិស្សផងដែរ។
លោកបញ្ជាក់ថា «អញ្ចឹង ធ្វើជាគ្រូគេ ជាគំរូគេ ពេលមកបង្រៀនត្រូវតែទៀងទាត់ម៉ោង បើគ្រូមិនទៀង សិស្សមិនអាចទៀងបានទេ។ ដូចពាក្យខ្មែរថា អ្នកមុខបង់បោយអ្នកក្រោយដើរតាម»។
ឆ្លៀតឱកាសនោះ លោក សេង សុមុនី បានថ្លែងលើកឡើងពីគុណសម្បត្តិរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យវិស័យអាណាចក្រ និងពុទ្ធិចក្រ មានការរីកចម្រើនឥតឈប់ឈរ។ ជាពិសេស សម្តេចតេជោ បានការពារសន្តិភាព ដែលធ្វើឲ្យបុគ្គលគ្រប់រូប មានឱកាសក្រេបយកចំណេះដឹង ដើម្បីក្លាយជាពលរដ្ឋល្អក្នុងសង្គមជាតិ។
និយាយដោយឡែក លោករដ្ឋលេខាធិការ អះអាងថា ព្រោះតែសម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យពុទ្ធិកសិក្សាជាតិ នៅតែបន្តឈរជាស្ថាប័នអប់រំមួយដ៏សំខាន់ផងដែរ ខណៈអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ គឺជាអង្គភាពគ្រប់គ្រងដំណើរការ នៃការសិក្សាផ្នែកពុទ្ធិកសិក្សាទូទាំងប្រទេស ហើយអង្គភាពនេះបានឧប្បត្តិកឡើងតាំងពីយូរណាស់មកហើយ និងបន្តរហូតដល់សព្វថ្ងៃ។
បើតាមលោក សេង សុមុនី រាជរដ្ឋាភិបាល បានផ្តល់ឱកាសឲ្យយើង ៣ចំណុចសំខាន់ៗ រួមមាន៖
* ទី១៖ ខិតខំការពារសន្តិភាពឲ្យយើង ដើម្បីយើងមានឱកាសដំណើរការជំរុញពុទ្ធិកសិក្សារបស់យើង
* ទី២៖ ផ្តល់ឱកាសឲ្យយើងបានថែរក្សាប្រមូលផ្តុំបម្រើវិស័យព្រះពុទ្ធសាសនា គ្រប់ផ្នែកទាំងអស់ ទ្រទ្រង់ពុទ្ធិកសិក្សា
* ទី៣៖ រាជរដ្ឋាភិបាល ជួយជាប្រាក់ខែ។
វគ្គបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតពុទ្ធិកបឋមសិក្សា សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ ដែលត្រូវបានរៀបចំឡើងដោយអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ មានសិក្ខាកាមដែលត្រូវចូលរួម ៩០រូប (បព្វជិតចំនួន ៣៩អង្គ ប្រុសចំនួន ៤៧នាក់ និងស្រី ៤នាក់) ដែលនិមន្តនិងអញ្ជើញ មកពីបណ្តាលរាជធានីខេត្ត ទាំង២៥ និងគ្រប់ផ្នែកចំណុះឲ្យអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ។
សម្តេចព្រះពោធិវង្ស អំ លីមហេង ព្រះអគ្គាធិការរងពុទ្ធិកសិក្សា ព្រះរាជតំណាងសម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ មានសង្ឃដីកាថា ការសិក្សា គឺជាការដុសខាត់ចិត្ត គំនិត និងការអភិវឌ្ឍចំណេះដឹងជាប្រចាំ ដើម្បីអាចឆ្លើយតបទៅតាមតម្រូវការជាក់ស្តែង នៃសាកលភាវូបនីយកម្ម។ ការអភិវឌ្ឍចំណេះដឹងនេះទៀតសោត គឺស្របតាមចតុស្តម្ភនៃគោលការណ៍អប់រំរបស់កម្ពុជា រួមមាន៖ រៀនដើម្បីចំណេះដឹង រៀនដើម្បីចំណេះធ្វើ រៀនដើម្បីមានសីលធម៌ និងរៀនដើម្បីចេះរស់នៅជាមួយគ្នាក្នុងសង្គម។
ជាមួយគ្នានេះ សម្តេចព្រះពោធិវង្ស ក៏បានផ្តាំផ្ញើសិក្ខាកាមទាំងអស់ យកចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅប្រើប្រាស់ឲ្យបានល្អប្រសើរ ដើម្បីរួមចំណែកលើកស្ទួយវិស័យអប់រំកម្ពុជា៕