(បាត់ដំបង)៖ លោក តូច ចន្នី អគ្គនាយកសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ បាននាំអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ចែកជូនប្រជាពលរដ្ឋចំនួន៤៥គ្រួសារ ដែលកំពុងរស់នៅទីទួលសុវត្ថិភាពលើខ្នងទំនប់អាងភាស ស្ថិតក្នុងភូមិដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ក្រោយរងគ្រោះដោយជំនន់ទឹកភ្លៀង។

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលត្រូវបានជន្លៀសមកកាន់ទីទួលសុវត្ថិភាពខាងលើ លោក តូច ចន្នី ក៏បានអំពាវនាវឲ្យមើលថែទាំសុខភាពឲ្យបានល្អ ជៀសវាងមានជំងឺឆ្លងផ្សេងៗ និងត្រូវយកចិត្តទុកបំផុតការពារ ចំពោះកូនតូចៗកុំឲ្យលេងទឹក និងប្រយ័ត្នមានសត្វអសិរពិសផ្សេងៗ ជាដើម។ បន្ថែមពីនេះទៀត លោកបានរំលឹកឲ្យពលរដ្ឋគប្បីប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹង ប្រែងបង្កបង្កើនផល ប្រកបមុខរបរដាំដុះដំណាំ ចិញ្ចឹមសត្វ ពេលទឹកស្រកទៅវិញ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ឲ្យបានប្រសើរឡើង។

លោក តូច ចន្នី បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បាននិងកំពុងដឹកនាំប្រទេស ចាប់ពីបាតដៃទទេ រហូតមានការអភិវឌ្ឍរីកចម្រើនលើគ្រប់ហេដ្ឋារចនាសម្ព័ន្ធ។ មួយវិញទៀត លោកសំណូមពរដល់ពលរដ្ឋគប្បីចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការរាយការណ៍ពេលជួបសកម្មភាពនានាពីការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅតាមសហគមន៍ ការធ្វើចំណាកស្រុកខុសច្បាប់ ដើម្បីមានការអន្តរាគមន៍បង្រ្កាបបានទាន់ពេលវេលា។

ទន្ទឹមនេះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ក៏នៅតែជាហានិភ័យខ្ពស់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា ហើយសូមឲ្យប្រជាពលរដ្ឋចូលរួមអប់រំណែនាំកូនចៅរបស់ខ្លួនឲ្យបានជាប់ជាប្រចាំ ដើម្បីឲ្យពួកគេគោរពច្បាប់ចរាចរណ៍ ពិសេសក្នុងពេលបើកបរសូមកុំសេពគ្រឿងស្រវឹង ត្រូវពាក់មួកសុវត្ថិភាព រាល់ពេលបើកបរម៉ូតូ ទោះទៅណាជិតឬឆ្ងាយ និងពាក់ខ្សែក្រវ៉ាត់ឲ្យបានត្រឹមត្រូវពេលបើកបររថយន្ត ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍សម្រាប់ខ្លួនឯង និងអ្នកដទៃ និងសូមទៅចាក់វ៉ាក់សាំងកូវីដ១៩ ឲ្យបានគ្រប់ៗគ្នា ចាប់ពីដូសទី១ ដល់ដូសទី៣ និងបន្តទៀតជាដូសជំរុញ ដើម្បីកាត់បន្ថយការឆ្លង និងហានិភ័យ នៃការស្លាប់ដោយមេរោគកូវីដ១៩។

អំណោយត្រូវផ្ដល់ជូននោះ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, ទឹកត្រី១យួរ និងថវិកាមួយចំនួន៕