(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានរៀបចំពិធីអបអរសាទរ ទិវាសុខភាពភ្នែកពិភពលោក World Sight day 2022 ក្រោមប្រធានបទ «ស្រឡាញ់ភ្នែករបស់អ្នក» ក្រោមអធិបតីភាព លោក ងី ម៉េង ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានកម្មវិធីជាតិសុខភាពភ្នែក តំណាងដ៏ខ្ពង់ខ្ពស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក ចេង ប៊ុណ្ណារ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ។
មានមតិស្វាគមន៍នៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិមេមត់ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្ត បានលើងឡើងពីវឌ្ឍនភាពរបស់មន្ទីរសុខាភិបាលខេត្ត និងបានថ្លែងអំណរគុណ ចំពោះគណៈប្រតិភូ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអង្គការជាដៃគូទាំងអស់ ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការគាំទ្រ ជំរុញឲ្យសកម្មភាពនៃការពិនិត្យព្យាបាលជំងឺភ្នែកជូនប្រជាពលរដ្ឋនៅតាមសហគមន៍ ដើម្បីធ្វើយ៉ាងណាឲ្យពួកគាត់រួចផុតពីភាពពីការភ្នែក។
លោក ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងពីការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាល ដោយមានក្រសួងសុខាភិបាល និងមានមន្ទីរសុខាភិបាលខេត្ត រួមនឹងអង្គការដៃគូទាំងអស់ បានយកចិត្តទុកដាក់ខ្ពស់ក្នុងការគាំទ្រ និងជំរុញឲ្យសកម្មភាពនៃការពិនិត្យ ព្យាបាលជំងឺភ្នែកជូនប្រជាពលរដ្ឋ នៅតាមសហគមន៍។
នាឱកាសនោះដែរលោក ងី ម៉េង បានបញ្ជាក់ថា ដើម្បីចូលរួមអបអរសាទរកម្មវិធីទិវាសុខភាពភ្នែកពិភពលោក ឆ្នាំ២០២២ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ នៅពេលមានបញ្ហាភ្នែក សូមទៅរកគ្រូពេទ្យ ដើម្បីពិនិត្យភ្នែក នាំគ្នាចូលរួមសកម្មភាព (ស្រឡាញ់ភ្នែករបស់អ្នក)។
ជាមួយគ្នានេះ ការអនុវត្តសកម្មភាពភ្នែកនានារបស់ថ្នាក់ក្រោមជាតិ គឺចាំបាច់ខ្លាំងណាស់ ដើម្បីធានាលើការពង្រឹងគុណភាព និងពង្រីកវិសាលភាពសុខភាពភ្នែកនៅទូទាំងប្រទេសកម្ពុជា ឈានទៅរកការកាត់បន្ថយអត្រាប្រេវ៉ាឡង់ នៃភាពពិការភ្នែកមកកម្រិតទាប នៅឆ្នាំ២០៣០ខាងមុខនេះ។
សូមជម្រាបថា បើតាមការអោយដឹង ពីលោកឱសថការី ផុល ពន្លឺ អនុប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំបានឲ្យដឹងថា ដើម្បីអបអរសាទរ ទិវាសុខភាពភ្នែកពិភពលោក ក្រោមប្រធានបទ (ស្រឡាញ់ភ្នែករបស់អ្នក Love You EYE) ឆ្នាំ២០២២ នេះ មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ សហការជាមួយអង្គការជាដៃគូ បានធ្វើការពិនិត្យភ្នែក ដោយឥតគិតថ្លៃ មានរយៈពេល ១ ថ្ងៃ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ រួមមាន៖ ការវាស់គំហើញ វាស់កាត់វ៉ែនតា ព្យាបាលជំងឺភ្នែក ដែលមិនតម្រូវវះកាត់ ប៉ុន្តែបើសិនជាមានតម្រូវការវះកាត់ ក្រុមគ្រូពេទ្យ និងបញ្ជូនអ្នកជំងឺបន្តទៅព្យាបាលនៅមន្ទីរពេទ្យសម្ដេចព្រះនរោត្តមសីហនុក្រុងសួងជាបន្តផងដែរ៕