(សៀមរាប)៖ ពលរដ្ឋដែលរងគ្រោះមហន្ដរាយដោយទឹកជំនន់ ចំនួន២៨៧៤គ្រួសារ នៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប បានទទួលស្បៀងបម្រុងទុកមានគ្រឿងឧបភោគបរិភោគ និងគ្រាប់ពូជស្រូវ ពីគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងកម្ពុជា។
ពិធីនេះធ្វើឡើងនៅក្នុងវត្ដឥន្ទ្រឧស្សាហ៍ (ហៅវត្ដជីក្រែង) ស្ថិតនៅឃុំជីក្រែង ស្រុកជីក្រែង ខេត្ដសៀមរាប នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ ក្រោមអធិបតីលោក ទៀ សីហា អភិបាលខេត្ដសៀមរាប ព្រមទាំងមានការចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ ជុំវិញខេត្ត និងប្រជាពលរដ្ឋជាច្រើនចូលរួមផងដែរ។
លោក ទៀ សីហា បានលើកឡើងថា ការផ្ដល់ស្បៀងនេះ ជាការយកចិត្ដទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ មានតែប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោតែមួយគត់ ដែលបានគិតគូរ និងបានឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ ដល់ប្រជាពលរដ្ឋរងការប៉ះពាល់ គ្រួសាររងគ្រោះ និងងាយរងគ្រោះក្នុងអំឡុងគ្រោះទឹកជំនន់។ ទោះបីស្បៀងទាំងនេះ មិនច្រើនក៍ពិតមែន ប៉ុន្ដែអាចជួយសម្រួលដល់ជីវភាពប្រជជាពលរដ្ឋបានមួយគ្រា នេះបង្ហាញពីការយកចិត្ដទុកដាក់ពីរាជរដ្ឋាភិបាល។
លោកអភិបាលខេត្ត បានបន្តថា គ្មានគណបក្សណាមួយក្រៅពីគណបក្សប្រជាជនកម្ពុជាទេ ដែលបានជួយប្រជាពលរដ្ឋជួបការលំបាក់។ ដោយឡែក កាកកបាទក្រហមកម្ពុជា ក៏តែងតែជួយដល់ប្រជាពលរដ្ឋក្រីក្រផងដែរ។
លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង បានឲ្យដឹងថា ជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្ដស្រុកជីក្រែង ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នំា២០២២ រហូតដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានរងផលប៉ះពាល់ដោយសារទឹកជំនន់ជន់លិចមាន ចំនួន១២ឃុំ។
ក្នុងនោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ចំនួន២,៧២០គ្រួសារ កុមារលង់ទឹកស្លាប់ចំនួន០២នាក់ លិចលំនៅដ្ឋានកម្រិតស្រាលចំនួន១៧២គ្រួសារ លិចទីធ្លាសាលារៀនចំនួនលិចបរិវេណមណ្ឌលសុខភាព លិចអគាររដ្ឋបាលឃុំ លិចវត្តអារាម ព្រមទាំងលិចហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយចំនួនបណ្ដាលឲ្យខូចខាត ប្រវែង២,៣១៦ម៉ែត្រ ដំណាំស្រូវរងផលប៉ះពាល់ចំនួន២,៧៧៩ហិកតា និងខូចខាតចំនួន១៣៥ហិកតា ក្នុងនោះតម្រូវការស្ដាដាំដុះឡើងវិញចំនួន ៥២ហិកតា ស្មើនឹង១២១គ្រួសារ។
លោកបានបន្ដថា ប្រជាពលរដ្ឋក្រីក្រដែលរងគ្រោះដោយសារទឹកជំនន់សរុប ចំនួន២,៨៧៤គ្រួសារ ដែលត្រូវទទួលស្បៀងសង្គ្រោះបន្ទាន់របស់រាជរដ្ឋាភិបាល និងទទួលបានគ្រាប់ពូជស្រូវមានចំនួន១២១គ្រួសារ សម្រាប់ពួកគាត់យកទៅដំាស្រូវស្តារឡើងវិញ ក្នុងអំឡុងពេលទឹកកំពុងស្រកជាបណ្តើរៗនេះ។
រដ្ឋបាលខេត្ដសៀមរាប បានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ ការបែងចែកស្បៀង និងគ្រឿងឧបភោគបរិភោគ ដល់ប្រជាពលរដ្ឋមានផលប៉ះពាល់ដោយគ្រោះមហន្ដរាយ ពីគណៈកម្មការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា មានចំនួនជាង៦ពាន់គ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់១០,៤៥០គ្រួសារ ក្នុងស្រុកចំនួន៨ស្រុកនៃខេត្ដសៀមរាប៕