(ភ្នំពេញ)៖ មុខសញ្ញាម្នាក់ បានចូលទៅធ្វើសកម្មភាពលួចកាច់កសោរម៉ូតូ តែមិនបានសម្រេច ត្រូវជនរងគ្រោះឃើញតាមកាមេរ៉ាសុវត្ថិភាព រួចចាប់ក្របួចជាប់ភ្លាមៗ ប្រគល់ឲ្យកម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែ ខណ្ឌឬស្សីកែវ ដើម្បីសួរនាំទាំងព្រឹក។ ករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោង៧ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ នៅត្រង់ចំណុចផ្ទះលេខ៧៤២ ផ្លូវ៦២ ក្រុម៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
មន្ត្រីនគរបាលមូលដ្ឋានប៉ុស្ដិ៍ទួលសង្កែ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនត្រូវសង្ស័យបានចូលទៅធ្វើ សកម្មភាពដោយយកសោរម៉ូតូ ទៅចាក់ឆ្កិះក្នុងគោលបំណងកាច់កម៉ូតូរបស់ជនរងគ្រោះ ដែលទុកចោលនៅខាងក្រោមផ្ទះ ខណៈនោះ ត្រូវជនរងគ្រោះដែលស្នាក់នៅជាន់ទី១ បានមើលឃើញពីសកម្មភាពរបស់ជនត្រូវសង្ស័យ តាមកាមេរ៉ាសុវត្ថិភាពក៏សម្រេចចុះមកស្រែកផ្អើលដល់អ្នករស់នៅ ជិតខាងជួយចាប់ឃាត់ខ្លួនជនត្រូវសង្ស័យភ្លាមៗ និងរកឃើញដកហូតសោរម៉ូតូចំនួន២ផងដែរ រួចប្រគល់ឲ្យកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែ ខណ្ឌឫស្សីកែវ វាយខ្នោះ ទាំងព្រឹកដើម្បីសួរនាំ។ មន្ត្រីនគរបាលមូលដ្ឋានប៉ុស្ដិ៍ទួលសង្កែ បានឲ្យដឹងទៀតថា ក្រោយឃាត់ខ្លួនសាកសួរ ជនត្រូវសង្ស័យបានឆ្លើយសារ ភាពប្រាប់សមត្ថកិច្ចថា រូបគេ ពិតជាបានចូលទៅលួចឆ្កិះ កាច់កសោរម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ដោយធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ និងមិនមានបក្ខពួកឡើយព្រមទាំងទើបតែលួចលើកទី១ទេ ព្រោះពីមុនធ្លាប់លួចតែកង់ តាមផ្ទះបានសម្រេច ស្រាប់តែឥឡូវបែកគំនិតលួចម៉ូតូ ស្រាប់តែត្រូវគេទាន់តែម្ដង។
ជនត្រូវឃាត់ខ្លួនឈ្មោះ ឡា សុខឡេង អាយុ១៨ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ។ រីឯជនរងគ្រោះឈ្មោះ អ៊ឹង ថង ភេទប្រុស អាយុ៦១ឆ្នាំ មានមុខរបរជាជាងនាឡិការ ស្នាក់នៅ ចំណុចកើតហេតុខាងលើ។ បច្ចុប្បន្នជនត្រូវជាប់សង្ស័យរួមជាមួយវត្ថុតាង ត្រូវបាន កម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែ បញ្ជូនទៅឃុំខ្លួនសាកសួរ បណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕