(សៀមរាប)៖ ពលរដ្ឋដែលព្រមចាកចេញពីតំបន់អង្គរ ទៅរស់នៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី និងភូមិពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប បានទទួលបណ្ណសមធម៌ពីរាជរដ្ឋាភិបាលតារយៈក្រសួងផែនការ។ យុទ្ធនាការជំហានទី២នេះ ធ្វើឡើងនៅខាងមុខអង្គរវត្ដ ចាប់ពីថ្ងៃទី១៧ ខែតុលា រហូតដល់គ្រប់ចំនួនប្រជាពលរដ្ឋដែលត្រូវផ្ដល់បណ្ណសមធម៌។
លោកយាយ ពៅ សុភាព ដែលរស់នៅក្នុងភូមិលលៃ ឃុំប្រាសាទបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានឱ្យដឹងថា លោកយាយមានសេចក្តីសប្បាយរីករាយជាងខ្លាំង បន្ទាប់ពីទទួលបណ្ណសមធម៌ពីរាជរដ្ឋាភិបាល តាមរយៈក្រសួងផែនការ។
លោកយាយបន្តថា យាយ និងតាចាស់ៗអស់ហើយ មិនមានកំលាំងទៅធ្វើការងារអ្វីបានដូចគេនៅក្មេងៗនោះទេ ដូច្នេះហើយ លោកយាយ បានថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានផ្ដល់ជាគោលនយោបាយ ដែលបានផ្តល់ជូនបណ្ណសមធម៌ដល់យាយនាពេលនេះផងដែរ។
ចំណែកអ្នកស្រី លីវ ផល្លា ដែលរស់នៅក្នុងភូមិមណ្ឌល៣ សង្កាត់ស្លរក្រាម ក្រុងសៀមរាប បានលើកឡើងទាំងទឹកមុខសប្បាយរីករាយថា អ្នកស្រីថ្លែងអំណរគុណចំពោះសម្ដេចដែលជានិច្ចកាលតែងតែ គិតគូរពីសុខទុករបស់ប្រជាពលរដ្ឋ គ្រប់កាលៈទេសៈទាំងអស់ ដោយមិនទុកពលរដ្ឋម្នាក់ណាចោលនោះឡើយ។
ទន្ទឹមនឹងនេះដែរអ្នកស្រី ឈន សុផល មកពីសង្លាត់គោតចក ក្រុងសៀមរាប ក៏លើងឡើងមិនខុសគ្នានោះដែរ ទោះបីបណ្ណសមធម៌ដែលទទួលនាពេលនេះ មានចំនួនទឹកប្រាក់ប៉ន្មានក៏អ្នកស្រីសប្យាយចិត្តនឹងទទួលដែរ ព្រោះសព្វថ្ងៃអ្នកស្រីគ្មានការងារធ្វើ និងមានជំងឺទៀត បានប្តីធ្វើការជាសន្តិសុខ បានប្រាក់បន្តិចបន្តួចគ្រាន់បានផ្គត់ផ្គង់ទៅនឹងជីវភាពនៅក្នុងគ្រួសារ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែតុលា ពលរដ្ឋដែលរស់នៅតំបន់អង្គរ និងស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី និងភូមិពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប លើកទី១មានប្រជាពលរដ្ឋ ទៅទទួលបណ្ណសមធម៌មានចំនួនមានចំនួន៤,២២៩គ្រួសារ និងបានទទួលបណ្ណសមធម៌មានចំនួន៤,៧៩៣គ្រួសារផងដែរ៕