(កំពង់ឆ្នាំង)៖ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ បានបន្តដឹកនាំក្រុមការងារមន្ត្រីបំរើការនៅក្នុងស្ថាប័នអយ្យការខេត្តកំពង់ឆ្នាំង សហការជាមួយអាជ្ញាធរ ស្រុកបរិបូណ៍ និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកទន្លេ ចំនួន២០គ្រួសារបន្ថែមទៀត នៅភូមិដំណាក់រាជ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌។
ក្នុងឱកាសចុះសួរសុខទុក្ខ និងចែកអំណោយដល់ពលរដ្ឋរងគ្រោះខាងលើនេះលោក អ៊ិត សុធា បានផ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំខេត្ត ពិសេសពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកំពុងជួបការលំបាករងគ្រោះដោយសារទឹកជំនន់ និងរងគ្រោះផ្សេងៗដោយសារគ្រោះធម្មជាតិ។
ក្នុងឱកាសនោះ លោកព្រះរាជអាជ្ញា បានផ្ដាំផ្ញើ និងបានណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយជំនន់ទឹកទន្លេគ្រប់ក្រុមគ្រួសារត្រូវថែទាំសុខភាពពិសេសកូនចៅតូចៗកុំបណ្ដែ តបណ្ដោយឱ្យលេងទឹក ដែលអាចនាំ មកនូវគ្រោះថ្នាក់ផ្សេងៗ។ ដោយឡែកនៅពេលទឹកស្រក់សូមសម្អាតផ្ទះ ឬបរិស្ថានជុំវិញផ្ទះ ឱ្យបានស្អាតឲ្យមានអនាម័យល្អ និងត្រូវប្រុងប្រយ័ត្នពីសត្វអាសិរ ពិសដែលវាបានទៅរស់នៅតាមដំបូលផ្ទះឬកន្លែងផ្សេងៗ ក្នុងផ្ទះដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិត ហើយសូមបន្តប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ និងបន្តទប់ស្កាត់ជំងឺកូវីដ អនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល «៣កុំ និង៣ការពារ»។
លោកបានណែនាំដល់ប្រជានេសាទទាំងអស់ កុំឲ្យនេសាទដោយប្រើឧបករណ៍នេសាទល្មើសច្បាប់ ព្រោះត្រូវប្រឈមមុខចំពោះមុខច្បាប់។ យ៉ាងណាម៉ិញ ការនេសាទល្មើសច្បាប់គឺបំផ្លាញធនធានមច្ឆាជាតិគ្រប់ប្រភេទ គឺជាការបំផ្លាញខ្លួនឯង និងបំផ្លាញកូនចៅខ្លួនឯងនាពេលអនាគត មិនតែប៉ុណ្ណោះឧបករណ៍នេសាទដែលបងប្អូនបានចំណាយថវិកាទិញយកមកធ្វើជាឧបករណ៍នេសាទខុសច្បាប់ ក៏ប្រឈមនឹងការកាប់បំផ្លាញចោលពីសមត្ថកិច្ចផងដែរ។
លោកព្រះរាជអាជ្ញា បានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ក្នុងខណៈពេលដែលពលរដ្ឋកំពុងជួបការលំបាកនេះ ត្រូវយកចិត្តទុកដាក់ឃ្លាំមើលអំពីសុខទុក្ខរបស់ពួកគាត់ ករណីចាំបាច់ត្រូវតែរាយការជូនថ្នាក់ដឹកនាំ ដើម្បីនឹងចាត់វិធានការដោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេលវេលាទាំងស្បៀងអាហារ ឬជំងឺឈឺថ្កាត់ផ្សេងៗ។
អំណោយដែលបាននាំយកទៅចែកជូនប្រជាពលរដ្ឋទាំង២០គ្រួ សារខាងលើនេះមាន អង្ករ, មី, ទឹកត្រី, ទឹកសុីអីវ, ត្រីខ, ទឹកផ្លែឈើគ្រប់មុខ និងថវិការមួយចំនួន៕