Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីជាន់ខ្ពស់សង្គមកិច្ច អរគុណអង្គការដៃគូនានា ដែលបានធ្វើកិច្ចសហប្រតិបត្តិការផ្តល់សេវាដល់កុមាររងគ្រោះ និងងាយរងគ្រោះកំពុងជួបការលំបាកនៅកម្ពុជា

19-10-2022 14:44

(បន្ទាយមានជ័យ)៖ លោក តូច ចាន់នី អគ្គនាយកសេវាសង្គមកិច្ច តំណាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានកោតសរសើរ និងសង្ឃឹមយ៉ាងមុតមាំថា អង្គការដៃគូនានាបន្តកិច្ចសហ ប្រតិបត្តិការល្អជាមួយគ្នា ដោយផ្តោតសំខាន់ទៅលើការផ្តល់សេវាដល់កុមាររងគ្រោះ និងងាយរងគ្រោះដែលកំពុងជួបការលំបាក ដើម្បីឆ្លើយតបនឹង ផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង សំដៅការពារឧត្តមប្រយោជន៍របស់កុមារ។

លោកបានលើកឡើងបែបនេះ ខណៈលោកអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនកុមាររងគ្រោះដោយគ្រោះមហន្តរាយដោយធម្មជាតិ (ជំនន់ទឹកភ្លៀង) ដែលរស់នៅក្នុងមណ្ឌលអង្គការសង្គ្រោះជនអស់សង្ឃឹមទី២ ស្ថិតនៅភូមិតាដោក ឃុំឬស្សក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។

ក្នុងពិធីនោះក៏មានការចូលរួមពីលោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ លោកប្រធាននាយកដ្ឋាន លោក ប្រធានមន្ទីរ សអយ ខេត្ត តំណាងអង្គការ យូនីសេហ្វ ប្រចាំតំបន់ និង ប្រតិភូអមដំណើរជាច្រើនរូបទៀតផងដែរ។

ក្នុងឱកាសនោះ លោកអគ្គនាយក ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោករដ្ឋមន្រ្តី វង សូត ដល់ក្មួយៗកុមារដែលកំពុងស្នាក់នៅ និងបុគ្គលិកមើលថែកុមារ ដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ មិនទុកឲ្យពួកគាត់រស់នៅដោយឯកោឡើយ។ ជាមួយគ្នានេះ សូមបងប្អូន ក្មួយៗមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការកើតឡើងនូវគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ពិសេសត្រូវប្រកាន់ភ្ជាប់នូវអនាម័យល្អកុំឲ្យមានជម្ងឺ ដង្កាត់ផ្សេងៗផងដែរ។

ជាមួយគ្នានោះលោក តូច ចាន់នី ក៏បានចែកជូនកុមាររងគ្រោះដោយគ្រោះមហន្តរាយដោយធម្មជាតិ(ជំនន់ទឹកភ្លៀង) ដែលរស់នៅក្នុងមណ្ឌលអង្គការសង្គ្រោះជនអស់សង្ឃឹមទី២ មានកុមារចំនួន១១៦ នាក់ និងបុគ្គលិកមើលថែ ១៧នាក់ នូវអំណោយរួមមាន អង្ករ ៥០គីឡូ (១៥ប៉ាវ ) មី១០កេះ ទឹកត្រី ១០យួរ ទឹកស៉ីអ៉ីវ ១០យួរ ត្រីខ១កេះ សាប៊ូ ១១៥ដុំ សាប៊ូម្សៅ ១២គីឡូ ទឹកផ្លែឈើ ៥កេះ និងថវិកា ៥០០,០០០រៀល៕