(កំពង់ស្ពឺ)៖ ក្នុងស្ថានភាពហាក់រាំងស្ងួតដែលធ្វើឲ្យការបង្កបង្កើនផលស្រូវរបស់កសិករ, ក្នុងរយៈពេល ២ថ្ងៃលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមមន្ត្រីជំនាញចុះធ្វើការត្រួតពិនិត្យ ការបង្កបង្កើនផលស្រូវ របស់កសិករក្នុងស្រុកចំនួន២ ស្រុកសំរោងទង និងស្រុកថ្ពង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។
ក្នុងឱកាសជួបជាមួយកសិករ លោក វ៉ី សំណាង បានណែនាំឲ្យបងប្អូនជាប្រជាកសិករទាំងអស់ យកចិត្តទុកដាក់ថែរក្សាទឹកទុកនៅក្នុងស្រែឲ្យបានគត់មុត។ ពីព្រោះរយៈពេលមួយសប្តាហ៍មកហើយ នៅខេត្តកំពង់ស្ពឺ យើងមិនទាន់មានភ្លៀងធ្លាក់ទេ ចំណែកខ្យល់ចាប់ផ្ដើមប្ដូរទិសដែរ។ ដូច្នេះសូមពុកម៉ែមាមីបងប្អូនប្រជាកសិករយកចិត្តទុកដាក់ទៅលើភ្លឺស្រែ ដែលអាចលេចធ្លាយជាយថាហេតុ តាមរយៈការកាយរូងរបស់សត្វក្តាម នាំឲ្យហូរទឹកចេញពីស្រែ បង្កការខូចខាតដំណាំស្រូវរបស់បងប្អូន។
លោកអភិបាលខេត្តកំពង់ស្ពឺ បានជំរុញឲ្យបងប្អូនកសិករធ្វើយ៉ាងណាត្រូវឧស្សាហ៍ទៅមើលស្រែស្រូវ ការពារអស់ទឹក និងការពារឆាបឆេះពីភ្លើង។ល។ ខណៈដែលកសិករកំពុងតម្រូវការចាំបាច់ចំណី អាហារកំឡុងពេលការរីករាត្បាតជាសកលកូវីដ១៩ នៅទូទាំងពិភពលោក៕