(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារបង្ក្រសបល្បែងស៊ីសង និងកុងស៊ីបញ្ចាំខុសច្បាប់ក្នុងខណ្ឌពោធិ៍សែនជ័យ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញឲ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យកម្លាំងមានសមត្ថកិច្ចគ្រប់ និងអាជ្ញាធរពាក់ព័ន្ធ ក្នុងដែនសមត្ថកិច្ចខណ្ឌ ត្រូវបន្តរួមសហការឲ្យបានហ្មឺងម៉ាត់បំផុត ដើម្បីបង្ក្រាបបទល្មើសល្បែងស៊ីសង និងកុងស៊ីបញ្ចាំខុសច្បាប់ឲ្យដូចភ្លៀងរលឹម ធ្វើយ៉ាងណាឱ្យតំបន់មួយនេះ កាន់តែមានភាពកក់ក្តៅជូនប្រជាពលរដ្ឋ។
លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានជម្រាបជូនអំពីរបាយការណ៍សង្ខេប នៃវឌ្ឍនភាពដែលសម្រេចបានកន្លងទៅ ក៏ដូចជាផែនការអនុវត្តនូវអនុសាសន៍ណែនាំ ក្នុងយុទ្ធនាការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងហាងបញ្ចាំ ឬកង់ស៊ីបញ្ចាំខុសច្បាប់ ក្នុងដែនដីខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នៅសាលាខណ្ឌពោធិ៍សែនជ័យ។
លោកអភិបាលខណ្ឌ ក៏បានបញ្ជាក់អំពីសកម្មភាពរបស់មន្ត្រីក្នុងការធ្វើជំរឿនប្រជាពលរដ្ឋ ក៏ដូចជាចំនួនប្រជាពលរដ្ឋ ដែលបានប្រកបមុខរបរកុងស៊ីបញ្ចាំ និងអ្នកប្រកបមុខរបរផ្សេងៗទៀត ដោយបានត្រួតពិនិត្យទាំងផ្លូវច្បាប់ និងជំរុញឲ្យមានការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការណែនាំពីមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីធានាបាននូវអនាម័យ បរិស្ថាន គុណភាព និងសុខភាពអ្នកប្រើប្រាស់ ជាពិសេសបានណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធឲ្យអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវវិធានការបង្ក្រាបល្បែងស៊ីសង ក៏ដូចជាហាងបញ្ចាំខុសច្បាប់ នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យនេះឲ្យបានល្អ ធានាដល់ការរស់នៅ ប្រកបដោយសន្តិសុខសណ្ដាប់ធ្នាប់ និងផ្ដល់ភាពកក់ក្តៅ ដល់ប្រជាពលរដ្ឋ។
ជាក់ស្ដែងចាប់ពីពេលថ្មីៗនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានចុះពិនិត្យទីតាំងលួចបង្កប់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ នៅតាមសង្កាត់ទាំង៧ ក្នុងមូលដ្ឋានខណ្ឌ ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ដល់បច្ចុប្បន្ន រកឃើញមានទីតាំងលួចបង្កប់ល្បែងស៊ីសងខុសច្បាប់ចំនួន១៥០ទីតាំង ឃាត់ខ្លួនមនុស្សសរុបចំនួន៣២នាក់។
ក្នុងនោះធ្វើការអប់រំចំនួន ១៤នាក់ប្រគល់ជូនអាណាព្យាបាល, ជនបរទេសសរុប១៤នាក់ និងជនជាតិខ្មែរ ០៤នាក់ (ជនបរទេស ឲ០៥នាក់-ជនជាតិខ្មែរ ០២នាក់ ប្រគល់ជូនកងរាជអាវុធហត្ថខណ្ឌ អនុវត្តតាមនីតិវិធី ជនបរទេសចំនួន០៩នាក់-ជនជាតិខ្មែរ០២នាក់ ប្រគល់ជូនអធិការនគរបាលខណ្ឌ អនុវត្តតាមនីតិវិធី) ហើយទីតាំងទាំងអស់ត្រូវបានបិទ បច្ចុប្បន្នគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបាននឹងបន្តចុះត្រួតពិនិត្យជាប្រចាំ នៅតាមបណ្ដាទីតាំងផ្សេងៗទៀត។
ដោយឡែករដ្ឋបាលខណ្ឌ បានអញ្ជើញម្ចាស់អាជីវកម្មបុរី ខុនដូរ សណ្ឋាគារ និងផ្ទះសំណាក់ ក្នុងមូលដ្ឋានមកអប់រំណែនាំ និងធ្វើកិច្ចសន្យាចូលរួមអនុវត្តឱ្យបានត្រឹមត្រូវតាមវិធានការរបស់រដ្ឋបាល រាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌ ដោយមិនឱ្យមានល្បែងស៊ីសង ការជួញដូរមនុស្ស ការធ្វើ អាជីវកម្មផ្លូវភេទ ការផលិត ចែកចាយ និងការប្រើប្រាស់គ្រឿងញៀន បានចំនួន ១១២ទីតាំង។
របាយការណ៍របស់លោកអភិបាលខណ្ឌ សក់ ច័ន្ទកញ្ញារិទ្ឋ បានបញ្ជាក់ថា ក្រុមការងារចុះត្រួតពិនិត្យហាងបញ្ជាំ នៅក្នុងខណ្ឌពោធិ៍សែនជ័យ មានទីតាំងអាជីវកម្មហាងបញ្ចាំសរុបចំនួន ១៧ទីតាំង ក្នុងនោះស្ថិតនៅសង្កាត់កាកាបទី១ ចំនួន០២ទីតាំង សង្កាត់ចោមចៅទី១ ចំនួន០២ទីតាំង សង្កាត់ចោមចៅទី២ ចំនួន០២ទីតាំង និងសង្កាត់ចោមចៅទី៣ ចំនួន១១ទីតាំង។
បើតាមរបាយការណ៍របស់លោក សក់ ច័ន្ទកញ្ញារិទ្ឋ បានបន្តថា គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះពិនិត្យបានចំនួន០៤ទីតាំង រកឃើញម៉ូតូសរុប ចំនួន ៩២គ្រឿង មានឯកសារត្រឹមត្រូវ ក្នុងនោះ៖ សង្កាត់កាកាបទី១ នៅភូមិត្រពាំងល្វា២ ចំនួន០១ទីតាំង រកឃើញម៉ូតូចំនួន ០៦គ្រឿង មានឯកសារត្រឹមត្រូវ។ សង្កាត់ចោមចៅទី១ នៅភូមិត្រពាំងថ្លឹង១ ចំនួន០១ទីតាំង រកឃើញម៉ូតូចំនួន ១២គ្រឿងមានឯកសារត្រឹមត្រូវ។ សង្កាត់ចោមចៅទី៣ នៅភូមិព្រៃទា១ ចំនួន០២ទីតាំង រកឃើញម៉ូតូចំនួន ៧៤គ្រឿង មានឯកសារត្រឹមត្រូវ។ ហើយបច្ចុប្បន្នយើងកំពុងតែស្វែងរកទីតាំងផ្សេងៗទៀត ដែលលួចបើកអាជីវកម្មហាងបញ្ចាំ និងទីតាំងឃ្លាំងដែលគ្មានច្បាប់អនុញ្ញាត ដែលអាចជាកន្លែងផ្តល់មធ្យោបាយរកស៊ីទទួលផលចោរកម្ម ស្ថិតក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ។
នៅក្នុងកិច្ចប្រជុំនិងសំណេះ សំណាលជាមួយអាជ្ញាធរពាក់ព័ន្ធ ក្នុងខណ្ឌពោធិ៍សែនជ័យ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញក៏បានមើលឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់គណៈអភិបាលខណ្ឌ ក៏ដូចជាមន្ត្រីក្រោមឱវាទក្នុងការធ្វើឲ្យប្រសើរឡើងថែមទៀត នូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
លោក ឃ្លាំង ហួត ក៏បានសង្កត់ធ្ងន់អំពីអនុសាសន៍ណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានទទួលនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល លើការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ក៏ដូចជាហាងបញ្ចាំនៅក្នុងដែនដីរាជធានីភ្នំពេញ ឲ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់បំផុត។
លោក ឃ្លាំង ហួត ក៏បានជំរុញឲ្យគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ត្រូវយករឿងនេះជាបញ្ហាគោលក្នុងការអនុវត្តឲ្យបានជាពិសេសគឺត្រូវទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាល ព្រោះសេចក្តីសុខរបស់ប្រជាពលរដ្ឋ គឺជាការទទួលខុសត្រូវរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់។ លោកអភិបាលរងរាជធានី ចាត់ទុកល្បែងស៊ីសងខុសច្បាប់ គឺបាននាំមកនូវអស្ថេរភាពសង្គម ហើយទីតាំងបញ្ចាំខុសច្បាប់ គឺជាកន្លែងដែលផ្តល់នូវប្រភពហិរញ្ញវត្ថុ ដែលបង្កើតឲ្យមានល្បែងខុសច្បាប់ អំពើចោរកម្ម និង ការប្រើប្រាស់គ្រឿងញៀន។
លោក ឃ្លាំង ហួត បញ្ជាក់ថា ក្រោយពេលដែលអភិបាលរាជធានីភ្នំពេញ បានដាក់ចេញនូវវិធាន ការដ៏ក្តៅគគុកនេះកន្លងមក គឺសង្កេតឃើញថា ក្នុងរាជធានីភ្នំពេញ អំពើចោរកម្ម អំពើលួចឆក់ប្លន់ គឺមិនមានសកម្មភាព កើតឡើងនោះទេ។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ក៏បានសំដែងនូវការសាទរ ចំពោះសកម្មភាពនៃយុទ្ធនាការដ៏មានសារសំខាន់មួយនេះ ហើយប្រជាពលរដ្ឋសូមឱ្យអាជ្ញាធរបន្តសកម្មភាពនេះ ដូចភ្លៀងរលឹម ដើម្បីឲ្យប្រាកដថា រាជធានីភ្នំពេញ គ្មានល្បែងស៊ីសងខុសច្បាប់ និងគ្មានហាងបញ្ចាំ ដែលធ្វើការរកស៊ីលើកកម្លាំងញើសឈាមនិងគំនរទុក្ខលំបាករបស់ប្រជាពលរដ្ឋនោះតទៅទៀត។
ដើម្បីឲ្យការងារនេះ កាន់តែមានប្រសិទ្ធភាពថែមទៀតនោះ លោក ឃ្លាំង ហួត សុំឲ្យគណៈបញ្ជាការឯកភាពខណ្ឌ យកបញ្ហានេះ ធ្វើជាប្រធានបទ ក្នុងការអនុវត្តតួនាទីភារកិច្ច ប្រចាំថ្ងៃរបស់ខ្លួន ឲ្យបានខ្ជាប់ខ្ជួន និងមានរបាយការណ៍ជាប្រចាំ ជូនទៅថ្នាក់លើ ដើម្បីឲ្យបានដឹងកាន់តែច្បាស់ អំពីសកម្មភាពរបស់ខ្លួន ក្នុងការអនុវត្តនៅអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ៕