(ពោធិ៍សាត់)៖ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ទៅតាមទំនៀមទម្លាប់ប្រពៃណីខ្មែរយើង ដែលមានតាំងពីបុរាណកាលមក, រដ្ឋបាលខេត្តពោធិ៍សាត់ ក្រោមគំនិតផ្តួចផ្តើមរបស់លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានរៀបចំព្រឹត្តិការណ៍ប្រណាំងទូក «ង» ខ្នាតអន្តរជាតិឡើងវិញ ជាលើកទី៣ ដែលមានរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៦-១៨ ខែតុលា ឆ្នាំ២០២២ នឹងបានបញ្ចប់ដោយជោគជ័យ ព្រមទាំងបង្កលក្ខណៈឱ្យមានភាពសប្បាយរីករាយយ៉ាងខ្លាំង ដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋមកពីគ្រប់ទិសទី ជាពិសេសមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមទស្សនា និងដើរលេងកម្សាន្តរហូតទៅដល់ ជាង១៧ម៉ឺននាក់។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់, លោក ចេង ឡៃ អភិបាលខេត្តស្តីទី តំណាងលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងបានការចូលរួមពីសំណាក់លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង៧ សមាជិកាសាខាសមាគមនារីខេត្ត ព្រមទាំងយុវជន យុវនារី និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ថ្លែងក្នុងពិធីបិទការប្រគួតនាល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ម្សិលមិញនេះ លោក ម៉ក់ រ៉ា បានឱ្យដឹងថា ពិធីបុណ្យអុំទូក គឺមានតាំងពីដូនតាមកម្ល៉េះ យើងអាចធ្វើពិធីនេះបាន ដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកសូមឱ្យបងប្អូនប្រជាពលរដ្ឋ នាំគ្នាថែរក្សាសុខសន្តិភាពដែលរកបានដោយកម្រនេះ ឱ្យបានគង់វង្ស ដើម្បីយើងបានរួមគ្នាប្រារព្ធពិធីប្រណាំងទូកនេះ ជារៀងរាល់ឆ្នាំ និងមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ជាការពិតណាស់ថា ដូចប៉ុន្មានឆ្នាំកន្លងទៅ ពិភពលោកបានជួបវិបត្តិសកល រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលការណ៍ វិធានការនានាបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ក្នុងការគ្រប់គ្រងឆ្លើយតបជំងឺឆ្លងរាតត្បាត ជាសាកលកូវីដ១៩ ដើម្បីសង្គ្រោះ ការពារអាយុជីវិតប្រជាជន និងពុះពារជម្នះ ដោះស្រាយបញ្ហាប្រឈមនានា បណ្តាលមកពីវិបត្តិនៃជំងឺ។ ជាមួយគ្នានោះខេត្តពោធិ៍សាត់ ពិតមានជាមានកិត្តិយសខ្លាំងណាស់ ដោយរៀបចំនូវព្រឹត្តិការណ៍ប្រណាំងទូក «ង» ឆ្នាំ២០២២នេះឡើងវិញ ក្រោយពីអាក់ខានរៀបចំរយៈពេល២ឆ្នាំ ដោយសារការរីករាលដាលជំងឺកូវីដ១៩។
ប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា ការប្រណាំងទូក «ង» នៅខេត្តពោធិ៍សាត់ឆ្នាំនេះ មានរបៀបរៀបរយល្អជាងឆ្នាំមុនៗ ទាំងសន្តិសុខ សណ្ដាប់ធ្នាប់ ទាំងកីឡាករអុំទូក និងការអនាម័យបរិស្ថាន ជាពិសេសមានភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ ចូលរួមទស្សនាជាង១៧ម៉ឺននាក់ បើប្រៀបធៀបនឹងឆ្នាំ២០១៩មុនវិបត្តិកូវីដ គឺមានតែជាង៧ម៉ឺននាក់ប៉ុណ្ណោះ។ ជាមួយគ្នានោះឆ្នាំនេះយើងមានការដាក់តាំងពិព័រណ៌លក់ផលិតផលនានា និងទំនិញផ្សេងៗ និងពេលរាត្រី មានបាញ់កាំជ្រួចព្រោងព្រាត ញ៉ាំងឱ្យភ្ញៀវដែលមកទស្សនាកាន់តែពុះកញ្ជ្រោល។
លោកក៏សូមថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ ប្រគេនព្រះមេគណ ព្រះអនុគណ និងឯកឧត្តម លោក លោកស្រី និងសប្បុរសជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភថវិកា និងសម្ភារៈ គាំទ្រដល់ដំណើរការកម្មវិធី និងសូមកោតសរសើរដោយស្មោះ ចំពោះគ្រប់អនុគណៈកម្មការទាំង៦របស់ខេត្ត ដែលខិតខំប្រឹងប្រែងរៀបចំអស់ពីកម្លាំងកាយ ប្រាជ្ញាស្មារតី ដើម្បីសម្រេចបានលទ្ធផលគួរជាទីមោទនៈ។
បើតាមការផ្ដល់ព័ត៌មានពីគណៈកម្មការបច្ចេកទេស បានឱ្យដឹងថា ទូក«ង» ដែលចូលរួមប្រកួតប្រជែងមានចំនួន ២៦ទូក ស្មើនឹង១៣គូ មកពីបណ្ដាមន្ទីរអង្គភាពនានាជុំវិញខេត្ត វត្តអារាម វិស័យឯកជន និងក្រុងស្រុកទាំង០៧ ក្នុងខេត្តពោធិ៍សាត់ ដែលមានឯកសណ្ឋានចម្រុះព័ណ៌។
សូមបញ្ជាក់ថា នៅថ្ងៃបញ្ចប់ នៃការប្រណាំងទូក «ង» រយៈពេល៣ថ្ងៃនេះ យើងបានរកឃើញទូក ដែលទទួលបានពានរង្វាន់ផែនលេខ១ មានចំនួន០៤ទូក ក្នុងមួយទូកទទួលបានពានរង្វាន់១ ទង់ជ័យលាភីលេខ១ ប័ណ្ណសរសើរ១ និងថវិកា៣លានរៀល, ពានរង្វាន់ផែនលេខ២ មានចំនួន១០ទូក ក្នុងមួយទូកទទួលបានទង់ជ័យលាភីលេខ២ ប័ណ្ណសរសើរ១ និងថវិកា២លានរៀល, ពានរង្វាន់ផែនលេខ៣ មានចំនួន០៩ទូក ក្នុងមួយទូកទទួលបានទង់ជ័យលាភីលេខ៣ ប័ណ្ណសរសើរ១ និងថវិកា១លានរៀល និងពានរង្វាន់ផែនលេខ៤ មានចំនួន០៣ទូក ក្នុងមួយទូកទទួលបានទង់ជ័យលាភីលេខ៤ ប័ណ្ណសរសើរ១ និងថវិកា១លានរៀល។ ដោយឡែកទូកនីមួយៗ ក៏ទទួលបានការឧបត្ថម្ភបន្ថែម ពីសប្បុរសជនផ្សេងៗផងដែរ៕