(ស្ទឹងត្រែង)៖ កិច្ចប្រជុំវិសាមញ្ញលើកទី១៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ត្រូវបានរដ្ឋបាលខេត្តរៀបចំឡើងនៅព្រឹក្សាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ក្នុងគោលបំណងពិនិត្យនិងអនុម័តសេចក្តីព្រាងសម្រេចស្តីពីការបែងចែកតួនាទី ភារកិច្ច រៀបរបបធ្វើការងារជូនដល់គណៈអភិបាលខេត្តស្ទឹងត្រែង។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង លោកស្វាយ សំអ៊ាង អភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
លោក ឈាង ឡាក់ បានឲ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីមានការស្នើសុំពីគណៈអភិបាលខេត្តស្ទឹងត្រែង ដើម្បីពិនិត្យនិងអនុម័តសេចក្តីព្រាងសម្រេចស្តីពីការបែងចែកតួនាទី ភារកិច្ច រៀបរបបធ្វើការងារជូនដល់គណៈអភិបាលខេត្តស្ទឹងត្រែងដែលទើបនិងប្រកាសតែងតាំងថ្មីកន្លងមកនេះ។
លោកបន្តថា បើកកិច្ចប្រជុំវិសាមញ្ញលើកទី១៨ អាណត្តិទី៣ អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលបាន ធ្វើវិសោធនកម្មត្រង់មាត្រា១៤០ រាជរដ្ឋាភិបាល បានសម្រេចដាក់ចេញអនុក្រឹត្យលេខ ១១៩ អនក្រ.បក ដោយបានធ្វើការកំណត់នូវចំនួនគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មានការកើនឡើង ក្នុងនោះសម្រាប់គណៈអភិបាលខេត្ត បានកើនឡើងពី៧ រូប ទៅ១១រូប ការកែសម្រួលបន្ថែមនេះ ស្របទៅនឹងការកែសម្រួលរចនាសម្ព័ន្ធ ប្រព័ន្ធ អភិបាលកិច្ច និងមុខងាររបស់រដ្ឋបាលនៅថ្នាក់ក្រោមជាតិ ដើម្បីធានាឱ្យការអនុវត្តតួនាទីភារកិច្ចអភិបាល និងអភិបាលរង ប្រកបដោយប្រសិទ្ធភាព មានសាមគ្គីភាពផ្ទៃក្នុង និង មានស្មារតីទទួលខុសត្រូវក្នុងការបំពេញការងារស្របតាមគោលនយោបាយ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាល ថ្នាក់ក្រោមជាតិ។
លោក ស្វាយ សំអ៊ាង និយាយថា ដោយមានភាពចាំបាច់ទើបគណៈអភិបាលខេត្តស្ទឹងត្រែងបានស្នើដល់ក្រុមប្រឹក្សារៀបចំកិច្ចប្រនេះឡើង ដើម្បីពិនិត្យនិងធ្វើការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងាររបស់គណៈអភិបាលខេត្តស្ទឹងត្រែង។ ការដាក់ជូនក្រុមប្រឹក្សាពិនិត្យនិងអនុម័តនេះសេចក្តីព្រាងនេះ ធ្វើឡើងស្របតាមច្បាប់បទដ្ឋានគតិយុត្ត និងដើម្បីឲ្យគណៈអភិបាលមានតួនាទីភារកិច្ចចូលរួមក្នុងការអនុវត្តការងារ ការអភិវឌ្ឍន៍ខេត្តឲ្យមានភាពរីកចំរើន។
លោកបន្តថា ការបែងចែកតួនាទីភារកិច្ចការងាតនេះ នឹងធ្វើឱ្យដំណើរការការងារក្នុងរដ្ឋបាលខេត្ត បានរួមចំណែកផ្ដល់នូវផលប្រយោជន៍ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ជូន ជាតិមាតុភូមិ និងប្រជាជនជាក់ជាពុំខាន។ លើសពីនេះ ក៏នឹងបង្កើតបាននូវសុខដុមនីយ កម្មលើគ្រប់ការដ្ឋាន វិស័យការងារ ដើម្បីធានាដល់ការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ សង្គម ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយការទទួលខុសត្រូវ មានការឆ្លើយតបតម្រូវការជាក់ស្ដែង និងទទួលបានការពេញ ចិត្ត ការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃនិងគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងការដឹកនាំរបស់រដ្ឋបាលខេត្តផងដែរ។
ជាមួយគ្នានេះសមាជិកក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានកោតសរសើដល់ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែងដែលបានខិតខំអភិវឌ្ឍន៍ខេត្តឲ្យមានសន្តិសុខសណ្តាប់ធ្នាប់ល្អនិងរីកចំរើន ហើយសង្ឃឹមជឿជាក់ថា បន្ទាប់ពីបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងាររបស់គណៈភារកិច្ចអភិបាល និងអភិបាលរង និងអនុវត្តការងារប្រកបដោយប្រសិទ្ធភាព មានសាមគ្គីភាពផ្ទៃក្នុង និង មានស្មារតីទទួលខុសត្រូវក្នុងការបំពេញការងារស្របតាមគោលនយោបាយ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាល ថ្នាក់ក្រោមជាតិ៕