(ភ្នំពេញ)៖ ព័ត៌មានសម្ងាត់បានបន្តបែកធ្លាយចេញពីផ្ទៃក្នុង គណបក្សសង្គ្រោះជាតិបានឲ្យដឹងថា គណបក្សប្រឆាំងមួយនេះកំពុងជួបវិបត្តិផ្ទៃក្នុង ក្បាលម៉ាស៊ីនដឹកនាំ និងច្របូកច្របល់ក្នុងចំណោមសកម្មជន កំពុងបាក់ស្រុតទឹកចិត្តដោយសារតែគំនាបបញ្ហា កឹម សុខា !។

មនុស្សជំនិតរបស់លោក សម រង្ស៊ី បានលួចបង្ហើប និងទម្លាយឲ្យដឹងថា មានមនុស្សក្នុងក្បាលសំខាន់ៗរបស់គណបក្សសង្គ្រោះជាតិ បានសួរយោបល់ភរិយាលោក សម រង្ស៊ី គឺលោកស្រី ជូឡុង សូមួរា ថា៖ «តើត្រូវបន្តការពារ កឹម សុខា ដែលមិនអាចសង្គ្រោះបាននេះ? ឬទុកបណ្តែតបណ្តោយឲ្យ កឹម សុខា អូសបក្សឲ្យធ្លាក់ក្នុងស្ថានភាពដូចបច្ចុប្បន្ន? ឬទុកឲ្យបក្សទាំងមូលបែកបាក់ និងបន្តធ្លាក់ចុះកាន់តែដុនដាប? គេបានដឹងហើយថា បក្សកាន់អំណាច និងរដ្ឋាភិបាលនឹងមិនរវល់ក្នុងរឿងនេះទេ»។

មនុស្សរបស់លោក សម រង្ស៊ី ដដែលរូបនោះបានបន្តថា «ឥឡូវនេះ កឹម សុខា អូសគណបក្សទាំងមូលចូលរុន្ធក្តាមហើយ ! លាក់ក្បាលក៏មិនជិត ហើយនៅគូថកណ្តាលវាលទៅទៀត។ ពីមុនហ៊ានចុះទៅមូលដ្ឋាន។ តែឥឡូវគណបក្សបានកំពុងកម្រិតដីដើរមករួញនៅត្រឹមជ្រកក្នុងស្នាក់ការបក្ស លាក់មុខដូចសត្វពង្រូលចេញទៅណាមិនរួច។ ការកែនកម្លាំងឲ្យមកយាមប្រចាំការក៏ស្ទើរតែលែងបាន។ ជំនួយក៏ខើច ហើយប្រជាជនក៏ឈប់ជួយបាយទឹកទៀតហើយ» ។

ការសម្ងាត់ផ្ទៃក្នុងបានឲ្យដឹងទៀតថា នៅរសៀលថ្ងៃទី១០ ខែមិថុនានេះ ដោយសារតែកម្លាំងគាំទ្រថយចុះ គណបក្សនឹងកោះប្រជុំផ្ទៃក្នុងជាមួយ មេដឹកនាំប្រតិបត្តិ ទាំង២៥ខេត្តក្រុង ដើម្បីដាក់ផែនការសកម្មភាពជាថ្មី ក្នុងការកែនកម្លាំង ជាពិសេសដើម្បីគាំទ្រយុទ្ធនាការហែញត្តិនៅថ្ងៃទី១៤មិថុនា និងការគ្រោងធ្វើពិធីមួយទៀតនៅមុខអង្គរតូច ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៩ មិថុនា។

នៅមុនការប្រជុំនេះមនុស្សម្នាក់បាននិយាយថា កម្លាំងលែងចង់ឡើងមកហើយ ទាំងសកម្មជនចាស់ និងកម្លាំងយុវជន ដោយសារគណបក្សមិនបានជួយផ្តល់ មធ្យោបាយធ្វើដំណើរ និងខ្វះលទ្ធភាពផ្គត់ផ្គង់អាហារ និងទីកន្លែងស្នាក់នៅ ។ ព័ត៌មានសម្ងាត់នោះបានបន្តថា មនុស្សខាង កឹម សុខា បាននិយាយគំរាមដាច់អហង្ការថា បើអ្នកណាមិនឡើងមកភ្នំពេញតាមការចាត់តាំង គឺនឹងត្រូវដោះដូរតួនាទី ឬនឹងប្រឈមការដកតំណែងក្នុងបក្ស ។

ការសម្ងាត់ពីផ្ទៃក្នុងក៏បានឲ្យដឹងទៀតថា មនុស្សជំនិតរបស់លោក សម រង្ស៊ីម្នាក់ទៀតបាននិយាយក្នុងអារម្មណ៍មួរម៉ៅថា គណបក្សសង្គ្រោះជាតិ គឺមានប្រភពកំណើត និងដើមទន់ពីគណបក្ស សម រង្ស៊ី មិនមែនមកពី កឹម សុខា ទេ។ បក្សត្រូវតែឲ្យ កឹម សុខា ដកឃ្លាមួយរយៈ ហើយស្នើសុំឲ្យលោកស្រី ជូឡុង សូមួរា ឡើងកាន់តួនាទីជាប្រធានស្តីទីគណបក្សជំនួសវិញ ដើម្បីស្តារមុខមាត់បក្សឡើងវិញ។

គេបានរាយការណ៍ថា នៅពេលនិយាយដល់រឿងនេះ លោកស្រី ជូឡុងសូមួរា បានសម្តែងអារម្មណ៍មួរម៉ៅហើយតបថា៖ «កុំយកខ្ញុំ[ជាស្ត្រី] ទៅលេងសើច ដើម្បីបិទបាំងរឿង[ផ្លូវភេទ]នេះ»។ មនុស្សដដែលនេះក៏បានលួងលោកស្រី ជូឡុង សូមួរា ហើយបានសួរសំណួរត្រឡប់វិញ៖ «ដូច្នេះលោកជំទាវឯកភាពឲ្យ ឯកឧត្តម ប៉ុល ហំម ឡើងធ្វើជាប្រធានស្តីទីគណបក្សជំនួសវិញ»? លោកស្រី ជូឡុង សូមួរា បានតបម្តងទៀតថា ៖ «ចុះមនុស្សក្នុងគណបក្ស [សម រង្ស៊ី] ទៅណាអស់ហើយ» ?

ព័ត៌មានផ្ទៃក្នុងបានឲ្យដឹងទៀតថា សមាជិកក្នុងកូតា សម រង្ស៊ី កាន់តែច្រើនឡើងបានសម្តែងការខកចិត្ត នៅពេលដែលគណបក្សសង្គ្រោះជាតិទាំងមូល ច្របូកច្របល់លើ «យុទ្ធសាស្ត្រ និងយុទ្ធវិធី» ក្នុងការស្តារគណបក្ស។ ពួកគេខកចិត្ត ជាពិសេសចំពោះករណីដែលបុគ្គល កឹម សុខា យកគណបក្សទាំងមូល ធ្វើជាឡប់ឡែបិទបាំងរឿងរ៉ាវរបស់បុគ្គលខ្លួនឯង។ ការព្រួយបារម្ភជាខ្លាំងរបស់ផ្ទៃក្នុងគឺបញ្ហារបស់ កឹម សុខា កំពុងក្លាយជាគ្រាប់បែកផ្ទុះកណ្តាលផ្ទៃក្នុងបក្ស និងធ្វើឲ្យប៉ះពាល់ប្រជាប្រិយភាពរបស់គណបក្សយ៉ាងធ្ងន់ធ្ងរ ។

ព័ត៌មានសម្ងាត់ដដែលបន្តថា នៅថ្នាក់មូលដ្ឋានវិញ សមាជិកចាប់ផ្តើមសួរគ្នាទៅវិញទៅមក និងបានដាក់ជាសំណួរលើមាគ៌ាដឹកនាំរបស់គណបក្សថា៖ តើគណបក្សកំពុងដើរលើផ្លូវត្រឹមត្រូវ ឬកំពុងដើរលើផ្លូវខុស? ចម្លើយគឺខុស! សមាជិកខ្លះនិយាយថា «នេះជារឿងបុគ្គល!»។ ហេតុនេះត្រូវតែឲ្យ បុគ្គលទទួលខុសត្រូវ។ ហេតុដូចម្តេចក៏យកបក្សទាំងមូល ធ្វើជាទ្រនាប់បិទបាំងរឿងបុគ្គលទៅវិញ ?

ព័ត៌មានផ្ទៃក្នុងពីមន្រ្តី CNRP នៅស្នាក់ការកណ្តាលបានឲ្យដឹងដែរថា កឹម សុខា បន្តបាក់ស្រុតស្មារតី ស្ទើរក្លាយជាមនុស្សស្ទើរបាត់វិញ្ញាណទៅហើយ ដោយសារការអាម៉ាស់ធំក្នុង កំហុសរឿងអាស្រូវផ្ទាល់ខ្លួន ហើយសម្ងំនៅក្នុងបន្ទប់៤ម៉ែត្រ ៤ជ្រុង ។ ចំណែកឯលោក សម រង្ស៊ី ក៏លែងសូវនិយាយស្តី។

ក្តីបារម្ភបែកពីផ្ទៃក្នុង គឺសកម្មជនគណបក្សចាប់ផ្តើមគិតពិចារណាបែងចែករវាង «ត្រូវនិងខុស» «ល្អ និងអាក្រក់» ហើយរកឃើញចំណុចអាក្រក់ របស់ កឹម សុខា។ ចំណែកមហាជនវិញបានបន្តត្មះតិះដៀលលើអំពើអសីលធម៌របស់ កឹម សុខា។

អ្នកតាមដានការវិវត្តន៍នយោបាយបាននិយាយថា ចំពោះបញ្ហាបច្ចុប្បន្នរបស់គណបក្សសង្គ្រោះជាតិ គឺគ្រប់គ្នាអាចចោទជាសំណួរនិងរកឃើញ នូវចម្លើយដ៏សាមញ្ញអំពីភាពទ័លច្រកខាងយុទ្ធសាស្ត្ររបស់គណបក្សសង្គ្រោះជាតិ CNRP ដូចតទៅ៖

១៖ តើ CNRP ចេះប្រើយន្តការច្បាប់ទេ? ចម្លើយគឺ អត់ទេ! អត់ហ៊ានប្រឈមការពិត ។
២៖ តើ CNRP ចេះប្រើយន្តការរដ្ឋសភាជាតិទេ? ចម្លើយគឺ អត់ទេ ! តែកំពុងធ្វើប្រជាភិថុត។
៣៖ តើ CNRP ចេះប្រើតួនាទីជាតំណាងរាស្ត្រទេ? ចម្លើយគឺ អត់ទេ ! ចេះធ្វើត្រឹមអ្នកនយោបាយ។
៤៖ តើ CNRP ហ៊ានចុះទៅមូលដ្ឋានជួបប្រជាជនទៀតទេ? ចម្លើយគឺ អត់ទេ! ពីព្រោះខ្មាសប្រជាជន ហើយទោះបីខំហៅប្រជាជនឲ្យឡើងមកកាន់ស្នាក់ការកណ្តាល ក៏គេឈប់មកដែរ ។

អ្នកតាមដានការវិវត្តន៍នយោបាយដដែល បានវាយតម្លៃបន្តថា ដោយសារតែរឿងអសីលធម៌របស់ កឹម សុខា គឺមិនត្រឹមតែធ្វើឲ្យគណបក្សទ័លច្រកខាងយុទ្ធសាស្ត្រ ពោលគឺបានកំពុងបង្កើតឲ្យមានការខ្វែងគំនិតគ្នារវាងមនុស្សសំខាន់ៗនៅក្នុងគណបក្ស ជាពិសេសមនុស្សក្នុងកូតា សម រង្ស៊ី ដែលកំពុងព្រួយបារម្ភ៤ចំណុចគឺ៖
១៖ ការបែកបាក់ផ្ទៃក្នុងបក្ស
២៖ ការធ្លាក់ប្រជាប្រិយភាពបក្ស
៣៖ ការធ្វើឲ្យបាត់ជំនឿពីប្រជាជន លើសមត្ថភាពដោះស្រាយបញ្ហា ដែលសូម្បីរឿងក្នុងបក្សដោះមិនបានផង តើនឹងមានសមត្ថភាពអ្វី?
៤៖ ភាពបរាជ័យក្នុងការបោះឆ្នោតខាងមុខ៕