(ភ្នំពេញ)៖ គណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់ បានចេញសេចក្តីថ្លែងការណ៍តាមបណ្តាញសង្គម ដោយប្រកាសមិនគាំទ្រនូវការផ្លាស់ប្តូរអំណាចនៅកម្ពុជា តាមរយៈការបង្កើតនូវហិង្សាណាមួយឡើយ។
ការប្រកាសរបស់គណបក្សនយោបាយមួយនេះ បានធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៉ី បានថ្លែងសារថា នឹងវិលមកកម្ពុជាវិញនៅឆ្នាំ២០២៣ ក្នុងគោលបំណងមកផ្តួលរលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលកើតឡើងពីការបោះឆ្នោត ហើយលោកឆ្លៀតអុចអាលប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ គាំទ្រការផ្តួលរំលំនេះថែមទៀត។
តាមរយៈហ្វេសប៊ុក លោក ពេជ្រ ស្រស់ បានបញ្ជាក់ថា «គណបក្សយុវជនកម្ពុជា យើងប្រកាន់ជំហរផ្លាស់ប្តូររបបអំណាចនៅកម្ពុជាតាមការបោះឆ្នោតពីម្ចាស់ឆ្នោត និងស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ហើយពួកយើងមិនលើកទឹកចិត្ត និងមិនគាំទ្រខ្មែរ ឬ ក្រុមណាមួយប្រើប្រាស់ហិង្សា ដើម្បីផ្លាស់ប្តូរអំណាចនៅកម្ពុជាឡើយ ពីព្រោះការបង្ហូរឈាមខ្មែរគ្នាឯងមិនមែនជាជម្រើសល្អនោះទេ ហើយបរទេសជាអ្នកចំណេញពីការបង្ហូរឈាមរវាងខ្មែរ និងខ្មែរគ្នាឯង ព្រមទាំងជាតិខ្មែរនឹងរងទុក្ខវេទនា»។
សូមបញ្ជាក់ថា បន្ទាប់ពីមានការប្រកាសឱ្យកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ផ្តួលរំលំរាជរដ្ឋាភិបាលរបស់ ទណ្ឌិត សម រង្ស៉ី នោះ ស្ថាប័នកងទ័ព ក្រសួងស្ថាប័ន និងអង្គភាពនានា សមាគមក្រៅរដ្ឋាភិបាល ព្រមទាំងគណបក្សនយោបាយ បានចេញញត្តិថ្កោលទោសចំពោះ លោក សម រង្ស៉ី។
ញត្តិទាំងនោះ បានចាត់ទុកសម្តីរបស់ លោក សម រង្ស៉ី ជាអំពើទុច្ចរិតដ៏ធ្ងន់ធ្ងរមិនអាចលើកលែងបាន ដែលបង្កចលាចល ព្យាយាមបំផ្លាញសន្តិភាព និងរំខានសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា៕