(ភ្នំពេញ)៖ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ បានសេចក្តីថ្លែងការណ៍រួមស្តីពីការផ្តល់ការយោគយល់ និងអនុគ្រោះដល់អតិថិជនដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន និងសេចក្តីជូនដំណឹងរបស់ធនាគារជាតិកម្ពុជា។
សមាគមនទាំង២បានបញ្ជាក់ដឹងថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលជាសមាជិករបស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងផ្តល់ការយោគយល់ និងអនុគ្រោះចំពោះអតិថិជនដែលរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់ធ្ងន់ធ្ងរ តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឡើងកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។
ការផ្តល់ជូននេះនឹងត្រូវធ្វើឡើងស្របតាមស្មារតីអង្គប្រជុំរវាងសមាគមទាំងពីរ ជាមួយធនាគារជាតិនៃកម្ពុជា និងយោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ៧ ០២២.៨១៨ ស.ជ.ណ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។
ក្នុងស្មារតីនេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលជាសមាជិករបស់សមាគមទាំងពីរ នឹងផ្តល់កិច្ចសហការល្អក្នុងក្របខណ្ឌកិច្ចការពារអតិថិជន និងបន្តការអនុគ្រោះតាមរយៈការរៀបចំឥណទានឡើងវិញ តាមលក្ខខណ្ឌដែលបានកំណត់ដោយធនាគារជាតិនៃកម្ពុជា។
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាសមាជិកសមាគមទាំងពីរ នឹងពិនិត្យលទ្ធភាពផងដែរ ក្នុងការបន្ធូរបន្ថយអត្រាការប្រាក់ និងកម្រៃ
ផ្សេងៗ ពាក់ព័ន្ធនឹងឥណទាន និង/ឬ លើកលែងការផាកពិន័យ និងចៀសវាងការរឹបអូសទ្រព្យធានា របស់អតិថិជនប្រកបដោយការយោគយល់ និងអធ្យាស្រ័យខ្ពស់ ស្របតាមស្ថានភាពជាក់ស្តែងរបស់អតិថិជន៕