(ភ្នំពេញ)៖ យោងតាមទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃនេះបានបង្ហាញថា «សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺជាវិរបុរសជាតិ ដែលបានលះបង់ និងបូជាគ្រប់យ៉ាងដើម្បីសន្តិភាព និងអាយុជីវិតប្រជាពលរដ្ឋ។ សម្តេចតេជោ ជាមេដឹកនាំដែលមានភាពឈ្លាសវៃ និង មានទស្សនៈវិស័យច្បាស់លាស់ ក្នុងការដឹកនាំប្រទេសអោយផុតពីសង្រ្គាម ប្រកបដោយសមត្ថភាព និងថាមពលដែលប្រជាពលរដ្ឋមានជំនឿទុកចិត្ត តាំងពីអតីតកាល បច្ចុប្បន្នកាល និងទៅអនាគត។ សម្តេចតេជោ ហ៊ុន សែន គឺជាគ្រឹះសន្តិភាព និងការរីកចម្រើនសម្រាប់កម្ពុជាយើងទាំងមូល»។
ក្រោយពីមានការបង្ហោះសារខាងលើនេះ ក៏មានប្រជាពលរដ្ឋជាច្រើនបានចូលរួមឆ្លើយតប ជា Comment តបទៅសម្តេចតេជោវិញ ក្នុងនោះមានប្រជាពលរដ្ឋ ម្នាក់បាននិយាយថា «សូមគោរពសម្តេចដ៏ខ្ពង់ខ្ពស់ នឹងសូមជូនពរសម្តេចមានព្រះសុខភាពល្អ រឹងមាំ ដើម្បីដឹកនាំកម្ពុជា នឹងជាម្លប់សន្តិភាពរបស់ប្រជាពលរដ្ឋ ទូទាំងប្រទេសមានសម្តេច ប្រទេសជាតិ មានការរីកចំរើន និងការអភិវឌ្ឍន៍ ប្រទេសសម្បូរបែបសព្វថ្ងៃ សម្តេចលោកពិតជាមហាវីរៈបុរស សន្តិភាព របស់កម្ពុជា សូមព្រះតាមថែរក្សាសម្តេច ឈ្នះៗសម្តេច ២០១៨»។
កាលពីពេលថ្មីនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍អរគុណចំពោះប្រជាពលរដ្ឋខ្មែរ ដែលបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា ក៏ដូចជា គាំទ្រសម្តេចបន្តការដឹកនាំប្រទេស ក្នុងរយៈពេលជាង៣៧ឆ្នាំកន្លងមកនេះ។ ក្រៅពីសម្តេចក៏សង្ឃឹមទៀតថា ប្រជាជនកម្ពុជា នឹងបន្តគាំទ្រសម្តេចទៀតផងដែរ៕