(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា កម្ពុជាជាប្រទេសទី៤ ក្នុងចំណោ៤៤ប្រទេស ដែលបញ្ជូននិស្សិតទៅសិក្សានៅប្រទេសបារាំងច្រើនជាងគេ។
ជាមួយគ្នានេះ លោកបានជំរុញលើកទឹកចិត្ដដល់និស្សិតគ្រប់រូប ត្រូវខិតខំសិក្សារៀនសូត្រ ឱកាសល្អមិនរើសអ្នកមាន ឬក្រ អាស្រ័យទៅលើការខិតខំ។
ការថ្លែងបែបនេះរបស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក្នុងពិធីសំណេះសំណាលជាមួយនិស្សិតវេជ្ជបណ្ឌិតឯកទេស ដែលត្រូវបន្តការសិក្សានៅសាធារណៈរដ្ឋបារាំង ក្នុងឆ្នាំ២០២២ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ដែលមានការអញ្ជើញចួលរួមពី លោក Jaques Pellet ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ប្រចាំកម្ពុជាផងដែរ។
លោកបន្ដថា «ជាក់ស្ដែងនៅឆ្នាំ២០២២នេះ និស្សិតពេទ្យកម្ពុជាយើងចំនួន ៧៥នាក់ទៀត ដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង នេះជាកិត្ដិយសណាស់សម្រាប់ប្រទេសជាតិយើង គ្រួសារ ជាពិសេសគឺខ្លួនរបស់យើងផ្ទាល់»។
ក្នុងឱកាសនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងជំរុញលើកទឹកចិត្ដ ដល់និស្សិតដែលទទួលបានអាហារូបករណ៍ទៅបារាំងថា «ត្រូវខិតខំរៀនសូត្រ រៀនច្រើនកាលណា ល្អកាលហ្នឹង ព្រោះថាចំណេះកើតចេញពីការរៀនសូត្រ ភាពប៉ិនប្រសព្វកើតពីការប្រតិបត្ដិ និងបទពិសោធន៍។ និស្សិតដែលទៅរៀនទីនោះ គួរជ្រើសរើសកន្លែងស្នាក់នៅក្នុងមន្ទីរពេទ្យតែម្ដង ដើម្បីមានឱកាសធ្វើការផ្ទាល់ជាមួយសាស្ដ្រាចារ្យបារំាង ធ្វើច្រើន ចេះច្រើន គេប្រើច្រើន ចេះច្រើន»។
ទន្ទឹមនឹងនោះលោកសាស្ដ្រាចារ្យ បានសម្ដែងការសប្បាយរីករាយដល់និស្សិត ដែលត្រូវទៅសិក្សានៅសាធារណៈរដ្ឋបារំាង និងបានលើកឡើងថា ការទទួលបានអាហារូបករណ៍នេះ ជាការរួមចំណែកមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍនៃប្រទេសជាតិយើង ផ្នែកវិជ្ជសាស្ដ្រក្នុងវិស័យសុខាភិបាល ហើយនេះជាមោទនភាពរបស់សម្រាប់ប្រទេសជាតិយើង ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ដែលពេទ្យរបស់ទទួលបាននូវកិត្ដិយស និងឱកាសគ្រប់បែបយ៉ាង។
ក្នុងឱកាសសំណេះសំណាលជាមួយនិស្សិតកម្ពុជា លោក Jaques Pellet ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ប្រចាំកម្ពុជា បានថ្លែងកោតសរសើរដល់និស្សិតកម្ពុជា ខិតខំរៀនសូត្រ និងរៀនពូកែ ។លើសពីនោះ «លោកសរសើរកម្ពុជា ទោះក្នុងកំលុងរីករាលដាលជំងឺកូវីដ១៩ ឆ្នាំ២០២០-២០២១ និស្សិតកម្ពុជានៅតែមានឱកាសសិក្សារៀនសូត្រ និងទទួលបានអាហារូបករណ៍ទៅបន្ដការសិក្សានៅប្រទេសបារាំងដដែល»។
តាមការបញ្ជាក់របស់លោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានឱ្យដឹងថា ក្នុងឆ្នាំ២០២២នេះ និស្សិតស.វ.ស ចំនួន ៧៥នាក់ (ស្រី២០នាក់) បានទទួល អាហារូបករណ៍បន្តការសិក្សា នៅប្រទេសបារាំង (៦១នាក់ ក្នុងកម្មវិធី DFMS -Diplôme de Formation Médicale Spécialisée និង១៣នាក់ ក្នុងកម្មវិធី DFMSA-Diplôme de Formation Médicale Spécialisée Approfondie) និងអតីតនិស្សិតស.វ.ស ចំនួន ០១នាក់ (ស្រី ០០ នាក់) ធ្វើកម្មសិក្សា (Stagiaires associés) នៅប្រទេសបារាំងផងដែរ។ ក្នុងចំណោមនិស្សិត ៧៥នាក់ ដែលអញ្ជើញទៅបន្តការសិក្សានៅប្រទេសបារាំងនេះ មានបែងចែកជាឯកទេសចំនួន ១៨ ផងដែរ។
លោកសាស្ដ្រាចារ្យ សាផុន វឌ្ឍនៈ បានថ្លែងថា ក្រោមការគាំទ្ររបស់រាជរដ្ឋាភិបាល និងជាពិសេសក្រសួងសុខាភិបាល សាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល បានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ។ គិតមកដល់ពេលបច្ចុប្បន្ននេះ សាកលវិទ្យាល័យ មានដៃគូជាតិ និងអន្តរជាតិ សហការ មានចំនួន ៧២ស្ថាប័ន និងបានចូលជាសមាជិកបណ្តាញសាកលវិទ្យាល័យចំនួន ១០បណ្តាញ។ តាមរយៈកិច្ចសហប្រតិបត្តិការទូលំទូលាយនេះ សាកលវិទ្យាល័យ បានជំរុញការងារ ផ្លាស់ប្តូរសាស្រ្តាចារ្យ និស្សិត ការបង្កើតកម្មវិធីបណ្តុះបណ្តាលរួមគ្នា ព្រមទាំងកម្មវិធី អន្តរជាតិ។
ជាលទ្ធផលនៃកម្មវិធីផ្លាស់ប្តូរសាស្រ្តាចារ្យ មន្រ្តី បុគ្គលិក និស្សិត នៅស.វ.ស ចាប់ពីឆ្នាំ២០១៤ មកដល់បច្ចុប្បន្ននេះ៖
* ស.វ.ស បានទទួលសាស្រ្តាចារ្យបរទេស មកពីប្រទេសបារាំង ជប៉ុន កូរ៉េ និងបណ្តាប្រទេសជាមិត្តនានាដទៃទៀត មកបង្រៀននៅសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល បានចំនួន ៨៣៣នាក់។
* ស.វ.ស បានទទួលនិស្សិតបរទេស រួមមានបារាំង ជប៉ុន Belgique អាឡឺម៉ង់ មកធ្វើកម្មសិក្សានៅប្រទេសកម្ពុជា បានចំនួន ៥២០នាក់។
* បញ្ជូននិស្សិត ស.វ.ស ទៅធ្វើកម្មសិក្សានៅប្រទេសបារាំង ជប៉ុន កូរ៉េ វៀតណាម ឡាវ ម៉ាឡេស៊ី បានចំនួន ៦៦៧នាក់។
* បញ្ជូនមន្រ្តី បុគ្គលិក ទៅបន្តការសិក្សា ឬកម្មសិក្សា នៅបណ្តាប្រទេសដៃគូនានា បានចំនួន ១៦៧ នាក់។
ដោយឡែកចាប់ពីឆ្នាំ១៩៩៦មក តាមរយៈកិច្ចសហប្រតិបត្តិការជាយូរលង់ ជាមួយដៃគូបារាំង ដោយមានការគាំទ្រពីស្ថានទូតបារាំង ប្រចាំកម្ពុជា ស.វ.ស បានបញ្ជូននិស្សិតចុះកម្មសិក្សាតាមមន្ទីរពេទ្យនៅប្រទេសបារាំង ចំនួនពី៣០ ទៅ៥០នាក់ ក្នុងមួយឆ្នាំៗ និងរហូតដល់ឆ្នាំ២០១៩ ចំនួននិស្សិតចុះកម្មសិក្សាតាមមន្ទីរពេទ្យនៅ ប្រទេសបារាំង បានកើនជាបន្តបន្ទាប់ ពី ៥០ ដល់៩០នាក់ ក្នុងមួយឆ្នាំៗ។
ជាសរុប ចាប់ពីឆ្នាំ១៩៩៦ មកដល់ឆ្នាំ២០២១ មាននិស្សិតវេជ្ជសាស្រ្តស.វ.ស (ទូទៅ និងឯកទេស) សរុបចំនួន ៩២៦នាក់ហើយ បានបន្តការសិក្សា ឬធ្វើកម្មសិក្សានៅប្រទេសបារាំង៕