(រតនគិរី)៖ នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ជា ថាវរិទ្ធ អភិបាលរងខេត្តរតនគិរី នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិខេត្តរតនគិរី ចំនួន៣៦រូប។
លោកឧត្តមសេនីយ៍ទោ នួន កក្កដា អនុប្រធាននាយកដ្ឋានបុគ្គលិក តាមរយៈអនុក្រឹត្យ និងសេចក្ដីប្រកាស បានឲ្យដឹងថា ក្នុងពិធីនេះមានការតែងតាំងស្នងការរង ចំនួន៤រូប, ផ្ទេរភារកិច្ចចំនួន២០រូប និងបំពាក់ឋានន្តរស័ក្តិចាប់ពីអនុសេនីយ៍ឯក រហូតដល់វរសេនីយ៍ឯក ចំនួន១២រូប។
ក្នុងឱកាសនោះ លោក ជា ថាវរិទ្ធ និងនាយឧត្តមសេនីយ៍ ប៉ែន វិបុល បានផ្តាំផ្ញើនាយ-នាយរងទាំងអស់ ទើបទទួលតំណែង និងតម្លើងឋានន្តរស័ក្តិនាពេលនេះ ត្រូវខិតខំបំពេញភារកិច្ចដែលថ្នាក់លើប្រគល់ជូន អនុវត្តតួនាទីភារកិច្ច តាមឋានានុក្រម ដើម្បីបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ។ ការប្រកាសតែងតាំង និងតម្លើងឋានន្តរស័ក្តិ ដោយសារគុណបំណាច់នៃការខិតខំប្រឹងប្រែងធ្វើការ មិនខ្លាចនឿយហត់កន្លងមក រីឯអ្នកមិនទាន់បានតែងតាំង និងបំពាក់ឋានន្តរស័ក្ដិ ថ្នាក់លើនឹងរៀបចំជូនពេលក្រោយ។
នាយឧត្តមសេនីយ៍ ប៉ែន វិបុល បានណែនាំឲ្យរក្សាសាមគ្គីភាពផ្ទៃក្នុងល្អ, មានទំនាក់ទំនងល្អជាមួយមន្ទីរអង្គភាព ស្ថាប័នផ្សេងៗ អនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលឲ្យបានល្អប្រសើរ៕