(ភ្នំពេញ)៖ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះស្ថាបនិក ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ បានថ្វាយព្រះពរ និងអរព្រះរាជគុណ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។
ព្រះរាជសារបស់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី មានបន្ទូលថា «អាត្មាភាព សូមថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅជាទីបំផុតថ្វាយចំពោះ ព្រះករុណា ជាអម្ចាស់ ដែល ព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន អង្គព្រះកឋិនព្រះរាជទ្រព្យ ដង្ហែរថ្វាយប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សា ក្នុងវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីកសាងអគារសិក្សាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា កាលពីថ្ងៃទី១១ និងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ដែលបានទទួលព្រះរាជទ្រព្យក្នុង អង្គព្រះកឋិនទានទាំងអស់សរុបជាបច្ច័យរៀលចំនួន ២៨៩,២១០,០០០,០០ រៀលគត់ (ពីររយប៉ែតសិបប្រាំបួនលាន ពីររយរាប់ពាន់រៀលគត់) ជាបច្ច័យដុល្លាចំនួន ៧០,៥០៨,០០ ដុល្លា (ប្រាំពីរម៉ឺន ប្រាំរយបួនដុល្លាគត់)»។
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី សូមលើកនូវព្រះរាជមហាកុសលដ៏វិសេសថ្លៃថ្លាបំផុតនេះ ឧទ្ទិសថ្វាយចំពោះដួងព្រះរាជវិញ្ញាណក្ខន្ធ «ព្រះករុណាព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ ប្រជារាស្ត្រខ្មែរ សូមព្រះអង្គទ្រង់គង់ជាព្រះបរមសុខក្សេមក្សន្ត ក្នុងព្រះបរមសុគតិភពឋានសួគ៌ឋាននិព្វាធ កុំបីឃ្លៀងឃ្លាតឡើយ។
ខាងក្រោមនេះជាសារលិខិតរបស់ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី៖