Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក សួន សេរីរដ្ឋា៖ មេឃុំម្នាក់បានគំរាមសកម្មជនបក្សអំណាចខ្មែរ រឿងចែកលិខិតអញ្ជើញឲ្យចូលរួមវេទិកានយោបាយ

10-06-2016 10:16

(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានអះអាងថា នាថ្មីៗនេះ នៅឃុំផ្លូវមាស នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានមេឃុំម្នាក់បានគំរាមកំហែង ដល់សកម្មជនរបស់លោក រឿងចែកលិខិតអញ្ជើញប្រជាពលរដ្ឋមូលដ្ឋាននោះ ឱ្យចូលរួមក្នុងវេទិកា​នយោបាយ របស់គណបក្សអំណាចខ្មែរ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ ស្អែកនេះ។

លោក សួន សេរីរដ្ឋា បានប្រាប់ឱ្យដឹងថា «ឥឡូវនេះខ្ញុំ បញ្ជូនតំណាងរបស់ខ្ញុំ រួមមានលោក នាង ផៃ ប្រធានគណៈកម្មាធិការសកម្មភាពចលនាពលរដ្ឋ និងលោក សេរី ប៊ុនឡុង ប្រធានតំបន់ប្រតិបត្តិភូមិភាគខាងលិច ឲ្យចុះទៅធ្វើការដេកនៅជាមួយសកម្មជន ដើម្បីការពារបេក្ខជនសកម្ម ក្នុងឃុំ ហើយបើនៅតានតឹង យប់ស្អែកខ្ញុំ នឹងចុះទៅដេកនៅទីនោះ ជាមួយសកម្មជននិងអ្នកគាំទ្រ ដើម្បីបន្តធ្វើកម្មវិធីតាមពេលនឹងថ្ងៃកំណត់»

Fresh News នៅមិនទាន់អាចទំនាក់ទំនងសុំការបកស្រាយពី មេឃុំផ្លូវមាស បាននៅឡើយទេ នៅព្រឹកថ្ងៃទី១០ ខែមិថុនានេះ៕